ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានឃាត់ខ្លួនចោរកាំបិតផ្គាក់២នាក់

12 ម៉ោង មុន

ខេត្តកណ្ដាល៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនចោរកាំបិតផ្គាក់២នាក់ ក្នុងចំណោមគ្នា៥នាក់ ដែលបានធ្វើសកម្មភាពធាក់ផ្ដួលនិងដេញកាប់យុវជន៣នាក់ប្លន់យកម៉ូតូ១គ្រឿងរួចយកទៅប្លុងចោលវិញ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៦ នៅតាមផ្លូវលំ ស្ថិតនៅក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះឈ្មោះឈុំ វ៉ារ៉ាប៊ី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ មានសារធាតុញៀនក្នុងទឹកនោម ។ ២-ឈ្មោះ វិចិត្រ ច័ន្ទដាវីត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល មានសារធាតុញៀនក្នុងទឹកនោម ហើយបក្ខពួកចំនួន០៣នាក់ទៀតមិនស្គាល់អត្ដសញ្ញាណកំពុងគេចខ្លួន ។

នគរបាលរកឃើញម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសង់C125 ពណ៍ខ្មៅ ផលិតឆ្នាំ២០២៤ ឡើងតែមស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1KV-2184 ដែលជនសង្ស័យប្លន់បានរួចយកទៅប្លុងចោល និងបានយកប្រគល់ឲ្យជនរងគ្រោះវិញហើយ ។

ដោយឡែកជនរងគ្រោះឈ្មោះ ច្រឹក ភក្តី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលនៅ ក្នុងភូមិលំហាច ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដួលរងរបួសរលាត់ស្មាខាងឆ្វេង និងរលាត់ក្បាល់ជង្គង់ទាំង០២ ។

នគរបាលបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង២៣និង៥០នាទីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ជនរងគ្រោះនិងមិត្តភ័ក្តិ២នាក់ទៀតបានជិះម៉ូតូ២គ្រឿងចេញពីផ្ទះជួលនៅថ្នល់ទទឹង ឃុំដំណាក់អំពិស ស្រុកអង្គស្នួល ឆ្ពោះទៅលេងរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ឌុបគ្នាដោយជិះបិទភ្លើងដេញតាមពីក្រោយ ហើយពេលដល់ទន្ទឹមក៏ធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលនៅលើចិញ្ចើមថ្នល់ ។

នគរបាលបានប្រាប់បន្តថា ពេលនោះជនរងគ្រោះបាននាំគ្នារត់ចូលទៅក្នុងស្ថានីយ៍ហ្គាសដែលនៅជិតនោះទាំង៣នាក់ ជនសង្ស័យបាននាំគ្នាលើកយកម៉ូតូរបស់ជនរងគ្រោះបម្រុងជិះយកចេញគេចខ្លួន ។ ប៉ុន្តែម៉ូតូដេរមិនឆេះ ទើបជនសង្ស័យបានទុកម៉ូតូនោះចោលវិញ រួចដកយកតែសោ ហើយនាំគ្នាជិះម៉ូតូរបស់ខ្លួនគេចទៅបាត់ស្រមោល ។ ចំណែកជនរងគ្រោះក៏បានរត់ទៅលើកយកម៉ូតូរបស់ខ្លួនដើម្បីជិះបន្តដំណើរ ប៉ុន្តែម៉ូតូអត់សោរ ក៏នាំគ្នារុញបណ្ដើរចូលទៅតាមផ្លូវលំក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួលដដែលនោះ ។

នគរបាលបានបញ្ជាក់ប្រាប់ថា រហូតដល់វេលាម៉ោង១២និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៦ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងទៀតម៉ាកស៊ុយហ៊្យុយគីនិចឌុបគ្នា ហើយអ្នកជិះខាងក្រោយកាន់កាំបិតផ្គាក់ទៅដល់ និងស្រែកថាពួកអាហ្នឹងហើយ ។ ពេលឮដូច្នេះជនរងគ្រោះក៏បានផ្ដួលម៉ូតូចោល ហើយរត់ឡើងជិះម៉ូតូ១គ្រឿងទៀតជាមួយមិត្តភក្តិ ដើម្បីគេចខ្លួន ចំណែកជនសង្ស័យបានលើកយកម៉ូតូជនរងគ្រោះ ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន ឲ្យជួយអន្តរាគមន៍ ហើយក្រោយមកកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន បានចុះទៅកន្លែងកើតហេតុធ្វើកាស្រាវជ្រាវទាំងយប់ ។

នគរបាលបានប្រាប់បន្ថែមថា លុះព្រឹកឡើងនៅថ្ងៃខែឆ្នាំដដែលកម្លាំងផ្នែកព្រហ្មទណ្ឌនគរបាលស្រុកអង្គស្នួលបានសហការជាមួយកម្លាំងប៉ុស្តិ៍បែកចាន បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាព ឈានដល់កំណត់បានមុខសញ្ញាបាន ។ បន្ទាប់មកចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់ខាងលើនិងរកឃើញម៉ូតូរបស់ជនរងគ្រោះ ដែលត្រូវជនសង្ស័យយកទៅប្លុងចោលនៅរោងបុណ្យ ភូមិត្រពាំងសុក្រំ និងមានស្នាមកាប់បណ្ដាលឲ្យរងការខូចខាតច្រើនកន្លែងផងដែរ ។
នៅចំពោះមុខសមត្ថិកិច្ចជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ចំពោះក្រុមដែលធ្វើសកម្មភាពដេញធាក់និងវាយយកម៉ូតូរបស់ជនរងគ្រោះនោះ ជាបក្ខពួករបស់ខ្លួន តែខ្លួនមិនបានស្គាល់អត្ដសញ្ញាច្បាស់នោះឡើយ ហើយពួកខ្លួនក៏បានប្រើប្រាស់សារធាតុញៀនផងដែរ ៕