ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បាន​ធ្វើ​អន្តរាគមន៍​រំដោះ​ម្ដាយ​និង​កូនស្រី​២​នាក់​ចេញពី​ក្នុងផ្ទះ បន្ទាប់​ពី​ប្ដី​ចាក់សោ​ឃុំ​ទុក​ច្រើន​ម៉ោង

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​បុរស​ម្នាក់ បាន​ចាប់​ប្រពន្ធ​និង​កូនស្រី​០២​នាក់​ឃុំ​ទុក​ក្នុងផ្ទះ ហើយ​ចាក់សោ​ទ្វារ​ជាប់​ពី​ខាងក្រៅ ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគម​ន៍​ជួយ​រំដោះ​ម្ដាយ និង​កូនស្រី​រួច​ចេញពី​ក្នុងផ្ទះ​ភ្លាម​ៗ ក្រោយ​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អ្នក​ភូមិ ។ នេះ​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការ​ណ៏​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៤ មិថុនា នៅ​ចំណុច​ភូមិ​ស្រែ​រាជ ឃុំ​ស៊ុ​ង ស្រុក​សំឡូត ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ កែប ចាន់​ថន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។ អ្នក​ភូមិ​បាន​រាយការណ៍ និង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ពី​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៣១០ ដែល​នៅ​ជិត​បំផុត ដើម្បី​សុំ​ជួយ​រំដោះ​ម្ដាយ និង​កូនស្រី​០២​នាក់ ដែល​ប្ដី​ចាប់​ឃុំ​នៅ​ក្នុងផ្ទះ ចាក់សោ​ទ្វារ​ជាប់​មិន​ឲ្យ​ចេញ​ក្រៅ តែ​ប្រភព​មិន​បាន​និយាយ​ពី​មូលហេតុ ដែល​នាំ​ឲ្យ​បុរស​នោះ​ចាប់​ប្រពន្ធ​កូន​ឃុំ​នៅ​ក្នុងផ្ទះ​ទេ ។

មន្ត្រី​ប៉ុស្ដិ៍​នគរបាល​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​ករណី​ខាងលើ​នេះ ។ ដោយឡែក លោក ម៉ែ​ន រី​ម អធិការ​ស្រុក​សំឡូត​ក៏​មិន​លើក​ទូរស័ព្ទ ដើម្បី​សុំ​ការ​ពន្យល់​បាន​ដែរ ។ ប៉ុន្តែ​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​៣១០ លោក អ៊ុ​ក សា​រិ​ន ដែល​លោក​បាន​ទទួល​បណ្ដឹង​ដំបូង​ពី​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ចំពោះ​គ្រួសារ​នេះ បាន​ប្រាប់​ថា លោក​ពិតជា​បាន​ទទួល​ការ​ស្នើ​សុំ​អន្តរាគមន៍​ជួយ​រំដោះ​ម្ដាយ និង​កូនស្រី ដែល​ប្ដី​ចាប់​ឃុំ​នៅ​ក្នុងផ្ទះ​នោះ​មែន ប៉ុន្តែ​លោក​មិន​បាន​ចុះ​ផ្ទាល់​ទេ គឺ​កម្លាំង​របស់​លោក​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​ដល់​ចំណុច​កើតហេតុ ដើម្បី​ពិនិត្យ​សភាពការណ៍​ជាក់ស្ដែង ។ លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ដល់​ការពារ​ទីតាំង​កើតហេតុ ដើម្បី​រង់ចាំ​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​ចុះ​មក ដើម្បី​ចាត់​វិធា​នា​ការ​តាម​នីតិវិធី ។

លោក អ៊ុ​ក សា​រិ​ន បាន​បញ្ជាក់​ដែរ​ថា បុរស​ជា​ប្ដី​បាន​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ ដោយ​ឃុំ​ប្រពន្ធ និង​កូនស្រី​០២​នាក់​នៅ​ក្នុងផ្ទះ​មិន​ឲ្យ​ចេញ​ក្រៅ​ទេ ។ ប៉ុន្តែ​លោក​ក៏​មិន​បានដឹង​ពី​មូលហេតុ​ជាក់លាក់​ដែរ តែ​លោក​សង្ស័យ​ថា អាច​ផ្ដើម​ចេញពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រោះ​លោក​ធ្លាប់​ដឹង​ថា «​បុរស​នោះ​មាន​ប្រវត្តិ​ធ្លាប់​ប្រើប្រាស​គ្រឿងញៀន​» ។

ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ឲ្យ​ខាង​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​សំឡូត ជា​អ្នកចាត់ការ​តាម​ច្បាប់​ហើយ ក្រោយ​ពី​ជួយ​រំដោះ​ម្ដាយ និង​កូនស្រី​០២​នាក់​ឱ្យ​រួច​ផុត​ពី​ក្រោះ​ថ្នាក់ ។ យ៉ាងណា​ក្ដី លោក ម៉ែ​ន រី​ម នៅ​តែ​មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​បាន គិត​ត្រឹម​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ មិថុនា ។

បើ​តាម​មន្ត្រី​ម្នាក់​បាន​ប្រាប់​ថា ជន​បង្ក​ឈ្មោះ កែប ចាន់​ថន ដែល​ចាប់​ប្រពន្ធ​និង​កូនស្រី​០២​នាក់​ឃុំ​នៅ​ក្នុងផ្ទះ រួច​ចាក់សោ​ទ្វារ​ជាប់​ពី​ខាងក្រៅ​នោះ ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​សំឡូត ចាប់​វាយ​ខ្នោះ​នាំ​ទៅ​កាន់​អធិការ​ភ្លាម​ៗ ដើម្បី​សួរនាំ​និង​ចាត់វិធានការ​តាម​នីតិវិធី ៕