ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វេសប្រហែសមួយពេល ! ម្ចាស់អុជធូបទុកចោលបាត់ពីផ្ទះធ្វើឱ្យភ្លើងឆាបឆេះផ្អើលសមត្ថកិច្ចចេញឡានទឹកអន្តរាគមន៍នៅក្រុងសៀមរាប

12 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អុច​ធូប​ទុក​ចោល​យក​បាយ​ម្ហូប​ឱ្យ​កូន​លក់ដូរ នៅ​ផ្សារ​ចាស់ ​ត្រឡប់​មក​វិញ​ឆេះ​ផ្ទះល្វែង​អស់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច សំណាងល្អ ​អត់​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ។

ហេតុការណ៍​ករណី​ឆេះ​ឥ្ទះ​កើតហេតុ នៅ​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំនុច​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ជំនាញ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦​នេះ​ថា មាន​ករណី​ភ្លើង​ឆេះ​ក្នុងផ្ទះ​ល្វែង​០១ ល្វែង​ជាន់ ផ្ទាល់​ដី​ដំបូល​ប្រក់​ស័ង្កសី ទំហំ​០៥ ម៉ែត្រ គុណ​១០​ម៉ែត្រ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ ពៅ ប៊ុ​ន រ៉េ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។ ប្រភព​បាន​បន្ថែម​ថា ការ​ពន្លត់​នេះ បាន​ប្រតិបត្តិការ​ពន្លត់​អណ្តាតភ្លើង​រលត់​អស់​ទៅ​វិញ នៅ​ម៉ោង​១២ និង​០០​នាទី​ថ្ងៃត្រង់ ។

ប្រភព​បាន​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ផ្ទះល្វែង​នេះ បាន​ប្រើប្រាស់​ឡានទឹក ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចំនួន​០២​គ្រឿង ឡាន​ធំ (​ប្រើ​ទឹក​អស់​២​ឡាន​) ។ ឡាន​របស់​-​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចំនួន​០១​គ្រឿង ឡាន​ធំ (​ប្រើ​ទឹក​អស់​១​ឡាន )​។

ដោយឡែក​ករណី​នេះ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត ឬ​បង្ក​ឱ្យ​មាន​ស្នាម​របួស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ គឺ​ឆេះ​តែ​ខោអាវ​មួយ​ចំនួន កង្ហារ​ភ្ជាប់​ជញ្ជាំង​០១​គ្រឿង សា​ឡុ​ង​ពូក​ខ្លី ចំនួន​០១​គ្រែ ចំនួន​០១ ពូក​ទទឹង​១៨០ ស​.​ម បណ្តា​យ​២​ម៉ែត្រ​កុងម៉ា​ចំនួន​០២ ហើយ​សម្រាប់​អគារ គឺ​មិន​មាន​បាក់​រលំ ឬ​ប្រេះ​ផុយ​អ្វី​នោះ​ទេ ។

ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​អុជ​ធូប​ចោល ហើយ​ជិះ​ម៉ូតូ​យក​ម្ហូប​ឱ្យ​កូន​នៅ​ផ្សារ​ចាស់​ទើប​បណ្តា​យ​ឱ្យ​ឆេះ​ផ្ទះ​តែ​ម្តង ។ បច្ចុប្បន្ន​ករណី​ឆេះ​ផ្ទះ​១​ល្វែង​នេះ បើ​គិត​ជា​ទឹកប្រាក់ អស់​ប្រមាណ​ជិត​១ ម៉ឺន​ដុល្លារ ៕