រលំទាំងបង្គោលភ្លើង ខ្ទេចទាំងសម្ភារៈ! គ្រោះធម្មជាតិដ៏គំហុកនៅស្រុកសំរោងទង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គ្រោះខ្យល់កន្ត្រាក់វាយប្រហារស្រុកសំរោងទង បណ្តាលឱ្យខូចខាតផ្ទះសម្បែង វតី្ដអារាម និងបាក់បង្គោលភ្លើងដាច់ចរន្តអគ្គិសនីជាច្រើនតំបន់ ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសនាយប់ថ្ងៃទី១៤ ខែមិថុនានេះថា ៖ គ្រោះធម្មជាតិ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ខ្យល់លាយឡំជាមួយទឹកភ្លៀង បានបង្កអោយមានការខូចខាតសម្ភារៈផ្ទះសម្បែងប្រជាពលរដ្ឋ និងវត្ដអារាម នៅក្នុងស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ បានបង្កឱ្យមានករណីដាច់ចរន្តអគ្គីសនី ពីអនុស្ថានីយសំរោងទង (GS78/F2) និងបាក់បង្គោលតង់ស្យុងមធ្យមMV មួយដើម នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខេត្តកំពង់ស្ពឺ មួយផ្នែកនៃសង្កាត់រកាធំ ក្រុងច្បារមន, ឃុំវល្លិ៍ស និងឃុំត្រពាំងគង ស្រុកសំរោងទង ។

ជាមួយគ្នានោះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបន្តថា ពេលមេឃភ្លៀង សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការគ្រោះថ្នាក់កើតឡើងជាយថាហេតុ ៕








ចែករំលែកព័តមាននេះ