ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិកស៊ិក៖ អភិបាលក្រុងមួយរូបទៀតត្រូវខ្មា.ន់កាំ.ភ្លើ.ងបា.ញ់ស.ម្លា.ប់ក្នុងរដ្ឋដែលជាសម្បុកក្រុមរត់ពន្ធគ្រឿ.ងញៀ.នធំៗ

1 ម៉ោង មុន

ប្រទេស​ម៉ិក​ស៊ិ​ក ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​ កាលពី​ថ្ងៃ​ទី​១៣​ មិថុនា​ ថា អភិបាលក្រុង​មួយ​រូប ​ត្រូវ​បាន​បាញ់​សម្លាប់ នៅ​តំបន់​មួយ​នា​ភាគ​ខាងត្បូង​ម៉ិក​ស៊ិ​ក សម្បុក​របស់​បណ្ដា​ក្រុម​រត់​ពន្ទ​គ្រឿងញៀន​។

ការ​បាញ់ប្រហារ​នោះ​ កើត​មាន​ក្នុង​សង្កាត់មួយ​មាន​ប្រជាជន​ជិត​៧០០០​នាក់ នៃ​រដ្ឋ ​OAXACA​ ជាប់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ី​ហ្វិ​ក កន្លែង​ដែល​បណ្ដា​ក្រុម​ឧក្រិដ្ឋជន​មានការ​ចាត់តាំង​តែង​ឈ្លោះ​ដណ្ដើម​គ្នា​គ្រប់គ្រង​ផ្លូវ​រត់ពន្ធ​គ្រឿងញៀន​ ។ លោក​JOEL BRAVO អភិបាលក្រុង​សាន់​មី​ហ្គែ​ល​អា​ម៉ា​ទី​ទី​យ៉ា​ន់ ទទួល​រង​ការ​បាញ់ប្រហារ​តែ​មិន​មានការ​បញ្ជាក់​ថា​ តើ​ការ​បាញ់ប្រហារ​នោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ឡើយ​ ។

អភិបាល​រដ្ឋ​OAXACA​លោក​សា​ឡុ​ម៉ុ​ន​ហ្សា​រ៉ា បាន​ថ្កោលទោស​យ៉ាង​ម៉ឺង​ម៉ាត់​ការ​បាញ់ប្រហារ​ដ៏​កំសាក​នោះ សម្លាប់​លោក​JOEL BRAVO​ ។ លោក​បន្ត​ថា​រដ្ឋ OAXACA​នឹង​មិន​បណ្ដោយ​ឲ្យ​អំពើ​ហិង្សា​រំលង​ច្បាប់​ឬ​ឆន្ទៈ​របស់​សហគមន៍​យើង​ឡើយ​។ ប៉ូលិស​បាន​បើក​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ការ​ដាក់​ពង្រាយ​កម្លាំង​ដ៏​ច្រើន ជាមួយ​ការ​ចូលរួម​របស់​កងទ័ព​សហព័ន្ធ​តាម​រុករក​ចាប់​ពួក​ជន​វាយប្រហារ​ ។

ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដ៏​ខ្លាំង​ក្រុម JALISCO NUEVA GENERACION និង​ក្រុម​ SINALOA មាន​វត្តមាន​ក្នុង​រដ្ឋ​OAXACA ។ អភិបាលក្រុង​ជិត​១០០​នាក់ ត្រូវ​បាន​ធ្វើឃាត​នៅ​ម៉ិក​ស៊ិ​ក ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ ការ​បាញ់ប្រហារ​នា​ពេល​ថ្មី​ៗ​នេះ​សម្លាប់​លោក​កា​ឡូ​ស​ម៉ា​ន់​ហ្សូ​អភិបាលក្រុង​មួយ​រូប ក្នុង​តំបន់​អ្នកមាន​នៃ​រដ្ឋ​ MICHOACAN នាំ​ឲ្យ​មាន​ប្រតិកម្ម​កក្រើក​ប្រទេស​៕