ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពត​ ចុះ​ពិនិត្យ​សាច់​បង្កក​ដែល​ឈ្មួញ​លួ.ច​នាំ​ចូល​ស្តុ​ក​ទុក

3 ម៉ោង មុន
  • កំពត

ខេត្តកំពត​ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ កន្លង​មក​ថ្មី​ៗ​នេះ​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​រត់ពន្ធ​ថ្នាក់​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់ នូវ​ទំនិញ​ដែល​បាន​ស្តុក​ទុក និង​គ្រឿង​បង្កក​ផ្សេង​ៗ ក្នុងភូមិ​សាស្ត្រ​ក្រុង​កំពត​។ ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នេះ មានការ​ចូលរួម​សម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​, អាជ្ញាធរ​ក្រុង​កំពត​, សាខា​គយ​និង​រដ្ឋាករ​ខេត្ត​, មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​, សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត រួម​នឹង​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ពិនិត្យ​ជាក់ស្តែង​ផ្ទាល់​លើ​ទំនិញ​ទាំងនោះ ព្រមទាំង​បាន​ធ្វើការ​ណែនាំ​ឱ្យ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពី​ប្រភព​នាំ​ចូល និង​មធ្យោបាយ​នាំ​ចូល​ច្រក​ណា​តាម​ផ្លូវទឹក ឬ​ផ្លូវគោក តាម​ច្រក​ណា​ឱ្យ​បាន​ពិតប្រាកដ ជា​ពិសេស​ត្រូវ​ពិនិត្យ​ពី​គុណភាព​ទំនិញ​ឱ្យ​បាន​ហ្មត់ចត់​បំផុត ថា​តើ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ដែរ​ឬទេ​។ ទន្ទឹម​នឹង​នេះ លោក​អភិបាលខេត្ត ក៏​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ថា ក្នុង​ករណី​រក​ឃើញ​ទំនិញ​ណា​ដែល​ខុសច្បាប់ ឬ​ទំនិញ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ត្រូវ​តែ​បន្ត​ចាត់វិធានការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​ដាច់ខាត ដោយ​គ្មាន​ការ​លើកលែង​ឡើយ​៕