កំសួលនៃមន្ទិលអំពីប្រភពទុរេន បានជំរុញឲ្យសហគមន៍ទុរេនស្រុងស្ទឹងត្រង់ ដែលជាសម្បុកចម្ការទុរេន ដ៏ពេញនិយម និងល្បីល្បាញមួយនៅកម្ពុជា បង្កើតស្លាកសញ្ញាសម្គាល់ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់ការណែនាំដល់ប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ឱ្យរួបរួមគ្នាបង្កើតជាស្លាកសញ្ញានេះឲ្យច្បាស់លាស់នៅពេលលោកចុះ សំណេះសំណាល និងពិនិត្យមើលសហគមន៍មួយកន្លែង នៅឃុំរក្សត្នោត ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ។
លោកបានលើកឡើងថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសាដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ ប៉ុន្តែកន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ ។
នៅពេលនេះ ទុរេនជាដំណាំដែលកំពុងតែដាំបាននៅទីតាំងជាច្រើន ខណៈដែលពីមុនមក គឺមានតែនៅកំពត ។ ក្រៅពីកំពត និងកំពង់ចាម ទុរេនត្រូវបានដាំជាចម្ការនៅពោធិ៍សាត់ រតនៈគីរី មណ្ឌលគីរី កោះកុង ត្បូងឃ្មុំជាដើម ៕


ចែករំលែកព័តមាននេះ