ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​អ៊ីរ៉ង់​ទទួល​យក​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្គ្រាម​ និង​ត្រៀម​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​សុក្រ

54 នាទី មុន

ទីក្រុង​វ៉ាស៊ីនតោន៖ នៅ​ទី​បំផុត​ អាមេរិក និង​អ៊ីរ៉ង់​បាន​ឯក​ភាព​​​គ្នា​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ជា​ស្ថា​ពរ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ទៅ​ថ្ងៃ​មុខ​នឹង​កែ​លម្អ​យ៉ាង​ដូច​ម្ដេច​ទៀត​អាច​នឹង​ដឹង​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ​លោក​ត្រាំ​បង្ហោះសារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​​អាមេរិក និង​​​អ៊ីរ៉ង់​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ដ៏​ពេញ​លេញ​មួយ​​​។ សូម​បញ្ជាក់​ឡើង​វិញ​ថា​ភាគី​ទាំង​២​ព្រម​ព្រៀង​គ្នា​ទៅ​លើ​ក្រប​ខណ្ឌ​ជា​គោល​ៗ​សិន​​​។ ក្នុង​នោះ​ អាមេរិក​យល់​ព្រម​​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ​អ៊ីរ៉ង់ ចំណែក​អ៊ីរ៉ង់​យល់​ព្រម​​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ​។

នាយក​រដ្ឋម​ន្ត្រី​ប៉ាគីស្ថាន​ដែល​ជា​អ្នក​សម្រប​សម្រួល​ការ​ចរ​ចា​គ្នា​លើក​នេះ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ចុះ​ហត្ថ​លេខា​នៅ​ប្រទេស​ស្វីស​នា​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​មាន​សរសេរ​អ្វី​ខ្លះ​ទេ​។ ប៉ាគី​ស្ថាន​បង្ហោះ​សារ​បន្ត​ទៀត​ថា​តាម​កិច្ច​ព្រម​ព្រៀង​នេះ រាល់​ប្រតិ​បត្តិ​ការ​សឹក​ទាំង​អស់​នឹង​ត្រូវ​បិទ​បញ្ចប់​គ្រប់​សមរ​ភូមិ​រួម​ទាំង​នៅ​ប្រទេស​លីបង់​ផង​ដែរ​។​ លីបង់​ជា​ចំណុច​ដែល​ពិបាក​ចរ​ចា​គ្នា​ព្រោះ​អ៊ីស្រា​អែល​ និង​ក្រុម​ហេស​បូឡា​មិន​ខ្វល់​នឹង​ការ​អំពាវ​នាវ​របស់​លោក​ត្រាំ និង​អ្នក​ឯ​ទៀត​ដែល​ចង់​ឱ្យ​ពួកគេ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​។​

លោក​ត្រាំ​ថ្លែង​ថា​ច្រក​សមុទ្រ​ហ័រ​ម៉ូស​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ថ្ងៃ​សុក្រ​។ លោក​អំពាវ​នាវ​ថា​កប៉ាល់​ទូទាំង​ពិភព​លោក​ សូម​អ្នក​ត្រៀម​បញ្ឆេះ​ម៉ាស៊ីន​ឡើង​វិញ​​។ ចូរ​អ្នក​ដឹក​ជញ្ជូន​ប្រេង​ឆៅ​កាត់​ទី​នោះ​។ ក្រោយ​ពេល​លេច​ឮ​ដំណឹង​នេះ ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​ព្រឹប​ៗ​តែ​ម្ដង។ ប្រេង​តាម​ហាង​ឆេង​នៅ​អឺរ៉ុប (Brent) ធ្លាក់​ថ្លៃ​៤%នៅ​ពេល​បើក​ទី​ផ្សារ​ជួញ​​ដូរ​នៅ​ព្រឹក​​នេះ ចំណែក​ប្រេង​តាម​ហាង​ឆេង​អាមេរិក (West Texas) ធ្លាក់​ថ្លៃ​៤,៦%។ អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​ថ្លែង​ថា​កិច្ច​ព្រម​ព្រៀង​លម្អិត​ត្រូវ​ការ​ការ​ចរ​ចា​គ្នា​បន្ថែម​ទៀត​នៅ​​អំឡុង​ពេល​បទ​ឈប់​បាញ់​រយៈ​ពេល​៦០​ថ្ងៃ​។

​​បញ្ហា​នុយ​​ក្លេអ៊ែរ​អ៊ីរ៉ង់​ក៏​នឹង​លើក​យក​ទៅ​ចរ​ចា​គ្នា​នៅ​អំឡុង​៦០​ថ្ងៃ​នោះ​ផង​ដែរ​។ បញ្ហា​អ៊ីរ៉ង់​បាន​ក្លាយ​ជា​កត្តា​កំណត់​អាជីព​នយោបាបយ​របស់​លោក​ត្រាំ​។ ក្រុម​អ្នក​សា​ធារណ​រដ្ឋ​និយម​នៅ​ក្នុង​សភា​ខង់​ហ្ក្រែស​ និង​សា​ធារណ​មតិ​កំពុង​រង់​ចាំ​អ៊ុត​លទ្ធ​ផល​ចរ​ចា​។ ពួក​គេ​មាន​ចិត្ត​ខឹង​សម្បារ​នឹង​​សាំង​ឡើង​ថ្លៃ​​​ចំ​ពេល​ដែល​ជិត​ឈាន​ដល់​ការ​បោះ​ឆ្នោត​សភា​នៅ​អាមេរិក​។ លោក​ត្រាំ​ទទួល​រង​សម្ពាធ​ពី​មនុស្ស​នៅ​ក្នុង​គណ​បក្ស​ជា​មួយ​គ្នា​។ ពួកគេ​ចង់​បិទ​ទាំង​ស្រុង​នូវ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​៕ ប្រភព៖ Reuters​