ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទភ្នំបាខែង ប៉ែកខាងលិច កំពុងស្ថិតក្នុងដំណើរការជួសជុលយ៉ាងយកចិត្តទុកដាក់

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ម​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​បន្តការងារ​ជួសជុល​ប៉ែក​ខាងលិច​ប្រាសាទភ្នំបាខែង ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រាសាទភ្នំ​មួយ​នេះ​។

លោក គង់ សាវ​បុត្រ នាយក​ប្រចាំ​ប្រទេស​អង្គការ WMF ឱ្យ​ដឹង​ថា ប៉ែក​ខាងលិច​ប្រាសាទភ្នំបាខែង មានការ​ខូចខាត​ប្រហាក់ប្រហែល​នៅ​ជ្រុង​ផ្សេង​ទៀត​ដែរ​។ ក្រុមការងារ​បាន​ពង្រឹង និង​រៀប​ឡើង​វិញ​នៅ​ផ្នែក​ជញ្ជាំង កម្រាល ដោយ​ជំនួស​ថ្មបាយក្រៀម​ថ្មី​មួយ ចំនួន​នៅ​ទីតាំង​ដែល​ពុក​ផុយ ឬ​រក​ថ្ម​មិន ឃើញ​។

លោក ជីវ ភិ​រម្យ វិស្វករ​គម្រោង​ជួសជុល​ប្រាសាទភ្នំបាខែង លើក​ឡើង​ថា គម្រោង​ជួសជុល​នៅ​ប៉ែក​ខាងលិច​ប្រាសាទភ្នំបាខែង បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែមីនា ឆ្នាំ​២០២៦​។ គម្រោង​នេះ​ក្រុមការងារ​បាន​រុះរើ​ជញ្ជាំង កម្រាល និង​ប្រាសាទតូច​ចំនួន​២ គឺ​C6 និង C7 (​អក្សរ​C​តំណាង​ឱ្យ​ជាន់​ទី​៤ រាប់​ពី​ខាង ក្រោម​)  រួម​និង​ការងារ​ជណ្តើរ​។ គម្រោង​នេះ​អនុវត្ត​ដោយ​ក្រុមការងារ​ចំនួន​១០ រួម​មាន​ផ្នែក​ជួសជុល​ពង្រឹង​គ្រឹះ រៀប​ជញ្ជាំង និង​ជណ្តើរ​។

ចំពោះ​បច្ចេកទេស​នៃ​ការ​ជួសជុល លោក ភិ​រម្យ បាន​រៀបរាប់​ថា មុន​នឹង​ឈាន​ដល់​ការ​ជួសជុល ក្រុមការងារ​បាន​សិក្សា​ពី​ប្រព័ន្ធ​បង្ហូរ ទឹក បរិវេណ​ប្រាសាទ ប្រភេទ​ថ្មភ្នំ ក៏​ដូច​ជា​សិក្សា​ពី​រចនាសម្ព័ន្ធ តួ​ប្រាសាទ​ទាំងមូល ដោយ​មានការ​គូរ​ប្លង់​បង្ហាញ​ពី​កត្តា​ខូចខាត​ជាដើម​។ បន្ទាប់​មក​មានការ​សិក្សា​បន្ថែម​ពី​អ្នកជំនាញ​បច្ចេកទេស​ជាតិ និង​អន្តរជាតិ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ WMF មុន នឹង​យក​គំរូ​ប្លង់​ជួសជុល​ឆ្លង​យោបល់​ទៅ​ក្រុម​អ្នក​ជំនាញការ​នៃ​គណៈកម្មាធិការ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ និង​សំបូរ​ព្រៃ​គុក ដើម្បី​ផ្តល់​យោបល់​បន្ថែម​លើ​ការងារ​អភិរក្ស​។

លោក ភិ​រម្យ បាន​បន្ថែម​ថា ការ​ជួសជុល​ចែក​ជា​ច្រើន​ផ្នែក​រួម​មាន ការ​ជួសជុល​ផ្នែក​ខាងក្នុង​ដែល​ត្រូវ​ពង្រឹង​ថ្មភ្នំ​  ពង្រឹង​គ្រឹះ​ប្រ​សិន​ខូចខាត​  រៀប​ជញ្ជាំង​ឡើង​វិញ​ឱ្យ​ត្រង់ រៀបចំ​ប្រព័ន្ធ​ទឹក​នៅ​ជាន់​ទី​៣​។ ជាន់​ទី​៥ និង​ទី​៧ បន្ថែម​ចង្កឹះ​កែវ ដើម្បី​ពង្រឹង​ពី​ថ្មភ្នំ​ទៅ​ក្រោយ​ជញ្ជាំង ដើម្បី​ទប់​លំនឹង​កុំឱ្យ​ផ្អៀង​។ វិធីសាស្ត្រ​ទី​៦ បន្ថែម​រន្ធ​ទឹក​នៅ​ជាន់​លើ បន្ថែម​ថ្មបាយក្រៀម​ចន្លោះ​ថ្មភ្នំ​និង​ជញ្ជាំង បន្ទាប់​មក​ធ្វើ​ជម្រាល ២-៣% ដើម្បី​ក្រាល​កៅស៊ូ​ការពារ​ជម្រាប​ទឹក​។

តាម​ការ​បង្ហាញ​របស់​អ្នកជំនាញ កត្តា​ដែល​នាំ​ឱ្យ​ប្រាសាទភ្នំបាខែង​មានការ​ខូចខាត គឺ​កត្តា​ធម្មជាតិ ការ​ទុក​ប្រាសាទ​ចោល​ពុំ​មានការ​ថែទាំ​កន្លង​មក ដែល​ធ្វើ​ឱ្យ​រុក្ខជាតិ​ដុះ​ចាក់​ឫស​តាម​ចន្លោះ​ថ្ម ទឹកភ្លៀង​ហូរ​ច្រោះ និង​ធ្វើ​ឱ្យ​គ្រឹះ​ពុក​ផុយ​ជាដើម​៕