ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងជីកដីដឹកលក់ សង្ស័យចែកគ្នារស់ បានជាគ្មានប្រតិកម្ម​ពីរដ្ឋអំណាច​

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​រថយន្ត​ដឹក​អាចម៍ដី​ជា​ច្រើន​គ្រឿង​កំពុង សម្រុក​ដឹក​ជញ្ជូន​ដី​យក​ទៅ​លក់ បន្ត​ឱ្យ​ប្រជាពលរដ្ឋ និង​ទីតាំង​មួយ​ចំនួន​។ ប៉ុន្តែ​ក្រុម​ថៅកែ​គ្រឿងចក្រ បាន​ឲ្យ​ក្រុម​រថយន្ត​ដឹក​មិន​គោរព​បទដ្ឋាន​បច្ចេកទេស (​មិន​គ្រប​) ធ្វើ​ឱ្យ​មាន​ដី​ធ្លាក់​ប្រឡាក់​ផ្លូវជាតិ​លេខ​៤ ប្រឈម​ហានិភ័យ​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​។

ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣-២៤ ខែសីហា ឆ្នាំ​២០២៦ អ្នក​យក​ព័ត៌មាន​បាន​ទៅ​ផ្តិត​យក​រូបភាព ក្រុម​រថយន្ត​ដឹក​អាចម៍ដី​ចេញពី​រណ្ដៅ​មួយ​កន្លែង​ជីក​កាយ​យូរ​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ទំនប់​អូរ​ក្រាំង​អំបិល ស្ថិត​នៅ​ក្នុង​ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​គេ​ស្គាល់​ថា​ជា​រណ្ដៅ​ដី​របស់​ថៅកែ​ថុ​ល ហើយ​មេការ​គ្រប់គ្រង​ក្រុម​រថយន្ត​ដឹក​ដី​ខាងលើ​នោះ​មានឈ្មោះ​( វុ​ធ ) ដឹក​យក​ទៅ​លក់​បន្ត​នៅ​ក្បែរផ្លូវ​ល្បឿន​លឿន ក្នុងភូមិ​ស្លា ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​រថយន្ត​ជា​ច្រើន​គ្រឿង​មិន​បាន​គោរព​ច្បាប់​នៅឡើយ​ព្រោះតែ​ក្រុម​រថយន្ត​ដឹក​អាចម៍ដី​មិន​គ្រប​តង់​ដែល​ច្បាប់​បាន​កំណត់​នោះ​ឡើយ​។

ការ​មិន​គ្រប​របស់​ក្រុម​រថយន្ត​ដឹក​អាចម៍ដី​ខាងលើ​បាន​ធ្វើ​ឲ្យ​អាចម៍ដី​ធ្លាក់​ពាស​វាល​ពាស​កាល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ប្រឈម​ហានិភ័យ​ដល់​អ្នក​ធ្វើ​ដំណើរ​។ មាន​សភាព​ហុយ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ជា​ពិសេស​កម្មករ​កម្មការិនី​រោងចក្រ និង​សិស្សសាលា ប្រឈម​និង​ការ​រអិល​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​សំរោង​ទង បាន​ខ្សឹប​ថា ករណី​ក្រុម​រថយន្ត​ដឹក​អាចម៍ដី មិន​គោរព​ច្បាប់​(​ដឹក​មិន​គ្រប​នេះ​) វា​ជា​របៀប​កន្ទេល​ធំ​បន្លំ​ដេក ដែល​សមត្ថកិច្ច​ជំនាញ​អាច​នឹង​ត្រូវ មិន​អើពើ ចុះ​ពិនិត្យ​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ថៅកែ រកស៊ី​ជីក​កាយ​ដី​។

យ៉ាងណា​ក៏​ដោយ​គឺ​គេ​សង្កេត​ឃើញ​ការ​ជីក​កកាយ និង​ការ​ដឹក​ជញ្ជូន​អាចម៍ដី ទៅ​ចាក់​បំពេញ​នៅ​ទីតាំង​មួយ​កន្លែង​ទៀត ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ដោយ​ប្រើ​រថយន្ត​ជា​ច្រើន​គ្រឿង​នោះ មិន​ត្រឹម ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​នោះ​ឡើយ ដឹក​មិន​គ្រប ជ្រុះ​អាចម៍ដី​ពាសពេញ​ផ្លូវ ធ្វើ​ឱ្យ​ផ្លូវជាតិលេខ​​៤ ចំណុចខ្លះមើលទៅក្លាយ​ជា​ផ្លូវដីរអិល ។ បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​ហាក់បីដូចជា​ប្រណាំងប្រជែង​គ្នា ព្រោះ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​គិត​ពី គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។

បើ​យើង​ងាក​ទៅ​មើល​សកម្មភាព​ការ​ដឹក​ជញ្ជូន​អាចម៍ដី​ឯណេះ​វិញ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា បង្ក​ហានិភ័យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​ការ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៤ ម្តុំ​អូរ​ក្រាំង​អំបិល​យ៉ាង​ខ្លាំង​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង និង​ក្តី​បារម្ភ​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​យើង បាន​ទូរស័ព្ទ​ទៅ​លោក ប៊ី​ញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ ដើម្បី​សួរនាំ​រឿង​ក្រុម​រថយន្ត​ដឹក​អាចម៍ដី មិន​គ្រប បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ តេ​ចូល​ហើយ មិន​មាន​អ្នក​ទទួល​ទូរស័ព្ទ​នោះ​ទេ​ ។ សង្ស័យ​គ្មានវាចានឹងថ្លែងទេ សុទ្ធតែ​គ្នា​ឯង​ជួយផលប្រយោជន៍ទេដឹង?

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​