ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានសម្របសម្រួលដោយជោគជ័យលើករណីបញ្ឈប់ដំណើរការរបស់រោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) ឯ.ក. ដែលមានកម្មករនិយោជិតសរុបចំនួន ២,៥៣២នាក់ ដោយធានាឱ្យកម្មករទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់ ព្រមទាំងអត្ថប្រយោជន៍បន្ថែមលើសច្បាប់សម្រាប់កម្មការិនីមានផ្ទៃពោះ និងអ្នកមានកូនតូច។ នេះគឺជាការអះអាងថារបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ។

លោកស៊ុន មេសា បានអះអាងថាបងប្អូនកម្មករនិយោជិតនឹងទទួលបាន ១. ប្រាក់ឈ្នួលចុងក្រោយ ២. ប្រាក់បំណាច់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន ៤. ប្រាក់អតីតភាពការងារ ឆមាសទី២ ឆ្នាំ២០២៦ ចំនួន ៧.៥ថ្ងៃ និង ៥. អត្ថប្រយោជន៍បន្ថែមសម្រាប់កម្មការិនីមានផ្ទៃពោះ និងអ្នកមានកូនតូច។ ជាពិសេស កម្មការិនីមានផ្ទៃពោះ នឹងបន្តទទួលបានការបង់ភាគទាន ប.ស.ស. រហូតដល់ថ្ងៃសម្រាល និងទទួលបានប្រាក់ឈ្នួលចំនួន ៥០% រយៈពេល ៩០ថ្ងៃ ទោះបីជាបន្តធ្វើការនៅរោងចក្រថ្មី ឬសម្រាកនៅផ្ទះក៏ដោយ។ ចំណែកកម្មការិនីដែលមានកូនអាយុពី ១៨ខែ ដល់ ៣៦ខែ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៥ដុល្លារអាមេរិកក្នុងមួយខែដែលនេះ គឺជាអត្ថប្រយោជន៍ដែលបងប្អូនទទួលបានអត្ថប្រយោជន៍ប្រសើរជាងច្បាប់ ។

លោក ស៊ុន មេសាបញ្ជាក់ថា៖ «ជាកិច្ចការងារអាទិភាពរបស់ក្រសួងការងារ ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ក្នុងនាមជាឪពុកម្តាយ អ្វីដែលក្រសួងគិតគូរយ៉ាងសំខាន់បំផុត គឺការធានាថាបងប្អូនកម្មករនិយោជិត គ្រប់រូបត្រូវបានគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួនយ៉ាងពេញលេញ ដោយទទួលបានស្របតាមច្បាប់ និងមានឱកាសបន្តការងារថ្មីភ្លាមៗដើម្បីបន្តពង្រឹងជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរ បើទោះបីការបើក-បិទរោងចក្រ គឺជាដំណើរធម្មជាតិនៃអាជីវកម្ម ប៉ុន្តែក្រសួងការងារពិតជាមិនចង់ឃើញនោះឡើយ» ។

លោក ស៊ុន មេសា បានរំលឹកបន្តថា ចាប់តាំងពីក្រុមហ៊ុន បានជូនដំណឹងអំពីការបញ្ឈប់ដំណើរការ មន្ត្រីជំនាញនៃក្រសួង តាមរយៈនាយកដ្ឋានវិវាទការងារ សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន តំណាងសហជីព និងនិយោជក បានបើកកិច្ចប្រជុំ និងសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់ការព្រមព្រៀងដោយមានការទទួលយកពីបងប្អូនកម្មករនិយោជិតនិងតំណាងសហជីពរួចហើយ ។

ជាមួយគ្នានេះ បងប្អូនកម្មករនិយោជិត អាចចាប់ផ្តើមផ្តិតមេដៃទទួលប្រាក់ចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ហើយប្រាក់អត្ថប្រយោជន៍នេះនឹងត្រូវវេរចូលគណនីធនាគារក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីបានចុះហត្ថលេខា ឬផ្តិតមេដៃ ។ បើតាមលោក ស៊ុន មេសា ដដែល ក្រសួង បានសហការជាមួយរោងចក្រ និងសហគ្រាសនៅតាមបណ្តាខេត្តជិតខាង ដើម្បីទទួលយកកម្មករនិយោជិតទៅបន្តការងារភ្លាមៗ ខណៈទីផ្សារការងារនៅទូទាំងប្រទេសកំពុងមានតម្រូវការកម្លាំង ពលកម្មប្រមាណជាង ៩,២ម៉ឺនកន្លែង ។

បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តតាមដាន និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់លើការទូទាត់អត្ថប្រយោជន៍ជូនកម្មករនិយោជិតឱ្យបានម៉ឺងម៉ាត់ និងទទួលបានឱកាសការងារភ្លាមៗ។ នេះគឺជាការអះអាងរបស់លោក ស៊ុន មេសាអ្នកនាំពាក្យក្រសួងការងារដដែល ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ