ខេត្តកំពង់ស្ពឺ៖ ក្រុមជូនសង្ស័យចំនួន៤នាក់ ដែលប៉ុនប៉ងលួច ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកន្លងមកធ្លាប់ធ្វើសកម្មភាពលួចម៉ូតូតាមបណ្ដាខេត្តនិងរាជធានីច្រើនលើក ត្រូវបាននគរបាលស្រុកគងពិសីឃាត់ខ្លួនបាន។
ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤ខាងលើនេះដោយអនុវត្តតាមបញ្ជាដឹកនាំ លោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នគរបាលស្រុកគងពិសី បានធ្វើការល្បាតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣០-៣១ ចំណុចកញ្ចុះដីឡូតិ៍មួយកន្លែង ស្ថិតនៅក្នុងភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់។
នគរបាលស្រុកគងពិសីបាននិយាយដឹងថាក្រុមជនសង្ស័យចំនួន៤ដែលឃាត់ខ្លួនបាននោះទី១- ឈ្មោះ វ៉ាន់ ខុង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រែកតានូ សង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ ខុន សុធារី ភេទប្រុសអាយុ៣៨ឆ្នាំ លំនៅភូមិកំពង់ភ្នំ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ទី៣-ឈ្មោះ រិន អេ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រែកតានូ សង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៤-ឈ្មោះ ចាន់ ពៅ ភេទប្រុសអាយុ៣៤ឆ្នាំ លំនៅផ្ទះជួល ភូមិព្រៃកតានូ សង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនគរបាលបានធ្វើការដកហូតវត្ថុតាងម៉ូតូ០២គ្រឿង ម៉ាកវ៉េវ អត់ស្លាកលេខ និងហុងដាសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ រលុបស្លាកលេខ(មើលមិនស្គាល់) និង ឧបករណ៍កាច់ក ម៉ូតូ ឆ្កឹះសោរ មួយចំនួនផងដែរ។
នគរបាលស្រុកគងពិសីបានបន្តដឹងទៀតថាក្រោយសួរនាំក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួន ពិតជាមានបំណងមក ប៉ុនប៉ងលួចម៉ូតូ និងកាត់ខ្សែភ្លើង ពិតប្រាកដមែន។ចំពោះវត្ថុតាង ម៉ូតូ០២គ្រឿង ដែលដកហូតនេះ គឺ ជនសង្ស័យឈ្មោះវ៉ាន់ ខុង និងឈ្មោះរិន អេ បានធ្វើសកម្មលួចម៉ូតូ សណ្តោងរ៉ឺម៉ក ទុកចោលនៅតាមផ្លូវជាតិលេខ១ ស្ថិតនៅក្នុងស្រុកកៀនស្វាយខេត្តកណ្តាល(ប្រហែល០៣ខែមុន)។
ជនសង្ស័យទាំង០២នាក់នេះ បានសារភាពទៀតថា: ធ្លាប់ធ្វើសកម្មភាពលួចយកម៉ូតូនៅក្រុងអរិយក្សត្រ ៤លើក(ស្តុបពី១គ្រឿង និងហុងដាសេ១២៥ ចំនួន០៣គ្រឿង (លើកចុងក្រោយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ ម្តុំវត្តវិហារសួគ៌ )។
នគរបាលស្រុកគងពិសីបានបញ្ជាក់ឲ្យដឹងថាក្រោយឃាត់ខ្លួនក្រុមជនសង្ស័យខាងលើរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ