ប្រទេសស៊ីរី ៖ កងកម្លាំងឃើតស៊ីរី ដែលធ្លាប់ចូលរួមប្រយុទ្ធដ៏សកម្មប្រឆាំងក្រុមរដ្ឋអ៊ិស្លាម បានប្រកាសរំលាយហើយ។ ការប្រកាសនោះ ត្រូវបានធ្វើកាលពីថ្ងៃទី២៥ សីហា ដោយអគ្គមេបញ្ជាការកងកម្លាំងនោះ ឧត្ដមសេនីយម៉ាសលូមអាប់ឌី។

ការប្រកាសរំលាយនេះធ្វើឡើងយោងតាមកិច្ចព្រមព្រៀងមួយ ជាមួយប្រធានាធិបតីស៊ីរី លោកអាហ៍ម៉េដអាល់ចារ៉ា ដែលប្ដេជ្ញាបង្រួបបង្រួមស៊ីរី ។ ក្នុងសុន្ទរកថា មួយនាវិមានប្រធានាធិបតីក្រុងដាម៉ាស់ ឧត្ដមសេនីយម៉ាសលូមអាប់ឌីអះអាងថា យើងសូមប្រកាសនាពេលនេះ ពីការបញ្ចប់បេសកកម្មរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ហើយប្រកាសដោយការទទួលខុសត្រូវទាំងស្រុងពីការរំលាយកងកម្លាំងនេះក្នុងឋានៈជាកងកម្លាំងយោធាឯករាជ្យ ។

កាលពីសប្ដាហ៍មុន ឧត្តមសេនីយរូបនោះធ្លាប់បានប្រកាសថា ការធ្វើសមាហរណកម្មបណ្ដាស្ថាប័នស៊ីវិលយោធា រដ្ឋបាលនិងសន្តិសុខឃើត ចូលក្នុងផ្ទៃរដ្ឋស៊ីរីត្រូវបានបង្ហើយ ជិត៨ខែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុងដាម៉ាស់មក ។ ឧត្ដមសេនីយម៉ាសលូមអាប់ឌីបញ្ជាក់ទៀតថា ការរំលាយកងកម្លាំងដ៏ខ្លាំងរបស់លោក កើតមានបន្ទាប់ពីកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយប្រធានាធិបតីលោកចារ៉ា និងការបង្ហើយដំណើរការធ្វើសមាហរណកម្មកងកម្លាំងយើងចូលក្នុងផ្ទៃបណ្ដាកងពលនៃកងទ័ពស៊ីរី ។

លោកតូមបារ៉ាក់ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ សម្រាប់ស៊ីរី បានហៅការរំលាយកងកម្លាំង
ឃើតចូលក្នុងកងទ័ពស៊ីរីថា ពិតជារឿងប្រវត្តិសាស្ត្រ។ លោកថា នោះពិតជាសមាហរណកម្មដែលគ្មានអ្នកចំណេញនិងគ្មានអ្នកខាត ៕

ចែករំលែកព័តមាននេះ