ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ពាក្យ​សម្ដីគ្នា​ពេលផឹកស៊ី​​ ផ្ទុះហិ.ង្សា​កា.ប់​ស្លា.ប់ម្នាក់​

1 នាទី មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជាប់ចោទ​បាន​ប្រើ​កាំបិត​កាប់​គូរ​ជម្លោះ​ពេល​ផឹកស៊ី​ជាមួយ​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ក្នុង​ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ដល់​សាលាដំបូង​ខេត្ត​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ​ឆ្នាំ​២០២៦ ដើម្បី​សួរនាំ​។

លោក​វរសេនីយ៍ឯក​សាំ ហេង អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច​នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ អ៊ឹម ឡុ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ស្ថិត​នៅ​ភូមិ​ទួល​កណ្ដោល​ជើង ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មាន​មនុស្ស​ប្រុស​ចំនួន​៥​នាក់​៖ ទី​១.​ឈ្មោះ កុ​ល រតនា ហៅ​ស្នា អាយុ​៤០​ឆ្នាំ ទី​២.​ឈ្មោះ វ៉ា​ន់ ស៊ី​នឿ​ន អាយុ​៣២​ឆ្នាំ ទី​៣.​ឈ្មោះ លាង ឈុ​ន​ឡេ​ង អាយុ​៥២​ឆ្នាំ ទី​៤.​ឈ្មោះ វ៉ា​ន វឿ​ន អាយុ ៥២ ឆ្នាំ ទី​៥-ឈ្មោះ ចិន ចិត្ត អាយុ​៤៧​ឆ្នាំ ទាំងអស់​គ្នា​នៅ​ភូមិ​ទួល​កណ្តោល​ជើង ឃុំ​ជី​គរ បាន​នាំ​គ្នា​ផឹកស្រា​អស់​ចំនួន​១​លី​ត្រ នៅផ្ទះ​របស់​ឈ្មោះ អ៊ឹម ឡុ​ង ។​ ក្នុង​ពេល​នោះ​ក៏​មាន​បញ្ហា​ទំនាស់​ពាក្យ​សំដី​បាន​កើតឡើង​ដោយសារ​តែ​ជាតិ​សុរា​ចូលខ្លួន​ច្រើន​ពេក​។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា​នៅ​ក្នុង​ពេល​នោះ​ស្រាប់តែ​ឈ្មោះ កុ​ល រតនា ហៅ​ស្នា ឈ្មោះ វ៉ា​ន់ ស៊ី​នឿ​ន និង​ឈ្មោះ លាង ឈុ​ន​ឡេ​ង ក៏​បាន នាំ​គ្នា​ទិញ​ស្រា​១​លី​ត្រ​ទៀត ដើម្បី​ទៅ​ផឹក​បន្ត​នៅផ្ទះ​របស់​ឈ្មោះ ហុង ភោគ មាន​គ្នា​ចំនួន​៣​នាក់ ផឹក​បាន បន្តិច​ឈ្មោះ លាង ឈុ​ន​ឡេ​ង ឃើញ​ឈ្មោះ វ៉ា​ន់ ស៊ី​នឿ​ន និង ឈ្មោះ កុ​ល រតនា ហៅ ស្នា ឈ្លោះ ប្រកែក ចង្អុលមុខ​គ្នា ហើយ​ក៏​បាន​ទៅ​ផ្ទះ​មុន​ទៅ​។ នៅ​សល់​តែ​ឈ្មោះ កុ​ល រតនា ហៅ​ស្នា និង​ឈ្មោះ វ៉ា​ន់ ស៊ី​នឿ​ន នៅ​ផឹក​បន្ត​តែ​២​នាក់ បន្តិច​ក្រោយមក​ឈ្មោះ វ៉ា​ន់ ស៊ី​នឿ​ន ក៏​បាន​ដើរទៅ​ប្រាប់​ឈ្មោះ​អ៊ឹម ឡុ​ង ថា​ឲ្យ​មក​មើល​ឈ្មោះ កុ​ល រតនា ហៅ​ស្នា ផង​ផឹក​ៗ​ក៏​ចេញ​ឈាម​ក្បាល ហើយ​ឈ្មោះ អ៊ឹម ឡុ​ង ក៏​បាន​ហៅ​ប្រពន្ធ​របស់​ឈ្មោះ​កុ​ល រតនា ហៅ​ស្នា ឲ្យ​ទៅ​មើល​ក៏​ឃើញ​ឈ្មោះ កុ​ល រតនា ហៅ​ស្នា​ដេក​លើ​ដី​ក្រោមផ្ទះ​មាន​ស្នាម​ដាច់​រយះ​លើ​ថ្ងាស​ហូរ​ឈាម រួច​ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​ឈ្មោះ កុ​ល រតនា ហៅ​ស្នា ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះ​សីហ​នុ ក្រុង​សួង និង​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ «​មិត្តភាព កម្ពុជា ចិន​ត្បូងឃ្មុំ​» ។ បន្ទាប់​មក​ក្រុម​គ្រួសារ​សម្រេចចិត្ត​យក​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​ម្តាយបង្កើត​នៅ​ក្រុង​សួង​វិញ​ហើយ​ក៏​បាន​ស្លាប់​នៅ​យប់​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦​។

បន្ទាប់​ពី​ទទួល​បណ្ដឹង​ពី​ប្រពន្ធ​របស់​សព​ជន​រង​គ្រោះ នៅ​ថ្ងៃ​ទី​៩ ខែ​ឆ្នាំ​ដដែល ដោយ​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ និង​បញ្ជា​ពី​លោក កែវ ភក្តី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជី​គរ នាំ​ខ្លួន​ឈ្មោះ វ៉ា​ន់ ស៊ី​នឿ​ន ដើម្បី​សួរ ចម្លើយ ដោយ​មាន​ព្រះ​រា​ជ្ញា​រង កែវ ភក្តី ចូលរួម​សួរ​ចម្លើយ និង​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ ដោយ​ផ្ទាល់ រួច​បញ្ជា​អោយ​ឃាត់ខ្លួន​ជន សង្ស័យ​ឈ្មោះ វ៉ា​ន់ ស៊ី​នឿ​ន ខាងលើ ចងក្រង​សំណុំរឿង​តាម​នីតិវិធី​។

អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា ក្រោយ​ហេតុតែ​កើតឡើង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃើញ​ជនសង្ស័យ​ឈ្មោះ ស៊ី​នឿ​ន ដែល​បាន​ផឹកស៊ី​ជាមួយ​អ្នក​រង​គ្រោះ​គឺ​ផឹកស្រា​ថ្នាំ​អស់​ចំនួន​២​លី​ត្រ ទើប​មាន​ទំនាស់​ពាក្យ​សម្ដី​កើតឡើង ជន​នេះ​ក្រោយ​ពី​បាន​កាប់​អ្នក​រង​គ្រោះ​មួយ​កាំបិត​ស្លាប់​ហើយ​បាន​ត្រឡប់​មក​ផ្ទះ​របស់​ខ្លួន​វិញ​ដោះ​សំលៀក​បំពាក់​បោកគក់​ឲ្យ​ស្អាត​ដើម្បី​ជម្រះ​ឈាម​ចេញ​កុំ​ឲ្យ​មាន​អ្នក​ផ្សេង​មើល​មក​មានការ​សង្ស័យ​។​តែ​ទីបំផុត​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​បាន​យ៉ាង​តន់​ហន់​ព្រមទាំង​ដក​រហូត​វត្ថុ​តាង​ចាប់​យក​នៅផ្ទះ​ជនសង្ស័យ​មានកាំបិត​បុ័ងតោ​ចំនួន​១​ផង​ដែរ​ ៕​