ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​អាមេរិក​នឹង​ឈប់​ផ្ដល់​ជំនួយ​យោធា​​៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ត្រឹម​ដំណាច់​ឆ្នាំ​នេះហើយ

13 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​មាន​ប្រសាសន៍​ថា​លោក​ និង​លោ​ក​ណឺតាន់​យ៉ាហ៊ូ​ទើប​តែ​​ព្រម​ព្រៀង​គ្នាដើម្បី​បិទ​បញ្ចប់​ជំនួយ​៤​ពាន់​លាន​ដុល្លារ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ​។ លោក​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ហ្វក់​ (Fox) ថា​អុីស្រា​អែល​លែង​ត្រូវ​ការ​ជំនួយ​ត​ទៅ​ទៀត​ហើយ​ និង​ថា​ក្រុម​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​ និង​ក្រុម​អ្នក​នយោបាយ​ឆ្វេង​និយម​ខ្លះ​​ប្រើ​​ប្រាស់​ការ​ឧបត្ថម្ភ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​អាមេរិក​ដើម្បី​វាយ​ប្រហារ​ក្រុម​សា​ធារណ​រដ្ឋ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ឥឡូវ​នេះ លោក​ណឺតាន់​យ៉ាហ៊ូ​ និង​លោក​​បាន​ព្រម​ព្រៀង​គ្នា​ហើយ​ថា​នៅ​ឆ្នាំ​នេះ​​យើង​ផ្ដល់​ប្រាក់​៤​ពាន់​លាន​ដុល្លារ​ឱ្យ​អុីស្រា​អែល​ ហើយ​យើង​ព្រម​ព្រៀង​គ្នា​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម៉្លេះ​​យើង​នឹង​ឈប់​ផ្ដល់​ជំនួយ​​ត​ទៅ​ទៀត​ហើយ​។

យើង​ឯក​ភាព​គ្នា​ថា​ត្រឹម​ដំណាច់​ឆ្នាំ​នេះ​ យើង​លែង​ផ្ដល់​ប្រាក់​ឱ្យ​អុីស្រា​អែល​ទៀត​ហើយ​។ យើង​នឹង​ជួយ​អុីស្រា​អែល​ប្រសិន​បើ​មាន​សំណូម​ពរ​។ ក្រោយ​ការ​ថ្លែង​ដូច្នេះ ខុទ្ទ​កាល័យ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​រឿង​នេះ​ទេ​។ ម៉្យាង​ទៀត​ គេ​ក៏​មិន​ទាន់​ដឹង​ឱ្យ​ប្រាកដ​ថា​តើ​មូល​និធិ​ណា​ដែល​លោក​ត្រាំ​ចង់​សំដៅ​នោះ​។ ​​សម្រាប់​អនុ​ស្សារណៈ​យោគ​យល់​គ្នារវាង​អុីស្រា​អែល​ និង​អាមេរិក​ដើម្បី​​​ផ្ដល់​ជំនួយ​យោធា​​​៣,៨​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​​ៗ​នោះ​រហូត​ដល់​ចុង​ឆ្នាំ​២០២៨​ទើប​បិទ​បញ្ចប់​​។ ​

ប្រទេស​ទាំង​២​ក៏​បន្ត​ជជែក​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​ជំនួយ​បន្ទាប់​ពី​នោះ​ផង​ដែរ​​។ លោក​ត្រាំ​ថ្លែង​បន្ត​ទៀត​ថា​ពួក​គេ​ចង់​ទិញ​អ្វី​ក៏​បាន​ដែរ​តាម​ចិត្ត​ចង់​, ពួក​អឺរ៉ុប​ក៏​ដូច​គ្នា​​, យើង​ផលិត​អាវុធ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​សាកល​លោក​។ នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​សភា​កាល​ពី​ខែ​មិថុនា លោក​​ណឺតាន់​យ៉ាហ៊ូ​​សរសេរ​រៀប​រាប់​ថា​ពេល​វេលា​បាន​មក​ដល់​ហើយ​សម្រាប់​អុីស្រា​អែល​ដែល​អាច​ចាក​ចេញ​ពី​ក្រុម​ប្រទេស​ទទួល​ជំនួយ​ពី​អាមេរិក​។ មតិ​របស់​ប្រជា​ជន​អាមេរិក​ក្នុង​ការ​គាំទ្រ​អុីស្រា​អែល​ថយ​ចុះ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​សង្គ្រាម​​នៅ​ហ្កា​ហ្សា​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​២០២៣​។ ជា​ពិសេស​ នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ធិបតេយ្យ​។

លទ្ធ​ផល​ស្ទង់​មិត​កាល​ពី​ខែ​មិថុនា​បង្ហាញ​ថា៤៨%​​​នៃ​​ពល​រដ្ឋ​អាមេរិក​ដែល​មាន​សិទ្ធិ​​បោះ​ឆ្នោត និង​៦៦%​​នៃ​ក្រុម​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ជឿ​ជាក់​ថា​អាមេរិក​ហាក់​ដូច​ជា​ជួយ​ជ្រោម​ជ្រែង​អុីស្រា​អែល​ជ្រុល​ពេក​ហើយ​។ ​ទំហំ​នៃ​ការ​​គាំទ្រ​ពី​សំណាក់​​ពលរដ្ឋ​អាមេរិកាំង​គាំទ្រ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ចំពោះ​អុីស្រា​អែល​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​។ បេក្ខ​ជន​អ្នក​តំណាង​រាស្ត្រ​ដែល​រិះ​គន់​អុីស្រា​អែល​តែង​តែ​ឈ្នះ​អាសនៈ​។ សូម្បី​តែ​ក្រុម​អ្នក​តំណាង​រាស្ត្រ​និយម​កណ្ដាល​ក៏​មាន​ទំនោរ​ទៅ​រក​ការ​ផ្ដាច់​ជំនួយ​គាំទ្រ​ចំពោះ​អុីស្រា​អែល​ផង​ដែរ​។ ហេតុ​នេះហើយ​ទើប​បាន​ជា​លោក​ត្រាំ​ថ្លែង​ថា​ក្រុម​ឆ្វេង​និយម​ប្រើ​ប្រាស់​ការ​ផ្ដល់​ជំនួយ​៤​ពាន់​លាន​ដុល្លារ​នោះ​ដើម្បី​វាយ​ប្រហារ​ក្រុម​សា​ធារណ​រដ្ឋ​។ បញ្ហា​នេះ​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ទេ​ វា​ជា​​សញ្ញា​មិន​ស្មើ​ភាព​គ្នា​ ហើយ​យើង​មិន​អនុញ្ញាត​ឱ្យ​បញ្ហា​នេះ​កើត​ឡើង​ទៀត​​ឡើយ​៕ ប្រភព៖ Reuters​