ទុរេនកំពតមិនមែនសម្រាប់បន្លំឡើយ ! លោកស្នងការខេត្តកំពត ដាស់តឿនអាជីវករ ហាមដាច់ខាតទិញទុរេនថៃមកបន្លំលក់ជាទុរេនកំពត
- កំពត
ខេត្តកំពត ៖ លោកស្នងការខេត្តកំពត បានចេញការណែនាំ និងព្រមានជាសាធារណៈយ៉ាងម៉ឺងម៉ាត់ដល់អាជីវករ និងម្ចាស់ចម្ការទុរេនទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកំពត ជុំវិញករណីយកទុរេននាំចូលពីថៃ មកបន្លំធ្វើជាទុរេនក្នុងស្រុក ។

ជាក់ស្តែងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនៅលើបណ្តាញសង្គមនាថ្ងៃទី១៣ ខែមិថុនានេះថា ៖ សូមជំរាបជូនបងប្អូនម្ចាស់ចម្ការទុរេនទាំងអស់ នៅក្នុងខេត្តកំពត សូមបងប្អូនកុំទិញទុរេនពីប្រទេសថៃ មកបន្លំជាទុរេន ដាក់លក់ក្នុងខេត្តកំពតអោយសោះ សូមរកស៊ីដោយភាពស្មោះត្រង់ និងរក្សារកេរ្តិ៍ឈ្មោះ ដំណាំទុរេននៅខេត្តកំពតរបស់យើង ។

សូមបញ្ជាក់ថា ការចេញមកក្រើនរំលឹកពីសំណាក់លោកស្នងការខេត្តនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់នូវរាល់ទង្វើអគតិទាំងឡាយណា ដែលអាចបំផ្លាញទំនុកចិត្តរបស់អតិថិជន និងអ្នកទេសចរ ដែលតែងតែគាំទ្រផ្លែឈើខ្មែរ ។ ទុរេនកំពត ត្រូវបានគេទទួលស្គាល់ទូថា មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ប្លែកពីទុរេនតំបន់ផ្សេង ដោយសារតែកត្តាអំណោយផលនៃភូមិសាស្ត្រ ទឹកដី និងការថែទាំយ៉ាងដិតដល់ពីកសិករក្នុងតំបន់។
សារអំពាវនាវនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកលេងបណ្តាញសង្គម ដោយពួកគេបានយល់ឃើញថា ភាពស្មោះត្រង់ក្នុងរបរអាជីវកម្ម គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការទ្រទ្រង់សេដ្ឋកិច្ចសហគមន៍ ។ ប្រសិនបើកេរ្តិ៍ឈ្មោះទុរេនកំពតត្រូវបាត់បង់តម្លៃដោយសារការបន្លំ នោះវានឹងជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ដល់ជីវភាពរបស់កសិករពិតប្រាកដ ដែលខំដាំដុះដោយញើសឈាម ៕
ចែករំលែកព័តមាននេះ