ខេត្តកំពត ៖ និយាយពិតត្រង់ទៅ មិនមាននរណាម្នាក់កើតមកពិការអវយវៈ ឬអង្គវិញ្ញាណណាមួយនោះទេ តែព្តហ្មលិខិតបានកំណត់មកមិនអាចគេចវេសបានឡើយ ។ ដូចគ្រួសារតូចមួយនេះ ពួកគេសុទ្ធតែជាមនុស្សគ ទាំងកូនស្រី កូនប្រុស ។
ស្ត្រីមេម៉ាយចិញ្ចឹមកូន4នាក់ កូនបង្កើត និងកូនប្រសាសុទ្ធតែមនុស្សគ កូនប្រសា និងចៅស្រី ដែលមិនគួរឱ្យជឿ តែបានកើតឡើងមាននៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាសខេត្តកំពត ។
តាមការរៀបរាប់របស់ស្ត្រីឈ្មោះ មុំ នីម ជាស្ត្រីមេម៉ាយអាយុ៥៩ឆ្នាំ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ថា គាត់មានកូនប្រុសស្រីចំនួន៤នាក់ រាប់ទាំងកូនប្រសាប្រុស និងចៅស្រីអាយុទើបតែ៣ឆ្នាំ គឺពួកគេសុទ្ធតែមនុស្សគ ធ្វើការអ្វីមិនកើតទេ សព្វថ្ងៃរស់នៅពឹងផ្អែកលើគាត់ជាស្ត្រីមេម៉ាយជាអ្នកចិញ្ចឹម ។
ស្ត្រីរូបនេះបាននិយាយថា គាត់មានជីវភាខ្សត់ខ្សោយណាស់ លក់នំ និងរើសអេតចាយ ខ្លះទៀតឆ្លៀតចេញទៅធ្វើសំណង់ ។
ស្ត្រីជាម្ដាយបាននិយាយលម្អិតឱ្យដឹងថា ដំបូងកូនស្រី និងកូនប្រុសរបស់គាត់ ជាមនុស្សគទាំង២នាក់ ។ ក្រោយមកកូនស្រីរបស់គាត់ឈ្មោះ ឆែម ធាវី អាយុ២៦ឆ្នាំ បានរៀបការជាមួយប្ដីជាមនុស្សគ តែពេលការហើយកើតបានកូនស្រី ពេលនោះចៅស្រីអាយុ៣ឆ្នាំ ហើយជាមនុស្សគដែរ សរុបទាំងអស់៤នាក់សុទ្ធតែមនុស្សគ មានការលំបាកណាស់ ។
ស្ត្រីជាម្ដាយបាននិយាយប្រាប់បន្តថា កូនប្រុសស្រីដែលជាមនុស្សគ បានរកការងារធ្វើមិនបានទេ ដោយសារគេមិនទទួលយក ទើបពួកគេពឹងផ្អែកមកលើគាត់ជាម្ដាយ ជាអ្នកគ្រប់គ្រងទៅវិញ ។
ស្ត្រីចំណាស់រូបនេះបានបញ្ជាក់ចុងក្រោយថា គ្រួសារគាត់ក៏បានព្យាយាមសុំប័ណ្ណក្រីក្រពីអាជ្ញាធរដែរ តែមិនទាន់ទទួលបាននៅឡើយទេ ។
លោក ឆឹង ចេត មេឃុំសំរោងក្រោម បាននិយាយប្រាប់ឱ្យដឹងថា ការពិនិត្យរបស់លោកមេភូមិក្រាំងដូងមើលឃើញថា ស្ត្រីឈ្មោះ មុំ នីម ជាម្ដាយចិញ្ចឹមកូនប្រុសស្រី(គ-ថ្លង់)មាន៤នាក់នេះ មិនទាន់ធ្លាក់ក្នុងស្ថានភាពក្រីក្រទេ និងម្យ៉ាងទៀត មនុស្សម្នាដែលជាមនុស្សរស់នៅក្នុងគ្រួសារតែមួយ ហើយដោយឡែក២នាក់ប្ដីប្រពន្ធថា ជាមនុស្សគបានកូនស្រីគនេះ អាជ្ញាធរធ្វើប័ណ្ណពិការរួចអស់ហើយ ទុកសម្រាប់មានជំងឺឈឺថ្កាត់អីមិនអស់លុយទេ ។
នៅថ្ងៃទី១០ ខែឧសភា ដដែល ស្ត្រីឈ្មោះ មុំ នីម ត្រូវជាម្ដាយកូនប្រុសស្រីគទាំង៤នាក់ថា គ្រួសារគាត់ ក៏ដូចចៅស្រីគាត់មិនទាន់មានប័ណ្ណអ្វីទាំងអស់ តែសង្ឃឹមថា អាជ្ញាធរនឹងជួយគ្រសារគាត់ដែលលំបាកទុរគតនេះផង ៕

ចែករំលែកព័តមាននេះ