ទីក្រុងហាណូយ៖ ទូកល្បឿនលឿនមួយគ្រឿងដឹកអ្នកទេសចរជនជាតិឥណ្ឌា៣២នាក់ និងបុគ្គលិកក្រុមហ៊ុន៤នាក់ទៀតកំពុងបើកសុខៗនៅលើឆ្នេរសមុទ្រនៃកោះហ្វ៊ូកុក (កោះត្រល់) ស្រាប់តែក្រឡាប់ បណ្ដាលឱ្យមនុស្ស១៥នាក់ស្លាប់។ ទូកល្បឿនលឿននេះជារបស់ក្រុមហ៊ុនអូសឹនភា (Ocean Pear) ដឹកអ្នកទេសចរពីកោះម៉ៃរូត (May Rut) ទៅកំពង់ផែនៃខេត្តអានថយ (An Thoi)។ នៅម៉ោង១រសៀល ទូកនោះស្រាប់តែក៏ក្រឡាប់ភ្លឹបតែម្ដង បីដូចគេចាប់គ្រវែងអ្នកជិះនៅលើទូកនោះចូលទៅក្នុងទឹកដូច្នោះដែរ។ នេះបើយោងតាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរនៃកោះហ្វ៊ូកុក។

នៅពេលឃើញទូកនោះក្រឡាប់ដូច្នេះ ទូកដឹកអ្នកទេសចរដែលនៅក្បែរៗនោះក៏ប្រញាប់បើកទៅកន្លែងកើតហេតុដើម្បីជួយសង្គ្រោះ។ ម្ចាស់ទូកម្នាក់ដែលចូលរួមនៅក្នុងការជួយសង្គ្រោះនោះប្រាប់ថាទូករបស់គាត់ប្រើពេលត្រឹមតែ៥នាទីប៉ុណ្ណោះអាចបើកទៅដល់កន្លែងកើតហេតុ។ ប៉ុន្តែការជួយសង្គ្រោះជួបនឹងឧបសគ្គមួយចំនួនដោយសារអ្នកទេសចរភាគច្រើនជាប់ផុងរើខ្លួនមិនរួចនៅក្នុងទូកដែលក្រឡាប់ផ្ងារជើងឡើងលើ។ គាត់ប្រាប់បន្តទៀតថាមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលគេស្រង់បានពីក្នុងទឹកទាំងមានជីវិតរស់នៅ។ នៅពេលនោះ ផ្ទៃសមុទ្រនៅអានថយមានខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ។ ប៉ុន្តែគ្មានភ្លៀងធ្លាក់ទេ ហើយទូកដឹកអ្នកទេសចរនានាបន្តបើកបរនៅទីនោះដូចធម្មតា។

អាជ្ញាធរបញ្ជូនកប៉ាល់២គ្រឿង និងកម្លាំង៣៥នាក់ចុះទៅកន្លែងកើតហេតុដើម្បីចូលរួមជាមួយកងទ័ពជើងទឹក, ឆ្មាំល្បាតដែនសមុទ្រ និងភាគីពាក់ព័ន្ធរបស់ស្ថាប័នដទៃទៀត។ គិតត្រឹមល្ងាចនេះ ក្រុមអ្នកជួយសង្គ្រោះស្រង់ចេញពីក្នុងទឹកនូវមនុស្ស៣៦នាក់ដែលជិះនៅលើទូករងគ្រោះ។ ក្នុងនោះ មនុស្ស២១នាក់អាចរួចផុតពីសេចក្ដីស្លាប់ ខណៈដែល១៥នាក់ទៀតត្រូវគ្រូពេទ្យបញ្ជាក់ថាបានស្លាប់ហើយ។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះមានស្ត្រី២នាក់ និងបុរស១៣នាក់។ អ្នកតំណាងក្រុមហ៊ុនអូសឹនភាថ្លែងថាទូកល្បឿនលឿនរបស់ខ្លួនមុនពេលជួបនឹងឧបទ្ទវហេតុនេះបានដឹកអ្នកទេសចរធ្វើដំណើរកម្សាន្តវិលជុំ។ កាពីទែនទូកនេះជាបុរសវ័យ៥០ឆ្នាំប្លាយ និងមានបទពិសោធបើកទូកជាច្រើនឆ្នាំ។

កោះម៉ៃរូតស្ថិតនៅចម្ងាយពី១០-១២គីឡូម៉ែត្រភាគខាងត្បូងកោះហ្វ៊ូកុក។ ទីនេះមានឈ្មោះល្បីល្បាញដោយសារមានទឹកថ្លាឆ្លុះដល់បាតដី មានឆ្នេរខ្សាច់សក្បុសដូចសំឡី និងមានថ្មប៉ប្រះទឹកស្អាតៗគួរឱ្យចង់ទស្សនា។ កន្លែងនេះជាទីពេញនិយមសម្រាប់ការមុជទឹកទៅបាតសមុទ្រ។ ដើម្បីឆ្លងទៅកោះនេះ គេត្រូវចំណាយពេលចេញដំណើរពីអានថយចាប់ពី២០-៤០នាទី អាស្រ័យទៅលើទូកមានល្បឿនលឿន ឬយឺត ដឹកមនុស្សច្រើន ឬតិច។ កោះហ្វ៊ូកុកទទួលបានអ្នកទេសចរច្រើន។ រយៈពេល៦ខែចាប់ពីដើមឆ្នាំរហូតដល់ចុងខែមិថុនា ហ្វ៊ូកុកទទួលបានអ្នកទេសចរ៥,៧លាននាក់។ ពោលគឺលើសឆ្នាំមុន៣០%។ នៅក្នុងចំណោមអ្នកទេសចរទាំងនោះ ១,៣២លាននាក់ជាជនជាតិបរទេស។ មានន័យថាជនជាតិបរទេសកើនឡើង៥០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តអានថយ៕ ប្រភព៖ Vietnam Express

ចែករំលែកព័តមាននេះ