ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ធ្លាប់​មាន​ពី​មុន​! Elon Musk ក្លាយជា​មហាសេដ្ឋី​ទ្រី​លាន​ដុល្លារ ក្រោយ​សន្ទុះ​ភាគហ៊ុន​របស់ SpaceX ឡើង​កប់​ពពក

15 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ នៅ​ទីបំផុត លោក Elon Musk បាន​ក្លាយជា​មហាសេដ្ឋី​ប្រាក់​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បន្ទាប់​ពី​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស SpaceX របស់​លោក​បាន​ហក់​ឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន Wall Street អំឡុង​ពេល​នៃ​ការ​បើក​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង AP ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៦​។

យោង​តាម​បញ្ជី​អ្នកមាន​របស់​គេហទំព័រ Bloomberg បាន​បង្ហាញ​ថា ស្ថាបនិក​ក្រុមហ៊ុន Tesla និង SpaceX រូប​នេះ បាន​ពង្រឹង​ឋានៈ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ជា​បុគ្គល​មាន​បំផុត​នៅ​លើ​ពិភពលោក ដោយ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​ឥឡូវនេះ បាន​កើន​ដល់ ១,១១ ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ​។

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​កើតឡើង​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​អវកាស ទូរគមនាគមន៍ និង​បញ្ញា​សិប្បនិម្មិត (AI) ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក SpaceX បាន​ចុះបញ្ជី​ក្នុង​ផ្សារភាគហ៊ុន Nasdaq ដែល​មាន​តម្លៃ​ដល់ ២,២ ទ្រី​លាន​ដុល្លារ​។ ក្រុមហ៊ុន​បញ្ជាក់​ថា ភាគហ៊ុន​របស់​ខ្លួន​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ ១៣៥ ដុល្លារ​ក្នុង​១​ភាគហ៊ុន ប៉ុន្តែ​ការ​ជួញដូរ​បាន​បើក​ដំណើរការ​ក្នុង​តម្លៃ ១៥០ ដុល្លារ និង​បាន​ហក់​ឡើង​ដល់ ១៧៦,៥០ ដុល្លារ​ត្រឹមតែ​មួយ​ភ្លែត ដែល​បង្ហាញ​ពី​ភាព​ចង់បាន​ខ្លាំង​របស់​អ្នក​វិនិយោគ ចំពោះ​អាជីវកម្ម​ខ្នាត​ធំ​ទាក់ទង​នឹង​លំហ​អាកាស និង​ក្រុមហ៊ុន​នានា​ដែល​ពាក់ព័ន្ធ​នឹង​លោក Elon Musk ផ្ទាល់​តែ​ម្តង​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន SpaceX បាន​បិទ​ការ​ជួញដូរ កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ក្នុង​តម្លៃ​ប្រហែល ១៦១​ដុល្លារ ហើយ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​លើក​ដំបូង​របស់​ក្រុមហ៊ុន​នេះ រក​ចំណូល​បាន​ដល់ ៧៥ ពាន់​លាន​ដុល្លារ​ឯណោះ​ពី​បណ្តា​អ្នក​វិនិយោគ និង​អ្នក​ធានា​ទិញ​មូល​ប​ត្រ​នៃ​កិច្ចព្រមព្រៀង​នេះ មុន​ពេល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​វាយលុក​ចូល​ទីផ្សារ​ភាគហ៊ុន​សេរី កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា កន្លង​ទៅ និង​ជា​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក​ផង​ដែរ​។ បំបែក​កំណត់​ត្រា​កាលពី​ឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន​ប្រេង Saudi Aramco របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចំនួន ២៥,៦ ពាន់​លាន​ដុល្លារ​។

តាម​រយៈ​នោះ ភាគហ៊ុន​កម្មសិទ្ធិ ៤២% របស់​លោក Elon Musk ក្នុង​ក្រុមហ៊ុន SpaceX ផ្តល់​ឱ្យ​លោក​នូវ​សិទ្ធិ​គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​លើ​អ្វី​ៗ​គ្រប់យ៉ាង​ដែល​ក្រុមហ៊ុន​ធ្វើ ហើយ​លោក​អាច​ចំណាយ​ប្រាក់​ដែល​ត្រូវ​បាន​វិនិយោគ​នោះ តាម​អ្វី​ដែល​លោក​ចង់បាន​។
បើ​តាម Bloomberg ភាគហ៊ុន​របស់​លោក Elon Musk ក្នុង​ក្រុមហ៊ុន​នេះ មាន​តម្លៃ​រហូត​ដល់ ៧៦៧,១ ពាន់​លាន​ដុល្លារ ជាមួយ​ជម្រើស​ទិញ​យក​ភាគហ៊ុន​បន្ថែម​ទៀត​ក្នុង​តម្លៃ ៥៣,៨ ពាន់​លាន​ដុល្លារ​។ ក្រៅ​អំពី​នោះ លោក​ក៏​មាន​ភាគហ៊ុន​តម្លៃ ១៦៨ ពាន់​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន Tesla និង​ជម្រើស​ទិញ​ភាគហ៊ុន​របស់ Tesla តម្លៃ ១១៦,៤ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ផង​ដែរ​៕