ទីក្រុងគូឡាឡាំពួ ៖ ប្រទេសម៉ាឡេស៊ីកំពុងងាកទៅរកការបង្កើតភ្លៀងសិប្បនិម្មិត (Cloud Seeding) ដើម្បីបង្អុរភ្លៀងដល់តំបន់ភាគខាងជើង ដែលត្រូវបានទទួលស្គាល់ថា «ជង្រុកស្រូវ» ដែលកំពុងរងគ្រោះដោយគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដោយបានពន្យារពេលការដាំដុះដំណាំសំខាន់ៗ និងបង្កើនការភ័យខ្លាចចំពោះការផ្គត់ផ្គង់។ នេះបើយោងតាមប្រភពពី AFP, Malay Mail និងប្រភពផ្សេងទៀតបានចេញផ្សាយ កាលពីពេលថ្មីៗនេះ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងអាហារម៉ាឡេស៊ី លោក Mohamad Sabu បានប្រាប់ AFP ថា ឆ្នាំនេះ ត្រូវបានរងផលប៉ះពាល់ដោយអាកាសធាតុរាំងស្ងួតយូរ ភ្លៀងធ្លាក់តិច និងកម្រិតទឹកទំនប់ថយចុះ។ លក្ខខណ្ឌទាំងនេះមានន័យថា បណ្តាកសិករបានខកខានដំណាក់កាលដាំដុះធម្មតាពីរក្នុងចំណោមបីដំណាក់កាល សម្រាប់អ្វីដែលត្រូវបានហៅថា ការពង្រោះគ្រាប់ស្រូវសើម ដែលជាបច្ចេកទេសមួយតម្រូវឱ្យមានទឹកលិចវាលស្រែ។
ការសាបព្រោះដោយផ្ទាល់លើដីស្ងួត គឺជាជម្រើសជំនួស ហើយថ្ងៃផុតកំណត់សម្រាប់ការអនុវត្តនេះ ត្រូវអូសបន្លាយរហូតដល់ខែមិថុនា។ ប៉ុន្តែកសិករអះអាងថា បច្ចេកទេសនេះ ផ្តល់ទិន្នផលទាបជាង ហើយថាភ្លៀងធ្លាក់រាយប៉ាយថ្មីៗនេះ ក៏បានធ្វើឱ្យវាមិនអាចអនុវត្តបានក្នុងស្រែមួយចំនួនផងដែរ។
ខណៈដែលផ្ទៃដីស្រែលើសពី ៥០% នៅក្នុងតំបន់ត្រូវបានត្រៀមរួចស្រេចដើម្បីការដាំដុះនោះ ប៉ុន្តែមានតែមួយផ្នែកតូចប៉ុណ្ណោះត្រូវបានបង្កបង្កើនផល ដោយសារកសិករកំពុងតែរង់ចាំទឹកភ្លៀង។
តាមរយៈនោះ លោក Mohamad បានទទូចថា ការដាំដុះមិនត្រូវលុបចោលទេ ប៉ុន្តែការកែតម្រូវបណ្តោះអាសន្ន និងវិធានការកាត់បន្ថយកំពុងអនុវត្ត។ ដ្បិតយោងតាមរបាយការណ៍ក្នុងស្រុកបង្ហាញថា នៅក្នុងតំបន់អាជ្ញាធរអភិវឌ្ឍន៍កសិកម្មមូដា (Muda) របស់រដ្ឋកេដា (Kedah) ភាគខាងជើងប្រទេសម៉ាឡេស៊ី អាងស្តុកទឹកដ៏សំខាន់សម្រាប់តំបន់នេះមានត្រឹមតែ ៨% ប៉ុណ្ណោះ។
ដោយត្រូវបានគេស្គាល់ថាជាជង្រុកស្រូវនៃប្រទេសម៉ាឡេស៊ីនោះ រដ្ឋកេដាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មជាតិក្នុងនាមជាទីតាំងផលិតអង្ករដ៏ធំបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី ដូច្នេះផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅទីនោះ កំពុងតែជាក្តីបារម្ភរបស់រដ្ឋាភិបាលម៉ាឡេស៊ី៕


ចែករំលែកព័តមាននេះ