អុជធូបសែនថ្ងៃសីល! ម្ចាស់រវល់ ភ្លេចខ្លួនមិនបានមើល ឆេះផ្ទះជាន់ឡៅតឿ ផ្អើលទាំងថ្ងៃត្រង់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានអុធធូបសែនថ្ងៃសីលនៅជាន់ឡៅតឿ ហើយរវល់រៀបចំអីវាន់អនឡាញនៅខាងក្រោមភ្លេចខ្លួនមិនបានមើល ក៏ស្រាប់តែភ្លើងធូបឆាបឆេះសម្ភារៈក្នុងផ្ទះរួមទាំងផ្ទះហុយផ្សែងទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលទាំងថ្ងៃត្រង់ ។
ភ្លាមៗនោះ អ្នកជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យជួយពន្លត់ ប៉ុន្តែមិនរលត់ឡើយ រហូតរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ០១គ្រឿងទៅពន្លត់ទើបរលត់ទៅវិញទាំងស្រុង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសដែលជាម្ចាស់ផ្ទះរូបនោះឈ្មោះ ផន រិទ្ធី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ដោយឡែកផ្ទះដែលរងការឆាបឆេះនោះជាប្រភេទសំណង់ថ្មបេតុងទំហំ៤ម៉ែត្រ × ៧ម៉ែត្រ ហើយផ្ទះនេះត្រូវភ្លើងឆេះ បណ្ដាលឲ្យរងការខូចខាត រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ ។
សមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះរូបនោះបានទិញផ្លែឈើដាក់សែថ្ងៃសីលនៅជាន់ឡៅតឿ បន្ទាប់មកបានចុះមករៀបចំលក់អីវាន់អនឡាញនៅខាងក្រោម លុះដល់ពេលកើតហេតុ ស្រាប់តែភ្លើងធូបបានឆេះសម្ភារៈនៅក្នុងបន្ទប់ឡៅតឿនោះហើយឆេះទាំងផ្ទះមានផ្សែងទ្រលោម ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់អស់ច្រើនបំពង់ ប៉ុន្តែមិនរលត់ឡើយ រហូតអាជ្ញាធរនិងសមត្ថកិច្ចចេញអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ០១គ្រឿងទៅបាញ់ទឹកអស់១រថយន្ត ទើបរលត់ទៅវិញទាំងស្រុង ៕



















ចែករំលែកព័តមាននេះ