ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ត្រាំ​​យល់​ព្រម​ផ្ទេរ​បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ​ឱ្យ​អារ៉ាប៊ី​សា​អូឌីត​ដើម្បី​​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​

57 នាទី មុន

ទី​ក្រុង​រីយ៉ាត៖ លោក​ដូណាល់​ត្រាំ​ទើប​តែ​អនុ​ម័ត​យល់​ព្រម​ថ្មី​ៗ​នេះ​ឱ្យ​ប្រទេស​អារ៉ាប៊ី​សា​អូឌីត​អាច​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​ដើម្បី​បម្រើ​ឱ្យ​វិស័យ​ស៊ីវិល​។ នេះបើ​យោង​តាម​ប្រភព​២​នាក់​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​។ ពួក​គេ​ថ្លែង​ថា​សេចក្ដី​សម្រេច​នេះ​នឹង​ប្រកាស​ជា​សា​ធារណៈ​នៅ​យប់​នេះ​។ កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​អាយុ​កាល​៣០​ឆ្នាំ​ ហើយ​នឹង​ចូល​រួម​ដោយ​ក្រុម​ហ៊ុន​របស់​អាមេរិក​មួយ​ចំនួន​ដើម្បី​អភិ​វឌ្ឍ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ស៊ីវិល​។ តាម​រយៈ​នេះ ប្រទេស​អារ៉ាប៊ីសាអូឌីត​នឹង​សាង​សង់​​​រោង​ចក្រ​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​។

ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​នេះ​នៅ​ពេល​ដាក់​ជូន​សភា​ពិនិត្យ​​​អាច​ប្រឈម​នឹង​បញ្ហា​ដើរ​ធាក់​ថយ​ព្រោះ​សមាជិក​សភា​ខ្លះ​បារម្ភ​ថា​ជួយ​អារ៉ាប៊ី​សាអូឌីត​សម្រេច​បំណង​ដែល​ខ្លួន​ប៉ង​ប្រា​ថ្នា​ជា​យូរ​មក​ហើយ​ក្នុង​ការ​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​ដោយ​ខ្លួន​ឯង​អាច​នឹង​នាំ​ទៅ​ដល់​ការ​រីក​សាយ​ភាយ​នុយ​ក្លេអ៊ែរ និង​ការ​រត់​ប្រណាំ​ង​នុយ​ក្លេ​អ៊ែរ​។ ​អារ៉ាប៊ី​សា​អូឌីត​ជា​សមាជិក​ទី​ភ្នាក់​ងារ​អាតូមិច​អន្តរ​ជាតិ (IAEA) ដែល​ជា​ស្ថា​ប័ន​ជួយ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​នុយ​ក្លេអ៊ែរ​ក្នុង​បុព្វ​ហេតុ​សន្តិ​ភាព​។ ប៉ុន្តែ​ក៏​ជា​ស្ថាប័ន​ដែល​ធានា​ថា​គ្មាន​ការ​បង្កើត​កម្ម​វិធី​នុយ​ក្លេអ៊ែរ​សម្ងាត់​នោះ​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី កិច្ច​ព្រម​ព្រៀង​នោះ​មិន​រួម​បញ្ចូល​ទាំង​ពិធី​សារ​បន្ថែម​របស់​ IAEA នោះ​ឡើយ​។

មាន​ន័យ​ថា​ពុំ​មាន​សិទ្ធិ​​ក្នុង​ការ​​ឃ្លាំ​មើល​, ធ្វើ​អធិការ​កិច្ច​ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​នោះ​ទេ​។ នេះ​បើ​យោង​តាម​ប្រភព​ម្នាក់​។ ការ​ដែល​អាមេរិក​ជួយ​អារ៉ាប៊ី​សា​អូឌីត​ឱ្យ​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​​កើត​មាន​ឡើង​ចំ​ពេល​ដែល​សង្គ្រាម​អ៊ីរ៉ង់​-​អាមេរិក​នៅ​តែ​បន្ត​ឆាប​ឆេះ​ ហើយ​ធ្វើ​ឱ្យ​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​របស់​អ៊ីរ៉ង់​ត្រូវ​បាន​បោស​សម្អាត​។ អ៊ីរ៉ង់​មិន​ទាន់​អាច​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​បាន​ឡើយ​។ ទាំង​រដ្ឋ​បាល​របស់​លោក​ត្រាំ និង​លោក​ចូ​បៃដិន​សុទ្ធ​តែ​បាន​ទាក់​ទង​ជា​មួយ​រដ្ឋាភិបាល​អារ៉ាប៊ី​សា​អូឌីត​ដើម្បី​ចែក​រំលែក​បច្ចេក​វិទ្យា​របស់​អាមេរិក​។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ខាង​នុយ​ក្លេអ៊ែរ​ព្រមាន​ទុក​ជា​មុន​ថា​រឿង​នេះ​មិន​អាច​លេង​សើច​បាន​ឡើយ។

ស្រួល​​មិន​ស្រួល​ បើ​អាមេរិក​ហ៊ាន​តែ​ផ្ទេរ​បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ​ទោះ​បី​ស៊ីវិល​ក៏​ដោយ​ក៏​អាច​​ឱ្យ​អារ៉ាប៊ី​សាអូឌីត​វិវត្ត​ខ្លួន​ទៅ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​បាន​ដែរ​។ ជា​ពិសេស​ ​រាជ​ទាយាទ​អារ៉ាប៊ី​សាអូឌីត​ ព្រះ​អង្គ​ម្ចាស់​​ប៊ីន​សាល់ម៉ាន់​ ​​ធ្លាប់បាន​ឱ្យ​តម្រុយ​ខ្លះ​ៗ​ហើយ​ថា​​ប្រសិន​​បើ​អ៊ីរ៉ង់​ស្វះ​ស្វែង​រក​ការ​ផលិត​នុយ​ក្លេអ៊ែរ​ ព្រះ​អង្គ​ក៏​អាច​នឹង​ផលិត​អាវុធ​​នេះ​ដែរ​។ រដ្ឋ​មន្ត្រី​ក្រសួង​ថាម​ពល​អាមេរិក​ លោក​គ្រី​ស​រ៉ាយ (Chris Wright) បាន​ធ្វើ​ដំណើរ​ទៅ​អារ៉ាប៊ីសា​អូឌីត​កាល​ពី​ឆ្នាំ​មុន​។ ពោល​គឺ​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​មុន​ពេល​លោក​ត្រាំ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​នេះ​ដើម្បី​ពិភាក្សា​អំពី​ការ​ស្ថាបនា​រោង​ចក្រ​នុយ​ក្លេអ៊ែរ។

នៅ​ពេល​នេះ អារ៉ាប៊ីសាអូឌីត​ និង​ប៉ាគីស្ថាន​បាន​ចុះ​ហត្ថ​លេខា​រួច​ហើយ​លើ​កតិកា​សញ្ញា​ការ​ពារ​គ្នា​ទៅ​វិញ​ទៅ​មក​បន្ទាប់​ពី​អ៊ីស្រា​អែល​វាយ​ប្រហារ​ប្រទេស​កាតា​ដើម្បី​តាម​កម្ចាត់​មន្ត្រី​ធំ​ៗ​របស់​ក្រុម​ហាម៉ាស់​។ គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា​ប៉ាគីស្ថាន​ជា​ប្រទេស​មាន​អាវុធ​នុ​យ​ក្លេ​អ៊ែរ​​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ប៉ាគីស្ថាន​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា​កម្ម​វិធី​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​លោក​បើក​ទ្វារ​ចំហ​ជា​និច្ច​សម្រាប់​​ការ​ផ្ទេរ​បច្ចេក​វិទ្យា​នេះ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត​ប្រសិន​បើ​មាន​សំណូម​ពរ​។ ពាក្យ​សម្ដី​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សញ្ញា​ព្រមាន​មួយ​​សម្រាប់​អ៊ីស្រា​អែល​ដែល​គេ​ជឿ​ជាក់​ថាជា​ប្រទេស​ដែល​​មាន​អាវុធ​នុយ​ក្លេអ៊ែរ​៕ ប្រភព៖ AP