សង្គ្រាមអ៉ីរ៉ង ៖ អ្នកនាំពាក្យកងទ័ពអ៉ីរ៉ង់ម្នាក់បានព្រមាន កាលពីថ្ងៃទី២១ កក្កដា ថា អ៉ីរ៉ង់នឹងវាយប្រហារលើដែនដីខ្លួនផ្ទាល់ជាជាងទុកឲ្យកងទ័ពអាមេរិកកាន់កាប់ ខណៈការគំរាមកំហែងពីប្រតិបត្តិការយោធាតាមជើងគោកទៅវិញទៅមកជាយថាហេតុ កំពុងបង្កើនការភ័យខ្លាច ពីសង្គ្រាមកាន់តែធំនៅតំបន់ឈូងសមុទពែរស្ស៍ទាំងមូល ។

អ្នកនាំពាក្យរូបនោះឧត្ដមសេនីយម៉ូហាម៉ាដអាក្រាមីនីយ៉ា ថ្លែងតាមទូរទស្សរដ្ឋអ៉ីរ៉ង់ថា ប្រសិនបើអាមេរិកចូលកាន់កាប់ទឹកដីយើង នោះយើងនឹងវាយប្រហារ ទោះជាក្នុងដែនដីយើងក៏ដោយ ។ នេះហើយជាតថភាពនៃសង្គ្រាម ។ សេចក្ដីថ្លែងការណ៍នោះធ្វើឡើង ពេលទីបញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាលើកឡើងពីការឈានចូលដល់ថ្ងៃទី១០នៃការវាយប្រហារថ្មីប្រឆាំងអ៉ីរ៉ង់ ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ត្រូវសម្រេចនាប៉ុន្មានថ្ងៃខាងមុខនេះ ពីទស្សនវិស័យនៃប្រតិបត្តិតាមជើងគោកមួយរបស់អាមេរិក ឬការដណ្ដើមកាន់កាប់ដែនដីអ៉ីរ៉ង់ ដែលពេលនេះ រឿងនោះកំពុងតែដេញដោលគ្នានិងពិភាក្សាគ្នាដោយចំហ ។
យោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ដែលដកស្រង់សម្ដី បណ្ដាអ្នកទទួលខុសត្រូវអាមេរិកថា មន្ទីរប៉ង់តាហ្គោនកំពុងរៀបចំការជ្រើសរើស សម្រាប់ប្រតិបត្តិការជើងគោកនៅអ៉ីរ៉ង់ ដែលនឹងជាការលុកលុយទាំងស្រុងមួយ តែអាចប្រមូលផ្ដុំទាហានច្រើនពាន់នាក់និងប្រើពេលច្រើនសប្ដាហ៍អាចដល់ច្រើនខែ ។ សេតវិមានគូសបញ្ជាក់ថា មន្ទីរប៉ង់តាហ្គោននឹងផ្ដល់ជូនប្រធានាធិបតីបណ្ដាជម្រើសដោយបញ្ជាក់ថា បែបនេះមិនមានន័យថា ប្រធានាធិបតីនឹងធ្វើការសម្រេចចិត្តមួយភ្លាមឡើយ។

ចំណែកអតីតរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ម្នាក់លោកម៉ានូតឈ័រមុតានី បច្ចុប្បន្នជាសមាជិកសភាយល់ថា អ៉ីរ៉ង់ត្រូវឈានទៅឆ្ងាយថែមទៀត លើសពីការវាយប្រហារប្រឆាំងបណ្ដាមូលដ្ឋានយោធាអាមេរិកក្នុងតំបន់ ហើយគ្រោងចាប់បណ្ដាទាហានអាមេរិក។ លោកម៉ានូតឈ័រមុតានីបន្តថា ការគំរាមកំហែងរបស់អាមេរិកកំពុងបង្កើន ហើយក្រុងវ៉ាស៊ីនតោនធ្លាប់លើកឡើងថា នឹងវាយដណ្ដើមយកកោះKHARG និងដណ្ដើមត្រួតត្រាបណ្ដាទីតាំងប្រេងរបស់អ៉ីរ៉ង់ ។ ខ្ញុំធ្លាប់ស្នើតាំងពីយូរមកហើយ ឲ្យមានសង្គ្រាមតាមជើងគោកមួយ ។ យើងត្រូវវាយដណ្ដើមយកមូលដ្ឋានយោធាអាមេរិកណាមួយក្នុងចំណោមមូលដ្ឋាយោធាអាមេរិកក្នុងតំបន់ ហើយចាប់បណ្ដាទាហានអាមេរិក ហើយនាំមកកាន់ដែនដីយើង ។
សមាជិកសភាអ៉ីរ៉ង់មួយរូបទៀត លោកអាម៉ាដបាក់សាយេសអាដេស្តានីអតីតសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីរ៉ង់ លើកឡើងថា ក្រុងតេហេរ៉ង់អាចវាយប្រហារតាមជើងគោកប្រឆាំងគុយវ៉ែត និងបារ៉ែន ប្រសិនបើអាមេរិកលុកលុយចូលដែនដីអ៉ីរ៉ង់។ ចំពោះការវាយលុកជាយថាហេតុរបស់អាមេរិកលើកោះ KHARG សមាជិកសភាអ៉ីរ៉ង់រូបនេះយល់ថា ក្រុងវ៉ាស៊ីនតោនអាចវាយកាន់កាប់កោះនោះបានត្រឹម១ថ្ងៃ តែមិនអាចរក្សាការកាន់កាប់នេះបានឡើយ។ បណ្ដាមីស៊ីលអ៉ីរ៉ង់បាញ់ចេញពីតំបន់សេម
ណាន ហ្សាហេដាន អ៉ីស្ប៉ាហាន់និងតំបន់ដទៃៗទៀតអាចដល់កោះនោះ។ ដូច្នេះការកាន់កាប់កោះនេះនឹងក្លាយជាគោលដៅស៊ីបរបស់អ៉ីរ៉ង់។

ក៏មានពាក្យចចាមអារ៉ាមនានាដែរជុំវិញលទ្ធភាពប្រតិបត្តិការយោធាអ៉ីរ៉ង់ ប្រឆាំងគុយវ៉ែត ពិសេសកោះBOUBYAN ។ មានទំហំ៨៦៣គីឡូម៉ែត្រក្រឡាកោះនោះជាកោះធំជាងគេរបស់គុយវ៉ែត។ កោះនេះស្ថិតនៅចុងខាងជើងឈូងសមុទ្រពែរ្ស៍ក្បែរអ៉ីរ៉ាក់។ អ្នកទទួលខុសត្រូវអ៉ីរ៉ង់ និងមតិសាធារណៈមួយចំនួន លើកពីសេណារីយ៉ូនៃការតបតរបស់អ៉ីរ៉ង់ ប្រសិនបើអាមេរិកវាយកាន់កាប់កោះKHARG ។ ពួកគេយល់ថា ពេលនោះកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់អាចប្រើកងកម្លាងពិសេសរបស់ខ្លួន គឹកងកម្លាំងSABERIN ព្រមទាំងបណ្ដាក្រុមគាំទ្រប្រដាប់ងាវុធក្នុងតំបន់ វាយប្រហារតាមជើងគោកកាត់តាមភាគខាងត្បូងអ៉ីរ៉ាក់ចូលគុយវ៉ែត ប្រសិនបើអាមេរិកវាយប្រហារតាមជើងគោកលើអ៉ីរ៉ង់៕
ចែករំលែកព័តមាននេះ