ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យខាតបង់លុយកាក់ ! មកដឹងពីល្បិចបោកប្រាស់«ទារលុយសេវាមុន» ៣ទម្រង់ និងវិធីសាស្ត្រការពារខ្លួន

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បោកប្រាស់​ប្រភេទ​នេះ គឺជា​ល្បិច​ដែល​ជនល្មើស​បញ្ចុះបញ្ចូល​ឱ្យ​ជន​រង​គ្រោះ «​បង់ប្រាក់​ថ្លៃ​សេវា​ជា​មុន​» ដើម្បី​ទទួល​បាន​រង្វាន់ ផល​ចំណេញ ឬ​កម្ចី ។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពេល​បាន​លុយ​ហើយ ជនល្មើស​នឹង​បន្ត​ទារ​ថែម​មិន​ចេះ​ចប់ និង​មិន​ផ្តល់​អ្វី​ត្រឡប់​មក​វិញ​ឡើយ ។ នេះ​បើ​យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ​។

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ បាន​បន្ត​ថា ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​ការពារ​សុវត្ថិភាព​បច្ចេកវិទ្យា​ឌី​ជី​ថ​ល នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ សូម​ចែករំលែក​ល្បិច ៣ យ៉ាង​ដែល​ជន​បោកប្រាស់​ចូល​ចិត្ត​ប្រើ ៖
១. ឈ្នះ​រង្វាន់​ធំ ៖ ភូត​កុហក​ថា​អ្នក​ឈ្នះ​រង្វាន់ (​ឡាន​, លុយ​សុទ្ធ​, ទូរស័ព្ទ​) ប៉ុន្តែ​តម្រូវ​ឱ្យ​បង់ «​ថ្លៃ​សេវា​រដ្ឋបាល​» ឬ «​ពន្ធ​» ជា​មុន​ទើប​ដក​បាន​។
២. កម្ចី​ប្រាក់​ងាយ​ៗ៖ ផ្សាយពាណិជ្ជកម្ម​ឱ្យ​ខ្ចី​លុយ​ការ​ប្រាក់​ទាប​ខ្លាំង​តាម​អន​ឡាញ ប៉ុន្តែ​តម្រូវ​ឱ្យ​បង់ «​ថ្លៃ​ធ្វើ​ឯកសារ​» មុន​ទើប​ទទួល​បាន​ប្រាក់​កម្ចី​។
៣. ការ​ទទួល​មរតក ឬ​ការ​វិនិយោគ​៖ មានការ​អះអាង​ថា​មាន​មរតក​មហាសាល ឬ​ឱកាស​រកស៊ី​ចំណេញ​សន្ធឹកសន្ធាប់ ប៉ុន្តែ​សុំ​លុយ​បន្តិចបន្តួច​ដើម្បី «​ដំណើរការ​រត់ការ​ច្បាប់​»​។

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌី​ជី​ថ​ល និង​ផ្សព្វផ្សាយ​អប់រំ បាន​បន្ត​ថា វិធានការ​ការពារ​ខ្លួន​៖
-​ចង​ចាំ​៖ គ្មាន​ការ​ទទួល​បាន​ណា ដែល​តម្រូវ​ឱ្យ​យើង​វេរ​លុយ​ឱ្យ​គេ​មុន​នោះ​ឡើយ​។

-កុំ​ជឿ​៖ រាល់​ការ​សន្យា​ដែល​មើលទៅ «​ល្អ​ពេក​មិន​គួរ​ឱ្យ​ជឿ​» ដូច​ជា​ឈ្នះ​រង្វាន់​ធំ ឬ​ចែក​មរតក​ពី​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ​។-កុំ​ប្រញាប់​៖ កុំ​ផ្ញើ​ប្រាក់​ឱ្យ​នរណា​ម្នាក់​ដែល​ព្យាយាម​គាបសង្កត់ ឬ​បង្ខំ​ឱ្យ​អ្នក​ធ្វើ​ភ្លាម​ៗ​។
-​កុំ​ចែករំលែក​៖ ដាច់ខាត​កុំ​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន ដូច​ជា គណនី​ធនាគារ​, លេខ​កូដ OTP, លេខ​ទូរស័ព្ទ និង​លេខ​កាត Visa/Mastercard ទៅ​ឱ្យ​អ្នក​ដទៃ​។
-​ពិភាក្សា​៖ ត្រូវ​សួរនាំ​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​សិន មុន​នឹង​សម្រេចចិត្ត​ផ្ញើ​លុយ​ទៅ​បុគ្គល​ប្លែក​មុខ ៕