ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ឈើ​ជាង ២​ពាន់​ដើម ត្រូវ​បាន​ដាំ​ដុះ​ដើម្បី​ស្តារ​គម្រប​ព្រៃឈើ​នៃ​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ សម្រាប់​អ្នក​ជំនាន់​ក្រោយ

2 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ គម្រោង​ស្តារ​និង​បង្កើត​គម្រប​ព្រៃឈើ​ពណ៌​បៃតង​ឡើង​វិញ នៅ​ក្នុង​តំបន់ការពារធម្មជាតិ កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​សកម្ម តាម​រយៈ​ការ​រួម​គ្នា​រវាង​ស្ថាប័នរដ្ឋ និង​កម្លាំង​សហគមន៍​មូលដ្ឋាន​។

កាលពី​ថ្ងៃ​ទី​១៣-១៤ ខែមិថុនា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ ការិយាល័យ​ឧទ្យាន​ជាតិ បាន​ប្រគល់​កូន​ឈើ​ចំរុះ​ចំនួន ២,០១៤ ដើម ជូន​ទៅ​ដល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរ​ចាយ និង​ក្រុម​យុវជន​ឃុំ​សន្តិភាព ដែល​ជា​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដើម្បី​បើក​យុទ្ធនាការ​ដាំ​ដើមឈើ​នៅ​តាម​ទី​សាធារណៈ និង​ស្តារ​គម្រប​ព្រៃឈើ​ឡើង​វិញ នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ​។

យុទ្ធនា​ការណ៍​នា​ពេល​នេះ មិន​ត្រឹមតែ​ជា​ការ​បំពេញបន្ថែម​នូវ​ដង្ហើម​បៃតង​ដល់​ភព​ផែនដី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​វិនិយោគ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ស​ម្រាប់​អនាគត​។ ការ​ដាំ​កូន​ឈើ​មួយ​ដើម​នៅ​ថ្ងៃនេះ គឺជា​ការ​ធានា​នូវ​ការ​ផ្តល់​ខ្យល់​បរិសុទ្ធ ភាព​សម្បូរ​បែប​នៃ​ជីវៈចម្រុះ និង​ការ​រក្សា​នូវ​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ថ្ងៃស្អែក​។ ព្រៃឈើ​ពណ៌​បៃតង គឺជា​ខែល​ការពារ​ធម្ម
ជាតិ​ដ៏​រឹង​មាំ ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ជា​ប្រភព​ទ្រទ្រង់​ជីវភាព​ដ៏​ចម្បង​របស់​សហគមន៍​មូលដ្ឋា​ន​។

តំណាង​ការិយាល័យ​ឧទ្យាន​ជាតិ បាន​សម្តែង​នូវ​ការ​កោតសរសើរ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​សហ​គមន៍ និង​ក្រុម​យុវជន​ជនជាតិ​ដើម​ភាគតិច​ទាំងអស់ ដែល​តែងតែ​បង្ហាញ​ស្មារតី​ម្ចាស់​ការ និង​ឈរ​នៅ​ជួរ​មុខ​ក្នុង​ការ​ការពារ ក៏​ដូច​ជា​អភិរក្ស​ធនធានធម្មជាតិ​។

សកម្មភាព​ដ៏​ថ្លៃថ្នូរ​នេះ គឺជា​គំរូ​ដ៏​ល្អ​ស្រស់បំព្រង​ក្នុង​ការ​បណ្តុះ​គំនិត​ស្រឡាញ់​ធម្មជាតិ និង​ការ​ការពារ​ផលប្រយោជន៍​ព្រៃឈើ​ទុកជា​មរតក​ដ៏​មាន​តម្លៃ​មហាសាល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ​៕