ច្រាំងទន្លេបា.ក់ខ្លាំង! លំនៅឋានពលរដ្ឋ៩ខ្នង ត្រូវបង្ខំចិត្តរុះរើរកកន្លែងសុវត្ថិភាព
- ត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ ស្របពេលដែលទឹកទន្លេមេគង្គ បានបន្តហក់ឡើងមានកម្ពស់១៣,៤០ម៉ែត្រ បានធ្វើឱ្យទឹកហូរចូលព្រែកបឹងបួរនានា ជាមួយនោះ គ្រោះធម្មជាតិបានបង្កឲ្យបាក់ច្រាំងទន្លេដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិកោះត្រែង ឃុំកោះពីរ ស្រុកក្រូចឆ្មារ ដោយមានលំនៅឋានចំនួន៩ខ្នង ត្រូវបានបង្ខំចិត្តរួសរើ បើពុំនោះទេនឹងត្រូវបាក់ស្រុតចូលទន្លេជាក់ជាមិនខាន ។

តាមការឲ្យដឹងពីលោកខូវ អ៊ មេឃុំកោះពីរ បានហើយដឹង នារសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៦ ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទឹកទន្លេបានបន្តឡើងជាប់ដោយចរន្តទឹកហូរមកពីលើបុកចំក្បាលកោះតែម្ដង ដែលជាហេតុធ្វើឲ្យច្រាំងទន្លេបានបាក់សុទ្ធជម្រៅ៥០ ទៅ៦០ម៉ែត្រ និងបណ្ដោយចូលខ្ទង់រយម៉ែត្រ គឺបាក់មកកៀកលំនៅឋានពលរដ្ឋនៅភូមិកោះត្រែង។ ជាមួយនោះ ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ដោយបានត្រូវប្រជាការពារនគរបាល ប្រជាពលរដ្ឋនាំគ្នាជួយរុះរើផ្ទះឈើយ៉ាងញាប់ដៃជើង ព្រោះថា ច្រាំងបាក់ស្ទើរមកដល់ផ្ទះទៅហើយ ។

លោកមេឃុំកោះពីរបានបន្តហើយដឹងទៀតថា ចំពោះផ្លូវបេតុងនៅមាត់ទន្លេដែលប្រើប្រាស់ថវិការបស់មូលនិធិឃុំ ដែលមានប្រវែងជាង១០០ម៉ែត្រ សម្រាប់បង្កលក្ខណៈឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក ។
ទីបំផុត ផ្លូវបេតុងនេះ ត្រូវបានបាក់ស្រុតចូលក្នុងទន្លេពិតជាគួរឲ្យសោកស្ដាយ ក្នុងរយៈពេលពីរបីថ្ងៃនេះ ទឹកទន្លេឡើងខ្លាំងពេក ធ្វើឲ្យច្រាំងបាក់ ហើយពលរដ្ឋបានបង្ខំចិត្តរុះរើផ្ទះសរុបចំនួន៩ខ្នង ដោយក្នុងនោះ មានអ្នកខ្លះជីវភាពខ្វះខាតរុះរើហើយ ត្រូវបានផ្ញើទុកដាក់នៅវត្តអារាម ព្រោះគ្មានដីសម្រាប់នៅហ្នឹងខ្លះទៀតរុះ ហើយលក់ឱ្យពលរដ្ឋដទៃទៀតនៅក្នុងភូមិ ។

ដោយមើលឃើញជួបការលំបាកបែបនេះ ត្រូវបានក្រុមការងារបាននាំយកអំណោយមួយចំនួនរបស់ឯកឧត្តមស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់ជូនដល់ពលរដ្ឋដែលរងគ្រោះដោយបាក់ច្រាំង ដើម្បីសម្រួលការលំបាករបស់ពួកគាត់បានមួយគ្រាផងដែរ ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅឃុំកោះពីរ ស្រុកក្រូចឆ្មារ មានការបាក់ច្រាំងទន្លេមេគង្គ ចំនួន០៣ទីតាំង : ទីតាំងទី១ ចំណុចខាងលើកំពង់ចម្លងចាស់ (កោះត្រែង-ក្រូចសើច) ភូមិកោះត្រែង ឃុំកោះពីរ បាក់ច្រាំងបណ្តោយ៤៥ម៉ែត្រ ជម្រៅ៣៥ម៉ែត្រ ។ ទីតាំងទី២ ចំណុចក្បាលកោះបីពៃ ភូមិបីពៃ ឃុំកោះពីរ បាក់ច្រាំង បណ្ដោយ៣០០ម៉ែត្រ ជម្រៅ៣៥ម៉ែត្រ ។ ទីតាំងទី៣ ចំណុចមុខវត្តបីពៃបាក់ច្រាំងទន្លេបណ្តោយ៥០០ម៉ែត្រ ជម្រៅ៤០ម៉ែត្រ និងបាក់ផ្លូវបេតុងប្រវែង៤០ម៉ែត្រ នៅចំណុចមុខវត្តបីពៃ ។ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១៥គ្រួសារ កំពុងរុះរើមានចំនួន៤ខ្នងផ្ទះ និងត្រៀមរុះរើមានចំនួន១១ខ្នងផ្ទះ។

លោកមេឃុំកោះពីរបញ្ជាក់ថា ចំពោះកត្តាដែលបណ្ដាលឱ្យបាក់ច្រាំងដែលមានសភាពធ្ងន់បែបនេះ គឺដោយសារនៅផ្នែកខាងលើ ត្រង់ចំណុចកំពុងក្របីឃុំពាមជីលាំង គឺខ្សាច់បានដុះធ្វើឱ្យចរន្តទឹកហូរបុកមកចំកោះពីរ ទើបបណ្ដាលឲ្យបាក់យ៉ាងដូច្នេះ ។ ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០២៥ បានបាក់ក្លោងទ្វារបេតុងនៅមាត់ទន្លេ និង២០២៦ គឺបាក់ធ្ងន់តែម្ដង ។
សព្វថ្ងៃ ពលរដ្ឋរស់នៅលើកោះមានចំនួនជាង៦០០គ្រួសារ ស្មើជាង២០០០នាក់ ។ ដោយឡែក នៅព្រឹកថ្ងៃទី២១ សីហា ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរបាននាំគ្នាសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដី ដើម្បីបួងសួងសុំសេចក្តីសុខ ក្រោយសែនឃើញថា ច្រាំងដែលបាក់នោះរាងអន់ថយបន្តិចហើយ ។





ចែករំលែកព័តមាននេះ