សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែន និងរុស្ស៊ី បានវាយប្រហារគ្នាថ្មីទៅវិញទៅមក កាលពីយប់ថ្ងៃទី១២ មក១៣ មិថុនា ។ នេះបើតាមការគូសបញ្ជាក់របស់អាជ្ញាធរនៃប្រទេសទាំង២ ។ ការវាយប្រហារបណ្ដាលឲ្យមនុស្សច្រើននាក់រងរបួសនៅភាគអាគ្នេយ៍ អ៊ុយក្រែន ហើយមនុស្សម្នាក់ស្លាប់នៅភាគខាងត្បូងរុស្ស៊ី ។

ប្រមុខរដ្ឋបាលតំបន់ឌីនីប្រូប៉េស្កូវស្ក៍អ៊ុយក្រែនថ្លែងថា មនុស្ស៩នាក់រងរបួសក្នុងតំបន់នោះនាភាគអាគ្នេយ៍ប្រទេស។ លោកថាកងទ័ពរុស្ស៊ីវាយប្រហារលើស្រុក៣ ជាមួយដ្រូននិងគ្រាប់បែកទម្លាក់ដល់ជាង២០លើក។ ខាងរុស្ស៊ីវិញ អភិបាលតំបន់គ្រាស្នូដាគូសបញ្ជាក់ថា មនុស្សម្នាក់ស្លាប់ និង៣នាក់រងរបួស ក្នុងការវាយប្រហារដោយដ្រូនអ៊ុយក្រែនប្រឆាំងស្រុកតេមរីអ៊ុក។ ការធ្លាក់បំណែកដ្រូនបណ្ដាលឲ្យភ្លើងឆាបឆេះទីតាំងបូមប្រេងក្នុងសមុទ្រមួយ ។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីអះអាងថា តំបន់១១របស់ប្រទេសរងការវាយប្រហារ របស់រុស្ស៊ីតាំងពីដើមសប្ដាហ៍មុនមក។ រុស្ស៊ីបានប្រើដ្រូន៥៣០គ្រឿង និងមីស៊ីលបញ្ជា២គ្រាប់ បាញ់ចេញពីយន្តហោះ ប្រឆាំងអ៊ុយក្រែន បណ្ដាលឲ្យមនុស្សច្រើនសិបនាក់រងរបួស។ កងទ័ពអាកាសអ៊ុយក្រែនអះអាងពីការស្ទាក់កម្ទេចដ្រូនអត្តឃាតរុស្ស៊ី១១០គ្រឿង នាយប់ថ្ងៃទី១២ មក១៣ មិថុនា ។
រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ៊ុយក្រែនបានប្រើដ្រូនហោះហើរឆ្ងាយវាយប្រហារជាពិសេសបណ្ដាទីតាំងប្រេងរុស្ស៊ី។ លោកថា បណ្ដាមីស៊ីលបណ្ដែតអ៊ុយក្រែនក៏វាយប្រហារលើរោងចក្រយោធារុស្ស៊ីមួយកន្លែង ដែលផ្គត់ផ្គង់ដ្រូន និងមីស៊ីលដល់កងទ័ពរុស្ស៊ី ៕

ចែករំលែកព័តមាននេះ