ជាតថភាពប្រវត្តិសាស្ត្រ ដំណើររបស់ប្រទេសចិនពីការតស៊ូបដិវត្តន៍ទៅកាន់ការធ្វើទំនើបកម្មជាតិ គឺជាប្រធានបទដ៏សំខាន់មួយសម្រាប់ការសិក្សាអំពីប្រវត្តិសាស្ត្រ យល់ពីអភិបាលកិច្ច និងដឹងច្បាស់ពីការអភិវឌ្ឍ សេដ្ឋកិច្ចសម័យទំនើប ។

ការផ្លាស់ប្តូរនេះ មិនមែនកើតឡើង ដោយសារកត្តាសេដ្ឋកិច្ចតែមួយមុខទេ ប៉ុន្តែមានទំនាក់ទំនងជាមួយការកែសម្រួលគោលនយោបាយ ការកសាងស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស និងការឆ្លើយតបទៅនឹង បញ្ហាប្រឈមក្នុងប្រទេស និងអន្តរជាតិ ។ «ទូកក្រហមដំបូង» នៅជីងហ៊ូ ខេត្តជឺជាំង ដែលជានិមិត្តរូបនៃសមាជ លើកទី១ របស់បក្សកុម្មុយនិស្តចិន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ តំណាងឱ្យការចាប់ផ្តើមនៃដំណើរប្រវត្តិសាស្ត្រមួយ ដែលបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនដំណាក់កាល ។ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ការកែទម្រង់និងការបើកទូលាយចាប់ពីឆ្នាំ១៩៧៨ រហូតដល់ការជំរុញទំនើបកម្មក្នុង សតវត្សរ៍ទី២១ ប្រទេសចិនបានបន្តស្វែងរកវិធីសាស្ត្រ ដើម្បីបង្កើនសមត្ថភាពផលិតកម្មលើកកម្ពស់ជីវភាពប្រជាជន និងពង្រឹងតួនាទីរបស់ខ្លួនក្នុងសេដ្ឋកិច្ចពិភពលោក។
១-ពី«ទូកក្រហមដំបូង»ទៅកាន់«ការធ្វើទំនើបកម្មជាតិ»
ការសិក្សាប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិនបង្ហាញថា ការអភិវឌ្ឍជាតិជាដំណើរដែលត្រូវការការកែសម្រួលជាបន្តបន្ទាប់ ។ ក្រោយការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ១៩៤៩ ប្រទេសចិនបានចាប់ផ្តើមការកសាងប្រព័ន្ធរដ្ឋបាល សេដ្ឋកិច្ច និងសង្គមថ្មី ។ ដំណើរនេះមានទាំងសមិទ្ធផល និងបទពិសោធន៍ដែលត្រូវកែលម្អ ។ ចាប់ពីឆ្នាំ១៩៧៨ ការកែទម្រង់និងការបើកទូលាយបានក្លាយជាចំណុចរបត់សំខាន់ ដោយផ្តោតលើការលើកកម្ពស់ ផលិតភាព ការពង្រីកពាណិជ្ជកម្ម ការទាក់ទាញទុនវិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យា ។ ការផ្លាស់ប្តូរទាំងនេះ បង្ហាញថា ការធ្វើទំនើបកម្មមិនអាចពឹងផ្អែកតែលើការរក្សាវិធីសាស្ត្រចាស់ៗបានទេ ។ វាត្រូវការការវាយតម្លៃ ស្ថានភាពជាក់ស្តែង ការកែសម្រួលអាទិភាព និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ។
ចក្ខុវិស័យទំនើបកម្ម តាមបែបផែនចិនបានពង្រីកពីការជំរុញកំណើនសេដ្ឋកិច្ចទៅកាន់ការអភិវឌ្ឍដែលផ្តោតលើគុណភាព ការច្នៃប្រឌិត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការការពារបរិស្ថាន និងការលើកកម្ពស់ជីវភាពប្រជាជន ។

ជាទឡ្ហីករណ៍ ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចចិនបានកើនឡើង៥% ដោយផលិតផលក្នុងស្រុកសរុបមានទំហំប្រមាណ១៤០,១៩ទ្រីលានយាន់ ឬប្រមាណ២០,២២ទ្រីលានដុល្លារអាមេរិក ដោយបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោកប្រមាណ៣០% ។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីសមត្ថភាពផលិតកម្មដ៏ទូលំទូលាយ និងការបន្តអភិវឌ្ឍរបស់ប្រទេសចិន ។ ក្នុងដំណាក់កាលបន្ទាប់ ប្រទេសចិនកំពុងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈការពង្រឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអភិវឌ្ឍឧស្សាហកម្មទំនើប ការលើកកម្ពស់ផលិតភាព និងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ រយៈពេល៥ឆ្នាំទី១៥ (២០២៦-២០៣០)។ ទិសដៅទាំងនេះបង្ហាញថា ការតស៊ូដោយផ្តើមចេញពី«ស្មារតីទូក ក្រហម»កាលពី១០៥ឆ្នាំមុន កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងចក្ខុវិស័យ និងនវានុវត្តន៍ដ៏ខ្លាំងក្លា ដើម្បីកសាងអនាគតកាន់តែប្រសើរតាមមាគ៌ាដ៏ប្រពៃនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន ។
២-«ស្វ័យបដិវត្តន៍» និង «ទស្សនវិជ្ជាអភិបាលកិច្ច»
ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការមជ្ឈិមអាណត្តិទី២០ របស់បក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំពេញអង្គលើកទី៥ នៅរដ្ឋធានីប៉េកាំង ។ កិច្ចប្រជុំនេះបានពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍ជាតិ និងការបន្តពង្រឹងការគ្រប់គ្រងបក្សដោយម៉ឺងម៉ាត់ និងទូលំទូលាយ ។ ក្នុងទស្សនៈអភិបាលកិច្ចស្វ័យបដិវត្តន៍របស់បក្ស គឺជាគំនិតដែលសង្កត់ធ្ងន់លើការពិនិត្យកំហុស ការកែសម្រួលវិធីសាស្ត្រគ្រប់គ្រង និងការពង្រឹងវិន័យរបស់ស្ថាប័នដឹកនាំ ។ ការអនុវត្តវិន័យបក្សមិនគួរត្រូវបានយល់ត្រឹមជាការដាក់ទណ្ឌកម្មចំពោះការបំពានទេ ប៉ុន្តែថែមទាំងជាការកំណត់ស្តង់ដារនៃការទទួលខុសត្រូវ ការគ្រប់គ្រងមន្ត្រី និងការប្រើប្រាស់អំណាច ។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយក៏មិនអាចពឹងផ្អែកតែលើយុទ្ធនាការរយៈពេលខ្លីនោះដែរ ។ វាត្រូវការប្រព័ន្ធបទប្បញ្ញត្តិច្បាស់លាស់ ការត្រួតពិនិត្យមានប្រសិទ្ធភាពការបែងចែកភារកិច្ច និងយន្តការដែលធានាថា អ្នកទទួលខុសត្រូវត្រូវបានវាយតម្លៃតាមលទ្ធផលការងារ ។
ចំណុចសំខាន់មួយ គឺការភ្ជាប់វិន័យទៅនឹងលទ្ធផលសម្រាប់ប្រជាជនដោយយក«ប្រជាជនចិន ជាស្នូលអាទិភាព» បង្ហាញថា បក្សកុម្មុយនិស្តចិន ដែលចូលដល់វ័យ១០៥ឆ្នាំដោយមានលោក Xi Jinping ជាស្នូលបានកំណត់ថា «បក្សកើតទុក្ខមុនប្រជាជនចិន ហើយសោយសុខក្រោយវិបុលភាពរបស់ប្រជាជនចិន» ផ្តល់ទិន្នន័យកំណើនសេដ្ឋកិច្ចចិននៃគំរូ «អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» ដែលបានផ្តល់គុណតម្លៃដ៏ខ្ពង់ខ្ពស់របស់បក្សកុម្មុយនិស្តចិនបន្តអត្ថិភាពជាដរាប ក្នុងដួងចិត្តរបស់ប្រជាជនចិន ។
ក្នុងឆ្នាំ២០២៥ អាយុសង្ឃឹមរស់ជាមធ្យមរបស់ ប្រជាជនចិន គឺ ៧៩.២៥ឆ្នាំ ហើយGDP សម្រាប់ប្រជាជនចិនម្នាក់គឺ៩៩,៦៦៥យាន់ ឬស្មើប្រហែល១៣,៩៥៣ ដុល្លារអាមេរិក កើនឡើង៥.១% បើធៀបនឹងឆ្នាំ២០២៤។

៣-«ទំនើបកម្មតាមបែបផែនចិន»បង្កើនកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ
ការធ្វើទំនើបកម្មរបស់ចិនមានទំនាក់ទំនងជាមួយការអភិវឌ្ឍក្នុងតំបន់ តាមរយៈពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរបច្ចេកវិទ្យា។ សម្រាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម កិច្ចសហប្រតិបត្តិការជាមួយចិនអាចបង្កើតឱកាសសម្រាប់ការពង្រីកទីផ្សារ ការកែលម្អប្រព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍធនធានមនុស្ស ។
យោងតាមទិន្នន័យដែលបានផ្សព្វផ្សាយដោយប្រភពចិនទំហំពាណិជ្ជកម្មរវាងចិន និង ប្រទេសមេគង្គទាំង៥ក្នុងឆ្នាំ២០២៥ បានឈានដល់ប្រមាណ៥០០.៩ពាន់លានដុល្លារអាមេរិក ដែលបង្ហាញពីការកើនឡើងជាង១៥០%បើធៀបនឹងទសវត្សរ៍មុន ។ តាមរយៈសូចនាករនេះបង្ហាញពីទំហំទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងប្រទេសទាំង៥តាមដងមេគង្គ ។ ចំពោះកម្ពុជា កិច្ចសហប្រតិបត្តិការអាចជួយបង្កើនសមត្ថភាពដឹកជញ្ជូន ពង្រីកទីផ្សារកសិផល ជំរុញការវិនិយោគផលិតកម្ម និងលើកកម្ពស់ជំនាញវិជ្ជាជីវៈ ។ ក្នុងក្របខណ្ឌកិច្ចសហ ប្រតិបត្តិការឡានឆាង-មេគង្គ ប្រភពចិនបានរាយការណ៍ថា គិតត្រឹមឆ្នាំ២០២៥ មានគម្រោងចំនួន១០៨ ដែលបានទទួលការគាំទ្រនៅកម្ពុជា ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការនេះក្នុងវិស័យដូចជា ការកាត់បន្ថយភាព ក្រីក្រ ការដោះមីន ការអប់រំ និងសុខាភិបាល ។
ជាការសន្និដ្ឋាន ពី«ទូកក្រហមដំបូងនៅឆ្នាំ១៩២១» រហូតដល់ការជំរុញទំនើបកម្មក្នុងសតវត្សរ៍ទី២១ ដំណើររបស់បក្សកុម្មុយនិស្តចិនបង្ហាញយ៉ាងប្រត្យក្សពីទំនាក់ទំនងរវាងប្រវត្តិសាស្ត្រ ការកែទម្រង់ស្ថាប័ន និងការរៀបចំគោលនយោបាយអភិវឌ្ឍជាតិ ។ ទិន្នន័យGDP ពាណិជ្ជកម្មឡានឆាង-មេគង្គ និងគម្រោងសហប្រតិបត្តិការនៅកម្ពុជាផ្តល់មូលដ្ឋានសម្រាប់ពិចារណាអំពីទិសដៅអភិវឌ្ឍ និងទំនាក់ទំនងក្នុងតំបន់ ។
ការធ្វើបដិវត្តន៍បង្កើតការផ្លាស់ប្តូរ ការធ្វើកំណែទម្រង់បង្កើតសមត្ថភាពក្នុងការកែតម្រូវ ហើយការធ្វើទំនើបកម្មត្រូវបង្ហាញតាមរយៈលទ្ធផលជាក់ស្តែងសម្រាប់សង្គម ។ នេះជាខ្សែស្រឡាយគំនិតសំខាន់ដែលភ្ជាប់ប្រវត្តិសាស្ត្ររបស់ចិនទៅនឹងទស្សនវិស័យ អភិបាលកិច្ច និងការអភិវឌ្ឍស្របតាមយុគសម័យជាក់ស្តែង ការសម្រេចបានគោលដៅខួប១០០ឆ្នាំលើកទី១ ក្នុងការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ និងការបន្តជំរុញកំណើនសេដ្ឋកិច្ច បានបង្កើតមូលដ្ឋានសម្រាប់ការឈានទៅរកគោលដៅខួប១០០ឆ្នាំ លើកទី២នៃការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន ។ បក្សកុម្មុយនិស្តចិនមានចក្ខុវិស័យច្បាស់លាស់ សាមគ្គីភាព ការច្នៃប្រឌិត និងការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន ។ តាមរយៈការបន្តអភិវឌ្ឍន៍ប្រកបដោយគុណភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសចិនអាចបន្តរួមចំណែកដល់ការអភិវឌ្ឍសកល និងការកសាងអនាគតប្រកបដោយវិបុលភាព និងចីរភាពសម្រាប់មនុស្សជាតិក្រោមទម្រដ៏រឹងមាំនៃ«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ» ៕
អត្ថបទដោយលោក បណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
ចែករំលែកព័តមាននេះ