លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងសមាគមសិល្បៈករខ្មែរឧបត្ថម្ភថវិកា១២លានរៀលជួយអតីតចាងហ្វាងផលិតកម្ម«វត្តភ្នំ»ដែលកំពុងទីទាល់ក្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន និងថវិកាមូលនិធិរបស់សមាគមសរុបចំនួន១២លានរៀល ដើម្បីជួយលោក ប្រាក់ សារិន ហៅ ហុង អតីតចាងហ្វាងផលិតកម្ម «វត្តភ្នំ» ដែលកំពុងជួបជីវភាពខ្វះខាតយ៉ាងខ្លាំង និងបូករួមទាំងធ្លាក់ខ្លួនពិកា និងចាស់ជារាថែមទៀត ។

ការប្រកាសពីការជួយឧបត្ថម្ភថវិកាពីសមាគមសិល្បៈករខ្មែរនាពេលនេះ បានធ្វើឡើងបន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយថា អតីតថៅកែផលិតកម្ម «វត្តភ្នំ» ឆ្នាំ១៩៨៧ លោក ប្រាក់ សារិន ហៅហុង ធ្លាក់ខ្លួនមានពិការភាពភ្នែក និងកំពុងមានជីវភាពលំបាកខ្លាំង ។

ក្រោយឃើញការលំបាកនាពេលនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានឧបត្ថម្ភថវិកាចំនួន១២លានរៀល ដែលជាថវិការបស់មូនិធិសមាគមសិល្បៈករខ្មែរ ដើម្បីជួយសម្រាលបន្ទុកដែលលោកកំពុងជួបការលំបាកនាពេលបច្ចុប្បន្ន ។
សម្រាប់ក្នុងថវិកាចំនួន១២លានរៀលនេះ ក្នុងនោះ ២លានរៀលជាថវិកាមូលនិធិរបស់សមាគមសិល្បករខ្មែរ និង១០លានរៀលទៀត ជាថវិការបស់លោកជំទាវអ្នកឧកញ៉ាផ្ទាល់ខ្លួនក្នុងពេលដែលថវិកានេះ ក្រុមការងាររបស់សមាគមបាននិងកំពុងចាត់ចែងរៀបចំ ដើម្បីយកទៅប្រគល់ជូនលោក ប្រាក់ សារិន ដោយផ្ទាល់។

គួរបញ្ជាក់ថា តាមរយៈបទសម្ភាសន៍ជាមួយតារាសម្តែងជើងចាស់រាមច្បង ចាន់ តារាទី បានឱ្យដឹងថា អតីតចាងហ្វាង និងជាអ្នកដឹកនាំផលិតភាពយន្ដល្បីឈ្មោះ លោកតា ប្រាក់ សារិន ហៅហុង បច្ចុប្បន្ន កំពុងធ្លាក់ខ្លួនខ្លាំង ពោលគឺលោកត្រូវដើរសុំអាហារតាមវត្តអារាម ដើម្បីទទួលទានប្រចាំថ្ងៃ ។

លោក ប្រាក់ សារិន ហៅហុង អតីតម្ចាស់ផលិតកម្ម និងជាអ្នកដឹកនាំសម្ដែង បានបញ្ជាក់ថា បច្ចុប្បន្ននេះ លោកមានកូនស្រីម្នាក់ក្នុងបន្ទុក ដែលមានជំងឺសរសៃប្រសាទ ខណៈប្រពន្ធក៏ដេកឈឺលើកន្ទេល ។ សម្រាប់ខ្លួនលោក ក៏ធ្លាក់ខ្លួនពិបាកភ្នែកប្រមាណ១២ឆ្នាំមកហើយ ៕

ចែករំលែកព័តមាននេះ