ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវកុំឱ្យមានការគិតថា រៀនជំនាញតាម TVET គ្មានតម្លៃដូចរៀនបាក់ឌុប ឬបរិញ្ញាបត្រ

42 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ផ្តាំផ្ញើ​ទៅ​អ្នក​ចូល​រៀន​ជំនាញ​ក្នុង​កម្មវិធី TVET​ថា សូមកុំ​គិត​ថា មិនសូវ​មាន​តម្លៃ​ដូច​សញ្ញាបត្រ​បាក់​ឌុ​ប ឬ​សញ្ញាបត្រ​បរិញ្ញាបត្រ គឺ​មាន​តម្លៃ​ដូច​គ្នា ។

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​អបអរសាទរ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៩ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «TVET ផ្តល់​ជំនាញ ការងារ និង​ប្រាក់​ចំណូល​» នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ សម្ដេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​លើក ឡើង​ថា រាជរដ្ឋាភិបាល បាន​កំណត់​គោលដៅ​យក​តួលេខ​នៃ​បរិមាណ​កម្មវិធី​TVET​ចំនួន ១,៥​លាន​នាក់ ប៉ុន្តែ​ទោះ​បាន ឬ​មិន​បាន​តាម​ការ​ចង់បាន​ក៏​ដោយ ក៏​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ សំខាន់​ត្រូវ​ធានា​គុណភាព​សម្រាប់​អ្នករៀន​គ្រប់​ៗ​គ្នា​នៅ​ពេល​បញ្ចប់​វគ្គ ។

សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បងប្អូន ក្មួយ​ៗ​ដែល​ចូល​រៀន​កម្មវិធី​ធី​វេ​ត​នេះ​យកចិត្តទុកដាក់​ជំរុញ​ខ្លួន ហើយ​គ្រួសារ​សូមកុំ​ឱ្យ​មានគំនិត​ថា រៀន​ធី​វេ​ត នេះ គឺជា​រៀន​ថ្នាក់​ជំនាញ​អី​អត់​សូវ​មាន​តម្លៃ​ដូច​គេ​រៀន​បាក់​ឌុ​ប រៀន​បរិ​ញ្ញា អត់​ទេ​… មាន​តម្លៃ​ដូច​គ្នា​ជំនាញ​ខុស​គ្នា​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ក៏​បាន​លើក​ឡើង​ថា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា នៅ​ក្នុង​អាណត្តិ​នេះ ក្រៅ​តែ​ពី​បង្កើត​សាលា បង្កើត​កម្មវិធី​សិក្សា​ដោយ​ឥត គិតថ្លៃ រាជរដ្ឋាភិបាល ក៏​បាន​ដាក់​ចេញ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​បណ្ណ​ក្រីក្រ ដោយ​ផ្តល់​នូវ​ថវិកា​បំប៉ន​ថែម​ទៀត ។

សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ថ្នាក់​ចល័ត​នេះ​ផ្តោត​ទៅ​លើ​៨​មុខ​ជំនាញ និង​គ្រោង​គិតគូ​បន្ថែម​ទៀត ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ ខណៈ​ស្ថានភាព​បច្ចុប្បន្ន សាលារៀន​ត្រូវ​បាន​រុញ​ទៅ​ដល់​ខេត្ត ដល់​ស្រុក និង​ទៅ​ដល់​ឃុំ​សម្រាប់​បឋម​សិក្សា ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ទៀត​ថា ៖ «​នៅ​ក្នុង​អាណត្តិ​នេះ យើង​ឃើញ​ថា ក្រៅពី​គ្រាន់តែ​បង្កើត​សាលា បង្កើត​កម្មវិធី​ឱ្យ​រៀន Free រាជរដ្ឋាភិបាល​ក៏​បាន​ក៏​ដាក់​ចេញ​នៅ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​បណ្ណ​ក្រីក្រ យើង​ផ្តល់​នូវ​ថវិកា​បំប៉ន​បន្ថែម​ទៀត តែ​ទោះជា​ប៉ុណ្ណឹង​ក៏​ដោយ កា​រវិ​វ​ឌ្ឍ​របស់​យើង​ទៅ​មុខ ប៉ុន្តែ​ការ​ឆ្នៃ​ប្រឌិត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង ជា​ពិសេស​យុវជន​របស់​យើង​កាន់តែ​មាន​លទ្ធភាព ក្រោយ​ពី​ការ​ធ្វើការ​វាយតម្លៃ​ទៅ​ក្រសួង​ការងារ​ក៏​បានឃើញ​ថា ទោះបីជា​យើង​ដាក់​ចេញ​នូវ​កម្មវិធី​រុញ​ទៅ​ដល់​ខេត្ត​មាន​ប្រាក់​បំប៉ន​ក៏​នៅ​មាន​ក្មួយ​ៗ​មួយ​ចំនួន ប្អូន​ៗ​មួយ​ចំនួន​នៅ​ពិបាក​ចែក​គ្នា​រវាង​លទ្ធភាព បំពេញភារកិច្ច​ប្រចាំ​ថ្ងៃ​នៅផ្ទះ​បូក​ជាមួយនឹង​ឆ្លៀតពេល​មក​រៀន​» ។

ក្នុង​នោះ សម្តេច​ធិ​បតី​ក៏​បាន​បញ្ជាក់​ដែរ​ថា ដោយសារ​មើលឃើញ​ពី​ការ​លំបាក​របស់​យុវជន ក៏​ដូច​ជា ប្រជាពលរដ្ឋ​ទើប​ក្រសួង​ការងារ ដាក់​ចេញ​នូវ​ជំនាញ​ចល័ត ដោយ​រុញ​កម្មវិធី​នេះ ទៅ​ដល់​ផ្ទះ ទៅ​ដល់​ស្រុក ហើយ​អនុវត្ត​សាកល្បង​ក្នុង​ពេល​ឆាប់​ៗ​នេះ ខណៈ​សម្តេច​សង្ឃឹមថានឹង​មានការ​ចូលរួម​របស់​យុវជន​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ក្មួយ​ៗ​ប្អូន​ៗ​ដែល​ត្រូវការ​បំ​និ​ន​បន្ថែម និង​សូម​ឱ្យ​យកចិត្តទុកដាក់ ទៅ​លើ​គុណភាព ។

ទោះជា​យ៉ាង​ក៏​ដោយ សម្តេច​ធិ​បតី ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ការ​បណ្តុះបណ្តាល​ទាំងអស់ សូមកុំ​ឱ្យ​មាន​តែ​រូបភាព សូមកុំ​ឱ្យ​មាន​តែ​បរិមាណ តែ​ត្រូវ​យកចិត្តទុកដាក់​ទៅ​លើ​គុណភាព ព្រោះ​គុណភាព​នេះ​នឹង​ធ្វើ​ឱ្យ​ទាក់ទាញ​ការ​រៀនសូត្រ​បន្ថែម ព្រោះ​បើ​ទៅ​រៀន​ហើយ​មក​វិញ​អត់​ចេះ​ដដែល ថ្ងៃក្រោយ​គ្មាន​អ្នក​ណា​មក​រៀន​ទេ ចឹ​ង​ត្រូវ​ផ្តោត​ទៅ​លើ​គុណភាព និង​ការ​រៀបចំ​គ្រូ និង​មេរៀន​ឱ្យ​បាន​ច្បាស់ ៕