ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរចិន អាចមកលេងកម្ពុជាដោយមិនចាំបាច់មានទិដ្ឋាការ

13 ម៉ោង មុន
  • ភ្នំពេញ

ចាប់ពី​ថ្ងៃស្អែក ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ ភ្ញៀវ​ទេសចរ​ចិន អាច​កាន់​លិខិតឆ្លងដែន ដោយ​មិន​ចាំបាច់​ទិដ្ឋាការ​មក​លេង​កម្សាន្ត និង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​បាន​ហើយ ។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាង​ថា ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា នឹង​ទទួល​បាន​នូវ​បទ​ពិសោធ​នៃ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ និង​ពី​បេះដូង ចាប់ពី​វិនាទី​ដំបូង​នៃ​ការ​អញ្ជើញ​ដល់​កម្ពុជា នៅ​ថ្ងៃស្អែក​នេះ ។

លោក​បាន​អះអាង​ថា កម្ពុជា​បាន​ត្រៀមលក្ខណៈ​ចាប់ផ្តើម​អនុវត្ត​យុទ្ធនាការ​លើកលែង​ទិដ្ឋាការ​ដល់​ប្រជាជន​ចិន​សាកល្បង ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ ខាង​មុខ ។ លោក​បាន​បន្ត​ថា នៅ​ក្នុងអំឡុងពេល​នោះ ពួក​គេ​អាច​នឹង​ស្នាក់​នៅ​កម្ពុជា​ដើរ​លេង​កម្សាន្ត​បាន​រហូត​ដល់​ទៅ​១៤ ថ្ងៃ ហើយ​អាច​ចូល​ចេញ​បាន​ច្រើន​ដង ។

កាលពី​ឆ្នាំ​២០២៥ កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ ៦,៧​លាន​នាក់ ដែល​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន​ជាង ១,២​លាន​នាក់ កើនឡើង​ប្រមាណ ៤២​ភាគរយ ដោយឡែក ក្នុង​រយៈពេល​ប្រាំ​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦ ភ្ញៀវ​ទេសចរ​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​១ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា ដែល​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ខ្ពស់​នៃ​ទីផ្សារ​ទេសចរ​ចិន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ៕