ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖​ គ្មាន​ប្រទេស​ណាមួយ​អាច​អនុវត្ត​វិស័យ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិប​តេ​យ្យ​បាន​​ល្អ​ឥត​ខ្ចោះ​​នោះ​​ទេ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ បាន​គូ​សបញ្ជា​ក់ថា​គ្មាន​​ប្រទេស​ណាមួយ​អាច​អនុវត្ត​វិស័យ​សិទ្ធិ​មនុស្ស និង​ប្រជា​ធិ​ប​តេ​យ្យ​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ដោយ​គ្រប់​ប្រទេស​សុទ្ធតែ​មាន​ចំណុច​ខ្វះខាត ដែល​ត្រូវ​បន្ត​កែ​លម្អ​ជា​បន្តបន្ទាប់ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ខណៈ​អនុញ្ញាត​ឱ្យ​លោក Thomas Andrews អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​វិមាន​សាមគ្គីភាព នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២៦ ​។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្តេច​តេ​ជោឱ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ​បាន​សម្ដែង​ការ​អបអរសាទរ​ចំ​ពោះ​លោក ថូ​ម៉ាស អាន់​ឌ្រូ ដែល​ត្រូវ​បាន​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ​ជំនួស​លោក វិ​ទិ​ត មុន​តា​ប៊​ន ដែល​បាន​លា​លែ​ង​ពី​តំណែង​។

សម្តេច​បាន​បង្ហាញ​ក្តី​សង្ឃឹមថា បេស​កកម្ម​របស់​លោក​នៅ​កម្ពុជានឹង​ជួយ​ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​វឌ្ឍនភាព​សិទ្ធិ​មនុស្ស និង​ដំណើរការ​ប្រជា​ធិប​តេ​យ្យ​នៅ​កម្ពុជា​តាម​រយៈ​ការ​សិក្សា​ពី​ស្ថានភាព​ជាក់ស្តែង ​។

ជា​ការ​ឆ្លើយ​តប លោក ថូ​ម៉ាស អាន់​ឌ្រូ បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​រូប​លោក និង​គណៈប្រតិភូ​បាន​ចូល​ជួប ​។

លោក​បាន​ចាត់​ទុក​ថា ការ​ជួប​ពិភាក្សា​នេះ គឺជា​សញ្ញា​វិជ្ជមាន ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​បើកចំហ និង​ការ​ផ្តល់​តម្លៃ​ដល់​កិច្ច​សន្ទនា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​។

លោក​ក៏​បាន​រំលឹក​ពី​បទ​ពិសោធន៍​របស់​ខ្លួន កាល​ធ្វើ​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​បញ្ជាក់​ថា មិន​ធ្លាប់​មានឱកាស​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​កំពូល​ដូច​នៅ​កម្ពុជា​នោះ​ទេ​។

លោក​ក៏​បាន​កោតសរសើរ​កម្ពុជា​ថា ជា​ប្រទេស​មួយ​ក្នុង​តំបន់ ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​ច្រើន និង​បាន​តាមដាន​យកចិត្តទុកដាក់ ចំពោះ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។

​លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន ដើម្បី​ជួប​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ និង​ស្វែង​យល់​ពី​ស្ថានភាព​ជាក់ស្តែង​ ។

ទន្ទឹម​នឹង​នេះ លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងស្ថានភាព​សិទ្ធិ​មនុស្ស ជា​ពិសេស​ ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ទទួលស្គាល់​របស់​អ្នករាយការណ៍​​ពិសេស អំពី​សមិទ្ធផល​របស់​កម្ពុជា ក្នុង​ការ​ផ្តល់​សច្ចាប័ន​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ការ​ទទួលយក អនុសាសន៍​ជា​ច្រើន​ពី​យន្តការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ ប្រជា​ជាតិ​ ។

សម្ដេច​ក៏​បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​លោក​ថូ​ម៉ាស អាន់​ឌ្រូ ក្នុង​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ជនភៀសសឹក​កម្ពុជា​ជាក់ស្តែង​នៅ​តំបន់​ព្រំដែន និង​បាន​ពន្យល់​បន្ថែម​អំពី​ប្រវត្តិ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ និង​ផល​ប៉ះពាល់​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ទទួល​រង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា សិទ្ធិ​រស់រាន​មានជីវិត​សន្តិភាព និង​ស្ថិរភាព គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​ធានា​សិទ្ធិ និង​សេរីភាព​ផ្សេង​ៗ រួម​ទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​។​សម្ដេច​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ទូលាយ​ឱ្យ​មានការ​បញ្ចេញមតិ និង​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ប៉ុន្តែ​ការ​អនុវត្ត​សិទ្ធិ​ទាំងអស់ ត្រូវ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។

សម្ដេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ដែរ​ថា គ្មាន​ប្រទេស​ណាមួយ​អាច​អនុវត្ត​វិស័យ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ដោយ​គ្រប់​ប្រទេស​សុទ្ធតែ​មាន​ចំណុច​ខ្វះខាត ដែល​ត្រូវ​បន្ត​កែ​លម្អ​ជា​បន្តបន្ទាប់​ ។

សម្ដេច​បាន​សម្ដែង​ក្តី​សង្ឃឹមថា អ្នក​រាយ​ការណ៍​ពិសេស​រូប​នេះ នឹង​បន្ត​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមចំណែក​លើកកម្ពស់​វឌ្ឍនភាព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិ​ប​តេ​យ្យ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ក្នុង​ឱកាស​នោះ​ផង​ដែរ សម្ដេច​តេ​ជោ​បាន​ជូនពរ​លោក ថូ​ម៉ាស អាន់​ឌ្រូ ឱ្យ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​បំពេញ​បេសកកម្ម​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ៕