គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ASEAN Business Council) ដឹកនាំដោយលោក ប្រាយអេន ម៉ាកហ្វីតធ័រ ( Brian McFeeters) និងមានការចូលរួមពីលោកស្រីភារធារី អាឡិក ហ្សិតថល ( Aleks Zittle) បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកពាណិជ្ជកម្ម និងជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា ។

ក្នុងជំនួបនេះ គណៈប្រតិភូបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយជំរុញការបង្កើតឱកាសវិនិយោគថ្មីៗសម្រាប់ក្រុមហ៊ុនអាមេរិក ដែលកំពុងប្រតិបត្តិការ និងមានបំណងពង្រីកអាជីវកម្មនៅកម្ពុជា ។
គណៈប្រតិភូ ក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗដែលក្រុមហ៊ុនអាមេរិក អាចនាំមកកាន់ទីផ្សារកម្ពុជា រួមមានផលិតផល និងសេវាកម្មដែលមានគុណភាពលំដាប់ពិភពលោក ការអនុវត្តអាជីវកម្មប្រកបដោយតម្លាភាព និងទំនុកចិត្ត ការនាំយកបច្ចេកវិទ្យាទំនើប ព្រមទាំងការវិនិយោគរយៈពេលវែងលើការអភិវឌ្ឍកម្មករនិយោជិត និងសហគមន៍ក្នុងស្រុក។

គណៈប្រតិភូបានលើកឡើងថា ការបង្កើនវត្តមានរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា នឹងមិនត្រឹមតែជួយពង្រីកវិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតការងារថ្មីៗ លើកកម្ពស់ជំនាញ និងសមត្ថភាពធនធានមនុស្សកម្ពុជា ព្រមទាំងជួយភ្ជាប់អាជីវកម្មកម្ពុជាទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារសកលកាន់តែទូលំទូលាយ។

ជំនួបនេះត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តកែលម្អបរិយាកាសវិនិយោគ និងទាក់ទាញវិនិយោគិនបរទេសឱ្យកាន់តែច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិកមានតម្លៃសរុប ៧,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៣១,៤៤ ភាគរយ ។ ក្រៅពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិយាយថា សហរដ្ឋអាមេរិក គឺជាវិនិយោគិនបរទេសកំពូលទាំងដប់ នៅក្នុងប្រទេសកម្ពុជាក្នុងឆមាសទីមួយនេះ ៕


ចែករំលែកព័តមាននេះ