ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធានាធិបតី ត្រាំ បញ្ជា​ឱ្យ​ដាក់​ពន្ធ​ថ្មី ៥០% លើ​ទំនិញ​មួយ​ចំនួន​របស់​កា​ណា​ដា

6 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​សម្រេច​ដាក់​ពន្ធ ៥០% លើ​ទំនិញ​ភាគច្រើន​របស់​ប្រទេស​កា​ណា​ដា ដោយ​បាន​ប្រកាស​ថា កា​ណា​ដា​បាន​រើសអើង​ដោយ​អយុត្តិធម៌​លើ​រថយន្ត គ្រឿង​ស្រវឹង និង​ផលិតផល​ទឹកដោះគោ​របស់​សហរដ្ឋអាមេរិក​។ នេះ​បើ​តាម​ប្រភព​ពី AP និង Reuters បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦​។

សេត​វិមាន​បាន​បញ្ជាក់​ថា ពន្ធគយ​ទាំងនេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ក្នុង​រយៈពេល ៣០ ថ្ងៃ​ទៀត ដែល​មាន​ន័យ​ថា នៅ​មាន​ពេល​សម្រាប់​កិច្ចចរចា​។ ពន្ធ​ថ្មី​នេះ នឹង​ត្រូវ​អនុវត្ត​ចំពោះ​ផលិតផល​ទឹកដោះគោ គ្រឿងសង្ហារិម ដងសន្ទូច គ្រាប់ពូជ​ដំណាំ សម្លៀក​បំពាក់ និង​សក់​ពាក់ ព្រមទាំង​ទំនិញ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ដ្បិត​កា​ណា​ដា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តែ​ពីរ​គត់ បន្ទាប់​ពី​ប្រទេស​ចិន ដែល​បាន​ចាត់វិធានការ​សងសឹក​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​របស់​លោក ត្រាំ កាលពី​ឆ្នាំ​មុន​។

ការ​ដំឡើង​ពន្ធ ៥០% ថ្មី​នេះ នឹង​មិន​រាប់​បញ្ចូល​ផលិតផល​ថាមពល រ៉ែ​ប៉ូ​តា​ស្យូ​ម ត្រី និង​រ៉ែ​សំខាន់​ៗ​នោះ​ទេ ប៉ុន្តែ​រាប់​បញ្ចូល​ទាំង​ទំនិញ​ដែល​ធ្លាប់​ត្រូវ​បានការ​ពារ​ពី​មុន​មក​ពី​ការ​ជាប់ពន្ធ​នាំ​ចូល ដោយ​កិច្ចព្រមព្រៀង​សហរដ្ឋអាមេរិក​-​ម៉ិ​ក​ស៊ិ​ក​-​កា​ណា​ដា (USMCA) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្នាំ​២០២០​នោះ មិន​ត្រូវ​បាន​សហរដ្ឋអាមេរិក​បន្ត​សុពលភាព​ឡើង​វិញ​ទេ ដែល​វា​បាន​ជំរុញ​ឱ្យ​មានការ​ចរចា​ជា​ថ្មី​ដែល​អាច​អូស​បន្លាយពេល​រហូត​ដល់​ឆ្នាំ ២០៣៦​។

តាម​រយៈ​វិធានការ​នេះ អាច​បង្ក​ឱ្យ​ភាព​វឹកវរ​ផ្នែក​សេដ្ឋកិច្ច​សា​ជា​ថ្មី ព្រមទាំង​ហានិភ័យ​នៃ​អតិផរណា​កាន់តែ​ខ្ពស់ និង​ការ​រង្គោះរង្គើ​បន្ថែម​ទៀត​ដល់​ទំនាក់ទំនង​វាង​ប្រទេស​ទាំង​ពីរ ដែល​ធ្លាប់តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​យ៉ាង​ខ្លាំង មុន​ពេល​លោក ត្រាំ ត្រឡប់​មក​កាន់​សេត​វិមាន​វិញ​។

នៅ​ក្នុង​ការ​សម្រេចចិត្ត​ដាក់​ពន្ធ​នាំ​ចូល​លើ​ទំនិញ​ជា​ច្រើន​ប្រភេទ​លើ​កា​ណា​ដា រាប់​ចាប់តាំងពី​ស្រា​ទំពាំងបាយជូរ រហូត​ដល់​ស៊ីម៉ង់ត៍ និង​ឧបករណ៍​កីឡា​ហុ​ក​គី​លើ​ទឹកកក​បែប​នេះ លោក ត្រាំ បាន​យក​មក​អនុវត្ត​នូវ​មាត្រា ៣៣៨ នៃ​ច្បាប់​ស្តី​ពី​ពន្ធគយ​ឆ្នាំ ១៩៣០ ដែល​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​អាច​កំណត់​ពន្ធ​ពិន័យ​រហូត​ដល់ ៥០% ប្រឆាំង​នឹង​ដៃគូ​ពាណិជ្ជកម្ម​ទាំងឡាយ​ណា ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មានការ​រើសអើង​ចំពោះ​ទំនិញ​របស់​សហរដ្ឋអាមេរិក​។ ការ​ដំឡើង​ពន្ធ​ថ្មី​ៗ​នេះ បាន​កត់សម្គាល់​នូវ​ការ​ប្រើប្រាស់​ច្បាប់​នេះ​ជា​លើក​ដំបូង​បង្អស់ បន្ទាប់​ពី​ច្បាប់​នេះ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ជិត​១​សតវត្ស​មក​ហើយ​៕