ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត LEXUS បុ.ក​ម៉ូតូ​បើក​ស្រប​ទិស​គ្នា ស្លា.ប់បុរសម្នាក់​

1 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អាធ័ម​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បន្ទាប់​ពី​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បុក​ពីក្រោយ ក្នុង​ខណៈ​ពេល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០ នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ២០២៦ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៤៩០-៤៩១ ដែល​ស្ថិត​ក្នុងភូមិ​វាល​ព្រីង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។

យោង​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-7326 បើកបរ​ដោយ​ស្ត្រី​ឈ្មោះ ផុ​ន រ៉ា អាយុ ៣៣ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​នៅ​ភូមិ​ស្រឡូង​ស្រ​ឡី ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ​ខេត្តព្រៃវែង​។​ក្នុង​រថយន្ត​បង្ក មាន​អ្នក​រួម​ដំណើរ ម្នាក់​ទៀតជា​ជនជាតិ​ចិន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ឈ្មោះ FANG QIURONG ស្នាក់​នៅ​អាសយដ្ឋាន​ជាមួយ​គ្នា។​លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ពេញទំហឹង​តែ​ម្តង​។

អ្នកបើកបរ​ម៉ូតូ​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ សុវណ្ណ ណា ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិក​ញ្ចា​ញ​គោក ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​ពីរ​រង​ការ​ខូចខាត​កម្រិត​មធ្យម​។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​ដឹក​ជញ្ជូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​។ ចំណែកឯ​វត្ថុ​តាង​ទាំង​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ​វាស់វែង និង​ដកហូត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ជា​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។

ករណី​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ គឺជា​ការ​ដាស់តឿន​មួយ​ដ៏​សំខាន់​សម្រាប់​អ្នក​ប្រើប្រាស់​ដងផ្លូវ​ទាំងអស់ ជុំវិញ​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖ យោង​តាម​ច្បាប់ អ្នកបើកបរ​យានយន្ត​គ្រប់​រូប​ត្រូវ​តែ​រក្សា​គម្លាត​សុវត្ថិភាព​ខាង​មុខ​យានយន្ត​របស់​ខ្លួន ទៅ​នឹង​យានយន្ត​ដទៃ​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ដើម្បី​អាច​មាន​លទ្ធភាព​ជាន់​ហ្វ្រាំង ឬ​បញ្ចៀស​គ្រោះថ្នាក់​បាន​ទាន់​ពេលវេលា នៅ​ពេល​មាន​ហេតុ​ការណ៍​បន្ទាន់​។​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ឬ​ក្នុង​ល្បឿនលឿន​ដែល​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន គឺជា​ឫសគល់​នៃ​គ្រោះថ្នាក់​។

ផ្លូវជាតិ​លេខ​៧ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​មានការ​ចរាចរណ៍​មមាញឹក​។ អ្នកបើកបរ​រថយន្ត​ធំ ឬ​រថយន្ត​ល្បឿន​លឿន ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ផ្តល់​អាទិភាព​ដល់​អ្នកបើកបរ​យានយន្ត​ធុន​តូច ដូច​ជា​ម៉ូតូ ឬ​កង់ ដែល​ជា​ក្រុម​ងាយ​រង​គ្រោះ​បំផុត​នៅ​លើ​ដងផ្លូវ​។

នៅ​ពេល​បើកបរ​ឆ្លងកាត់​តំបន់​ភូមិករ ឬ​ឃុំ​ស្រុក​អ្នកបើកបរ​ត្រូវ​តែ​បន្ថយល្បឿន​ជា​ដាច់ខាត ដើម្បី​ធានា​ថា​ខ្លួន​អាច​គ្រប់គ្រង​យានយន្ត​បាន​១០០%​ជៀសវាង​ការធ្វេសប្រហែស​ត្រឹម​មួយ​ប៉​ព្រិច​ភ្នែក ដែល​អាច​បង្ក​ជា​សោកនាដកម្ម​ពេញ​មួយ​ជីវិត និង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​៕