ផឹកស៊ីជុំសាច់ញាតិ! ផ្ទុះជម្លោះ ឈានដល់ការប្រើហិ.ង្សាទៅវិញទៅមក ក្មួយស្លា.ប់ ពូជា.ប់ខ្នោះ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ បុរស២នាក់ដែលត្រូវជាពូនិងក្មួយបានឈ្លោះទាស់គ្នាក្នុងពេលផឹកស៊ីរហូតឈានដល់ការប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយបុរសជាក្មួយបានដាល់ទៅលើបុរសជាពូចំថ្គាមចំនួន៣ដៃមុន ពេលនោះពូសងវិញចំចុងដង្ហើម និងពោះចំនួន៤ទៅ៥ដៃ ។ខណៈនោះអ្នកផឹកស៊ីជាមួយបានឃាត់ចាប់បំបែក ក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន លុះរយៈពេលជាង១ម៉ោងក្រោយមក បុរសជាក្មួយមានអាការៈចុកទ្រូងនិងពោះ រួចក៏ដួលសន្លប់ ។ បន្ទាប់មកត្រូវបានប្រពន្ធ និងបងប្អូន ព្រមទាំងអ្នកជិតខាងដឹកយកទៅសង្គ្រោះដែរ ប៉ុន្តែជាអកុសលបុរសនោះបានស្លាប់បាត់ទៅហើយ ទើបប្រពន្ធប្ដឹងឲ្យនគរបាលឃាត់ខ្លួនបុរសជាពូចាត់ការតាមច្បាប់តែម្ដង ។
ហេតុការណ៍នោះបានកើតឡើង នៅវេលាម៉ោង២០និង២០នាទីថ្ងៃទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាពូដែលត្រូវនគរបាលឃាត់ខ្លួននោះឈ្មោះឆែម កែម អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ដែលជាកន្លែងកើតហេតុ ។ ដោយឡែកបុរសជាក្មួយដែលស្លាប់បាត់បង់ជីវិតឈ្មោះដេត សារុំ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកញ្ចក់ និងមានប្រពន្ធឈ្មោះឪ សាក់ក្រវ៉ា អាយុ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានផឹកស៊ីជុំគ្នាជាមួយនិងសាច់ញាតិ៤ទៅ៥នាក់ទៀតស្ថិតនៅផ្ទះបងប្អូនក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ រហូតដល់ពេលកើតហេតុអ្នកទាំងក៏បានមានទំនាស់គ្នាកើតឡើង ហើយបុរសដែលជាក្មួយ(សព)បានស្ទុះទៅដាល់បុរសជាពូ(ជនសង្ស័យ)ចំថ្គាមចំនួន៣ដៃមុនហើយក៏ត្រូវពូវាយសងវិញចំដើមទ្រូងនិងពោះចំនួន៤ទៅ៥ដៃ ។
សមត្ថកិច្ចបានប្រាប់បន្តថា ពេលនោះអ្នកផឹកស៊ីជាមួយបានចាប់បំបែកអ្នកទាំង២ និងបានឲ្យទៅផ្ទះវិញរៀងៗខ្លួន ដោយបុរសជាក្មួយបានបើកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងទៅផ្ទះភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ពេលទៅដល់បានស្រែកប្រពន្ធរបស់គាត់ឱ្យជួយកោសខ្យល់ និងបានប្រាប់ប្រពន្ធថា ឈ្មោះឆែម កែម ដែលជាពូវាយគាត់ចំចុងដង្ហើម និងក្បាលពោះចំនួន៤ទៅ៥ដៃ និងដាច់ឡេវអាវ អស់ហើយ ។
សមត្ថកិច្ចបានប្រាប់បន្ថែមទៀតថា លុះមួយសន្ទុះក្រោយមកបុរសនោះបានត្អូញថាចុកទ្រូងនិងពោះ ហើយ ប្រាប់ឱ្យប្រពន្ធជូនទៅមន្ទីរពេទ្យ រួចក៏សន្លប់ភ្លាមៗ បន្ទាប់មកស្ត្រីជាប្រពន្ធបានស្រែកឆោឡោហៅបងប្អូន និងអ្នកជិតខាងឱ្យជួយជូនប្ដីរបស់ខ្លួន
ទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង ។ ពេលទៅដល់គ្រូពេទ្យបានជួយសង្គ្រោះភ្លាមៗដែរ ប៉ុន្តែមិនអាចជួយបាន ឡើយ ហើយបុរសនោះក៏បានស្លាប់បាត់បង់ជីវិតទៅ ទើបប្រពន្ធនិងបងប្អូនព្រមទាំងអ្នកជិតខាងដឹកសពត្រលប់មកផ្ទះវិញ ។
បន្ទាប់មករាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះឆែម កែម ដែលជាពូ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង ៕





ចែករំលែកព័តមាននេះ