ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអំពាវនាវស្វែងរកកិច្ចអន្តរាគមន៍ពីអាស៊ាន! ជួយជនភៀសសឹកជាង២ម៉ឺននាក់ ឱ្យបានត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ប្រមុខ​ការទូត​កម្ពុជា​បាន​អំពាវនាវ​ដល់​សហការី​អាស៊ាន ឱ្យ​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​ជនភៀសសឹក​ឱ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ ដោយ​គ្មាន​ការ​រារាំង​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​លើក​ឡើង​ថា ក្រោម​អភិក្រម​«​ការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ប្រជាជន គឺជា​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​» ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កម្ពុជា មិន​ដែល​ភ្លេច​ឡើយ ក្នុង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សហគមន៍​តំបន់ និង​អន្តរជាតិ​មក​លើ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រង​គ្រោះ​ដោយសារ​ការ​បំពាន​កាន់កាប់​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់​ពី​សំណាក់​កងកម្លាំង​ថៃ ។

ជាក់ស្តែង​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (AICHR) និង​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែ (SEANWFZ) កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​គូស​រំលេច​ប្រាប់​អង្គប្រជុំ អំពី​ផលវិបាក​នៃ​ស្ថានភាព​មនុស្សធម៌ និង​សិទ្ធិ​មនុស្ស​ដែល​ជនភៀសសឹក​កម្ពុជា​កំពុង​រង​គ្រោះ​នៅ​តាម​ព្រំដែន ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អង្គប្រជុំ​ថា នៅ​មាន​ជន​ស៊ី​វិល​កម្ពុជា ច្រើន​ជាង​២០.០០០​នាក់ កំពុង​បន្ត​រស់នៅ​ក្នុង​ជម្រក​បណ្តោះអាសន្ន ក្នុង​នោះ​មាន​កុមារ​ជា​ច្រើន មិន​អាច​វិល​ចូល​សាលារៀន​របស់​ពួក​គេ​បាន​នៅឡើយ ខណៈ​ដែល​ជន​ចាស់ជរា និង​ជន​ងាយ​រង​គ្រោះ​ផ្សេង​ទៀត ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បានការ​ថែទាំ​ចាំបាច់​ឱ្យ​បាន​គ្រប់គ្រាន់ បើ​ទោះបីជា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​បន្ធូរបន្ថយ​ការ​លំបាក​របស់​ពួក​គេ​យ៉ាងណា​ក៏​ដោយ ។

ក្នុង​ន័យ​នេះ ប្រមុខ​ការទូត​កម្ពុជា បាន​អំពាវនាវ​ដល់​សហការី​អាស៊ាន​ឱ្យ​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ឱ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ ដោយ​គ្មាន​ការ​រារាំង ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បន្ត​ថា ការទូត​សកម្ម​របស់​រាជរដ្ឋាភិបាល ដើម្បី​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ប្រជាជន​នៅ​លើ​ឆាក​តំបន់ និង​អន្តរជាតិ​បាន​ធ្វើ​ឱ្យ​ពិភពលោក​បានដឹង​លឺ​ពី​ភាព​រង​គ្រោះ​របស់​កម្ពុជា ពី​ការ​រំលោភ​បំពាន​លើ​បូរណភាព​ទឹកដី និង​ផល​ប៉ះពាល់​លើ​ជន​ស៊ី​វិល​កម្ពុជា​។

ជាក់ស្តែង​សភា​នៃ​បណ្តា​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង (APF) កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា បាន​ចេញ​សេចក្តីសម្រេច​មួយ ដោយ​បញ្ជាក់​ឡើង​វិញ​ពី​ការ​គាំទ្រ​យ៉ាង​រឹង​មាំ និង​ឥត​ងាករេ​ចំពោះ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា ។ សភា​ប្រើ​ភាសា​បារាំង (APF) បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ជីវិត​មនុស្ស ការ​ផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ស៊ី​វិល និង​របាយការណ៍​នានា​ស្តី​ពី​ការ​រំលោភ​លើ​បទ​ឈប់​បាញ់ និង​ការ​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា រួម​ទាំង​ការ​ខូចខាត​ដល់ទី​តាំង​វប្បធម៌ និង​សាសនា ដែល​ក្នុង​នោះ​ទីតាំង​មួយ​ចំនួន​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO) ។

អ្នកនាំពាក្យ​បន្ត​ថា​សេចក្តី​សម្រេចចិត្ត​នេះ បាន​កត់សម្គាល់​ជា​ពិសេស​នូវ «​ការ​សាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ស៊ី​វិល និង​យោធា​ការ​រៀបចំ​ពិធី​សាសនា​នៅ​ក្នុង​ទីតាំង​វប្បធម៌ និង​ជំនឿ​សាសនា​ព្រមទាំង​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​បែងចែក​ដីធ្លី​នៅ​ក្នុង​តំបន់​ទាំងនោះ​» ។ សភា​ប្រើ​ភាសា​បារាំង (APF) អំពាវនាវ​ឱ្យ​មានការ​គោរព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អធិបតេយ្យភាព​របស់​កម្ពុជា ការ​ចៀសវាង​រាល់​សកម្មភាព​ឯកតោភាគី​ណាមួយ​ដែល​បណ្តាល​ឱ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង និង​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០ ២៥ ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ។ សភា​ប្រើ​ភាសា​បារាំង (APF) ក៏​បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ជ្រាល ជ្រៅ​ចំពោះ​ទុក្ខវេទនា ដែល​ប្រជាពលរដ្ឋ​ស៊ី​វិល​បាន​រង​គ្រោះ ដោយ​រំលឹក​ថា រាល់​ការ​បំផ្លិចបំផ្លាញ​បេតិកភណ្ឌ​វប្បធម៌​ដែល​ជា «​កេរដំណែល​រួម​របស់​មនុស្សជាតិ​» ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​រំពឹង​ទុក​នៃ​សន្តិភាព​ប្រកបដោយ​ចីរភាព និង​ការ​ផ្សះផ្សា​គ្នា ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជូន​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជា​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​តាម​រយៈ​ការ​ប្រើ​កម្លាំង​នោះ​ឡើយ និង​សូម​បញ្ជាក់​ថា បន្លា​លួស និង​ទូរ​កុងតឺន័រ ឬ​សំណង់​ខុសច្បាប់​ផ្សេង​ទៀត មិន​អាច​ជំនួស​ខ្សែ​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​បានជា​ដាច់ខាត ៕