សម្ដេចម៉ែ សព្វព្រះរាជហឫទ័យ វឌ្ឍនភាពការងារនិងប្លង់គោលនៃព្រះសារមន្ទីរក្នុងខេត្តស្ទឹងត្រែង
- ភ្នំពេញ
រាជធានីភ្នំពេញ៖សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ នូវវឌ្ឍនភាពការងារ និងរូបភាពប្លង់គោល នៃព្រះសារមន្ទីរ ក្នុងខេត្តស្ទឹងត្រែង ដែលជាស្ថាបត្យកម្មដ៏ស្អាត និងជាការចងចាំ ព្រះវីរភាពរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមួយព្រះជន្មបានបម្រើប្រជាជាតិ ប្រជារាស្ត្រ មាតុភូមិកម្ពុជា ជាទីស្នេហារបស់ព្រះអង្គ ។
នេះបើតាមសារលិខិតរបស់សម្ដេចម៉ែ ជូនលោកឆាំង យុ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ នាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ។
សារលិខិតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា« ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលិខិតចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ទូលថ្វាយវឌ្ឍនភាពការងារ និងរូបភាពប្លង់គោល ព្រះសារមន្ទីរ ក្នុងខេត្តស្ទឹងត្រែង ដែលជាស្ថាបត្យកម្មដ៏ស្អាត និងជាការចងចាំព្រះវីរភាពរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមួយព្រះជន្មបានបម្រើប្រជាជាតិ ប្រជារាស្ត្រ មាតុភូមិកម្ពុជា ជាទីស្នេហារបស់ព្រះអង្គ ។
សូមឯកឧត្តមនាយក និងបុគ្គលិកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងបុគ្គលិក ព្រះ រាជបណ្ណាល័យហ្លួងម៉ែ ទាំងអស់ បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលនូវសេចក្ដីរាប់អានអំពីខ្ញុំ» ៕







ចែករំលែកព័តមាននេះ