ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្ត​ហោះ​មួយ​គ្រឿង​នៅ​អាមេរិក​បណ្ដាល​ឱ្យ​មនុស្ស​ជិះ​ក្នុង​នោះ​សរុប​១២​នាក់ស្លាប់​ទាំង​អស់

5 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ មាន​ហេតុ​ការណ៍​ធ្លាក់​យន្ត​ហោះ​មួយ​គ្រឿង​នៅ​រដ្ឋ​មីសួរី (Missouri) បណ្ដាល​​ឱ្យ​ស្លាប់​មនុស្ស​១២​នាក់​។ នេះ​បើ​យោង​តាម​ក្រុម​ល្បាត​តាម​ផ្លូវ​ហាយ​វេ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញសង្គម​។ ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​មួយ​កន្លែង​។ សម្រាប់​ពេល​នេះ មាន​សេចក្ដី​រាយ​ការណ៍​អ្នក​ជិះ​នៅ​ក្នុង​យន្ត​ហោះ​នោះ​ស្លាប់​ទាំង​អស់​គ្នា​។ ទី​នោះ​ស្ថិត​នៅ​ចម្ងាយ​៦០​ម៉ោយ​ពី​ទី​ក្រុង​ខេន​សាស់​ (Kansas) នៅ​ក្នុង​រដ្ឋ​មីសួរី​ដដែល​។

កាល​ពី​មុន​នេះ​បន្តិច​ មាន​ហេតុ​ការណ៍​បុក​គ្នា​កណ្ដាល​អាកាស​រវាង​ឧទ្ធម្ភាគ​ចក្រ​២​គ្រឿង​នៅ​ទី​ក្រុង​រីអូ ដឺ​ ជេនីរ៉ូ (Rio de Janeiro) ប្រទេស​ប្រេស៊ីល​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៦​នាក់​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​។ ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១១:៥៩​។ ងាក​ទៅ​សំណុំ​រឿង​ធ្លាក់​យន្ត​ហោះ​នៅ​អាមេរិក​វិញ​ម្ដង​។ ឈ្មោះ​របស់​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ប្រកាស​ជា​សា​ធារណៈ​ទេ​រហូត​ដល់​សាច់​ញាតិ​របស់​ពួក​គេ​មក​បញ្ជាក់​អត្ត​សញ្ញាណ​ឱ្យ​បាន​គ្រប់​គ្រាន់​ជា​មុន​សិន​។

ក្រុម​ហ៊ុន​ដែល​ជា​ម្ចាស់​​យន្ត​ហោះ​​ខាង​លើ​នេះ​ថ្លែង​ថា​ខ្លួន​កំពុង​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​អាជ្ញា​ធរមូល​ដ្ឋាន​, គណៈ​កម្ម​ការ​ជាតិ​ទទួល​បន្ទុក​អាកាស​ចរណ៍ និង​គណៈ​កម្មការ​ជាតិ​ទទួល​បន្ទុក​ខាង​សុវត្ថិ​ភាព​ដឹក​ជញ្ជូន​។ លោក​ដេនីស​ យ៉ាកុប (Dennis Jacobs) ជា​អ្នក​គ្រប់​គ្រង​ស្ដី​ទី​នៃ​ព្រលាន​យន្ត​ហោះ​នោះ​ប្រាប់​ថា​យន្ត​ហោះ​ដែល​មាន​ម៉ាស៊ីន​តែ​មួយ​នោះ​បាន​ហោះ​ចេញ​ពី​ព្រលាន​នៅ​ម៉ោង​១១:២០​ព្រឹក​។ ប៉ុន្ត​មិន​អាច​ហោះ​ឡើង​បាន​ទេ​ ហើយ​ក៏​ធ្លាក់​សំយុង​ចុះ​មក​ដី​តែ​ម្ដង​។ កន្លែង​ដែល​ធ្លាក់​នោះ​ស្ថិត​នៅ​ចម្ងាយ​២៧៤​ម៉ែត្រ​ពី​ផ្លូវ​ហោះ​ហើរ​​៕ ប្រភព៖ AP