ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយរឿងស្តុកទំនិញល្មើសច្បាប់ ! សមត្ថកិច្ចចម្រុះឆែក ១៨ទីតាំង រកឃើញឃ្លាំងខុសច្បាប់ ២កន្លែងនាំ​ចូល​ពី​​ថៃ សម្រេចបិទបណ្ណោះអាសន្ន និងឃាត់ខ្លួនមនុស្ស ៣នាក់

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម ១៨​ទីតាំង សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ទីតាំង​ចំនួន ២ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទំនិញ​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ ។ នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា នា​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៦​នេះ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​កម្លាំង​ចម្រុះ​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន ក​.​ប​.​ប ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​តូច ធំ ក្នុង​មូលដ្ឋាន​សរុប​ចំនួន ១៨​កន្លែង ដែល​សង្ស័យ​មាន​នាំ​ចូល ស្តុក​ទុក ចរាចរ និង​ចែកចាយ​ផលិតផល​បង្កក​មាន​ប្រភព​ពី​ប្រទេស​ថៃ ។

ក្នុង​ប្រតិបតិកា​រទាំង ១៨​ទីតាំង​នេះ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ទីតាំង​ចំនួន ២ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ទំនិញ​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ រួម​មាន​:

១. ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​នាំ​ចូល​ស្ថិត​នៅ ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ របស់​ក្រុមហ៊ុន អេស​ខេ​អេស​ខេ ឯ​.​ក ដែល​បាន​ស្តុក​ទំនិញ​ទាំងនោះ​មាន​ចំនួន​៦១​មុខ ជា​ប្រភេទ​កាហ្វេ ទឹកសេរ៉ូ ម្ស៉ៅ​ទឹកដោះគោ​។

២. ទីតាំង​ឃ្លាំង​ស្ថិត​នៅផ្ទះ​លេខ​១០២ ផ្លូវ​៧៩BT ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ ដែល​បាន​ស្តុក​ផលិតផល​ប្រភេទ​សាច់​បង្កក​។

ជា​លទ្ធផល​សម្រាប់​ប្រ​តិ​ប​តិ្ត​ការ​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ សមត្ថកិច្ច​សម្រេច​បិទ​ឃ្លុំ​ទីតាំង​ឃ្លាំង​ទាំង​២ ខាងលើ​នេះ​ជា​បណ្តោះអាសន្ន និង​បាន​សម្រេច​ឱ្យ​នាំ​ខ្លួន​ម្ចាស់ និង​អ្នកគ្រប់គ្រង​ឃ្លាំង​ក្នុង​ខណ្ឌដង្កោ​ចំនួន ២​នាក់ និង​ឃ្លាំង​ក្នុង​ខណ្ឌមានជ័យ​ចំនួន ១​នាក់ ទៅ​ធ្វើការ​សាកសួរ​បន្ថែម​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​ច្បាប់ ។

គួរ​បញ្ជាក់​ដែរ​ថា គិត​ចាប់ពី​ថ្ងៃ​ទី​១០ មក​ដល់​ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បាន​សហការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​តូច ធំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​សង្ស័យ​បាន​នាំ​ចូល ស្តុក​ទុក ចរាចរ និង​ចែកចាយ​ផលិតផល​បង្កក និង​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ខុសច្បាប់ បាន​សរុប​ចំនួន​១០៧​ទីតាំង ក្នុង​នោះ​ក្រុមការងារ​ចម្រុះ​បាន​សម្រេច​បិទ​បណ្តោះអាសន្ន​ទីតាំង​ចំនួន ១២​ទីតាំង​ហើយ​៕