ស្វាយរៀង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានធ្វើកិច្ចសន្យាអប់រំក្មេងទំនើង០៧នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និងជិះអូសជន្ទាល់ម៉ូតូ នៅក្រុងស្វាយរៀង ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រកាសនាព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបន្តថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើ.ងចំនួន០៧នាក់ ប្រុស ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និងជិះអូសជន្ទាល់ម៉ូតូ ឃាត់ខ្លួននៅចំណុចសួនកម្សាន្តរីសតកូនកាត់ ស្ថិតនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយក ដើម្បីអប់រំបន្ត រីឯម៉ូតូប្រព្រឹត្តិសកម្មភាព ០៣គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រយៈពេល ០៣ខែទើបប្រគល់ជូនវិញ ៕










ចែករំលែកព័តមាននេះ