ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ! ​សហគមន៍​ទុរេន​បែក​អន្លូង​មានQR​បិទ​សម្គាល់ហើយ​ខណៈអាជ្ញាធរ​​រឹតបន្តឹង និង​ទប់ស្កាត់​ការ​នាំ​ទុរេន​ក្រៅ​មក​បន្លំ

4 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ «​សម្រាប់​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត​គឺ​ចង់បាន​ឲ្យ​ម្ចាស់​ចម្ការ​ប្រមាណ​ជាង​២០០០​ហិ​កតា ក្នុងស្រុក​​ស្ទឹង​ត្រង់​ទាំងមូល​ចូល​ជា​សមាជិក​ដើម្បី​ទទួល​បាន​ខេ​ម​ហ្គេ​ត​»។​ នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ក្នុង​ឱកាស​ជួប​សំណេះសំណាល់​ជាមួយ​កសិករ​ជា​ម្ចាស់​ចម្ការ​ទុរេន​ក្នុង​«​សហគមន៍​ទុរេន​បែក​អន្លូង​»ក្នុង​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៣​មិថុនា​ឆ្នាំ​២០២៦​។ ជាមួយ​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​សៀ​ក ឡេ​ង អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​តំ​ណា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រួម​ទាំង​ក្រុមបច្ចេកទេស​ផង​ដែរ​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ក្នុង​ពេល​ដែល​រូប​លោក​បាន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​និង​បាន​ចុះ​សួរនាំ​អ្នក​លក់ដូរ​ទុរេន​ក៏​ជួប​ស្ត្រី​ម្នាក់​ដែល​មក​ពី​ខេត្តកំពត បាន​ដើរ​ម៉ៅ​ចំការ​ទុរេន​នៅ​បែក​អន្លូង យក​មក​លក់ដូរ​នៅ​តូប​របស់​គាត់ តែ​មិន​ទាន់​បាន​ចូល​ជា​សមាជិក​សហគមន៍​ទុរេន​បែក​អន្លូង​នៅឡើយ​។ ក្រោយ​ពី​មានការ​រឹត​បន្តឹង​បាន​ដឹកនាំ​ដោយ​លោក​ឡោ ចាន់​លី អភិបាលរង​ខេត្ត បាន​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹក​ទុរេន​ពី​ខាងក្រៅ​២​រថយន្ត​ដែល​បន្លំ​ថា​ជា​ទុរេន​បែក​អន្លូង​។

ឯកឧត្តម​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​ជៀសវាង​សកម្មភាព​ការ​នាំ​ទុរេន​ពី​ក្រៅ​មក​ក្លែងបន្លំ​ត្រូវ​បាន​លោក​មេឃុំ​អារក្ស​ត្នោត បាន​ចុះ​ពិនិត្យ​តាម​កន្លែង​លក់ដូរ​ព្រមទាំង​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ពួក​គាត់​ពិតជា​បាន​លក់​ទុរេន​បែក​អន្លូង​។​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ក៏​ដូច​ជា​ជំនាញ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត តាម​រយៈ​ការ​ស្នើ​សុំ​ទីបំផុត​ត្រូវ​បាន​កម្លាំង​របស់​ក្រសួងកសិកម្ម​ចុះ​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​ខេ​ម​ហ្គេ​ត ហើយ​និង​ទទួល​បាន QR សម្រាប់​បិទ​លើ​ផ្លែ​ទុរេន​នេះ​ជា​ជោគជ័យ​ជំហាន​ដំបូង​។​នៅ​ពេល​ខាង​មុខ​និង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចុះ​មក​ដើម្បី​ប្រកាស​ទទួលស្គាល់​ស្លាក​សញ្ញា ដូច្នេះ​កសិករ​ម្នាក់​ៗ​ត្រូវ​តែ​រក្សា​ពី​គុណ​តម្លៃ​និង​គុណភាព​ដើម្បី​ជៀសវាង​ការ​ថ្លែង​បន្លំ​។ មួយវិញទៀត​ពេល​ដែល​បិទ​ស្លាក​សញ្ញា​(QR)​លើ​ផ្លែ​ទុរេន​គឺ​បងប្អូន​អាច​នាំ​តែ​លក់​បាន​នៅ​ផ្សារ​ទំនើប​ដូច​ជា​អ៊ី​​អន នៅ​រាជធានី​ភ្នំពេញ​ជាដើម​។ សម្រាប់​ចំការ​នៅ​ក្នុងស្រុក​ស្ទឹង​ត្រង់​និង​ចម្ការលើ​គឺ​មាន​រហូត​ដល់​ជាង​៣០០០​ហិច​តា ហើយ​អ្នក​ដែល​ចូល​សហគមន៍​នៅ​បែក​អន្លង់​ទើបតែ​បាន​ចំនួន​១៦១​នាក់ ស្មើ​ប្រមាណ​៣០% ប៉ុណ្ណោះ​។​តាម​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត​គឺ​ចង់​ឃើញ​ផុត​ពី​ផ្លែ​ទុរេន​ដល់​សាវម៉ាវ​ព្រមទាំង​ផល​ផ្លែ​ផ្សេង​ៗ​ទៀត​តាម​រដូវ​កាល ដើម្បី​ឱ្យ​បែក​អន្លូង​​ក្លាយទៅជា​តំបន់​កសិក​ទេសចរណ៍​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​លេង​នៅ​តំបន់​នេះ​ដែល​មាន​ភាព​អ៊ូអរ​។

ឯកឧត្តម​សៀ​ក ឡេ​ង អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ផ្អែក​តាម​របាយការណ៍​ពី​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ដែល​ទទួល​បាន​គឺ​មាន​ចម្ការ​ទុរេន​នៅ​បែក​អន្លូង​ចំនួន​៧​ចំការ ដែល​ទទួល​បាន​ខេ​ម​ហ្គេ​តសម្រាប់​បិទ​នៅ​លើ​ផ្លែ​ទុរេន ដើម្បី​បញ្ជាក់​ថា​ការ​ដាំ​ដុះ​គឺ​អនុវត្ត​ត្រឹមត្រូវ​តាម​បច្ចេកទេស​និង​ស្តង់ដារ ។​ហើយ​នីតិវិធី​នៃ​ការ​ស្នើ​សុំ​ខេ​ម​ហ្គេ​ត ក៏​មិន​មាន​លក្ខណៈ​ងាយស្រួល ដែល​ទាមទារ​ចំណាយពេល​ច្រើន​។ ដូច្នេះ​ពេល​ដែល​បាន sticker បិទ​នៅ​លើ​ផ្លែ​ទុរេន​ទៅ​ដល់​ទីណា​ក៏​គេ​ទទួលស្គាល់​ពី​គុណភាព​ដែរ​។ សព្វថ្ងៃ​មន្ត្រី​កសិកម្ម​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្ដា​ឃុំ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​រហូត​ដល់​១៦០០ នាក់ មួយទៀត​ប្រព័ន្ធ​ថ្មី​ដែល​មាន​លក្ខណៈ​បែប​ទំនើប អាច​ឲ្យ​យើង​ដឹង​ពី​ប្រភព​ទុរេន​និង​លក់​ទៅ​ដល់​ទីណា​ក៏​ដឹង​ហើយ​គ្រោង​នឹង​សាកល្បង​នៅ​ក្នុង​សហគមន៍​ទុរេន​បែក​អន្លូង​មុនគេ​ ៕