រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ពិធីបុណ្យផ្កាយ «តាណាបាតា» ឆ្នាំ២០២៦ មិនត្រឹមតែជាកម្មវិធីវប្បធម៌ដ៏សំខាន់របស់ជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានតម្លៃក្នុងការជំរុញការផ្លាស់ប្ដូរវប្បធម៌ ការអប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការបង្កើនការយល់ដឹង និងចំណងមិត្តភាពក្នុងចំណោមយុវជនកម្ពុជា-ជប៉ុន។
ការលើកឡើងនេះរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីបើកពិធីបុណ្យផ្កាយឆ្នាំ២០២៦ នាព្រលប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមសហអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះស្ថានទូតជប៉ុន មជ្ឈមណ្ឌល CJCC និងការិយាល័យទំនាក់ទំនងមូលនិធិជប៉ុនប្រចាំភ្នំពេញ ដែលបានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា កម្ពុជា និងជប៉ុនមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏យូរអង្វែង ដែលត្រូវបានពង្រឹងតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានបើកឱកាសទូលំទូលាយសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់គុណភាពអប់រំ និងការផ្លាស់ប្ដូរយុវជន និងកីឡា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ជឿជាក់ថា ពិធីបុណ្យផ្កាយ «តាណាបាតា» នឹងបន្តដើរតួជាស្ពានចម្លងវប្បធម៌ដ៏រស់រវើក និងជាកម្លាំងចលករក្នុងការបណ្ដុះស្មារតីសាមគ្គីភាព និងភាពជាដៃគូរវាងយុវជននៃប្រទេសទាំងពីរ ដើម្បីរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នានាពេលអនាគត។
សូមជម្រាបថា ពិធីបុណ្យផ្កាយ «តាណាបាតា» ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានសកម្មភាពសម្បូរបែបទាក់ទងនឹងសិល្បៈ វប្បធម៌ ប្រពៃណី ក៏ដូចជាការតាំងបង្ហាញផលិតផល សេវាកម្ម និងម្ហូបអាហារជាច្រើនផងដែរ៕
ចែករំលែកព័តមាននេះ