ទោះមិនស្ថិតក្នុងផ្លូវដើរព្យុះ «អ៊ីនហ្វា»! ពិនិត្យមើលរាជធានី-ខេត្តទាំងឡាយណាខ្លះត្រូវត្រៀមខ្លួនទទួលភ្លៀង និងខ្យល់កន្ត្រាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទោះមិនស្ថិតក្នុងផ្លូវដើរព្យុះ «អ៊ីនហ្វា»! កម្ពុជានឹងជួបការប្រែប្រួលអាកាសធាតុ ចាប់ពីថ្ងៃទី៤ ដល់ទី៦ វិច្ឆិកា ។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះថា ៖ ព្យុះទី៣១ ឈ្មោះ អ៊ីនហ្វា(In-fa)T2631 បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ អ៊ីនហ្វា នេះទេ ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖
១- តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០% ។

២- តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី ។ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ប៉ៃលិន ក្រចេះ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវ៉ាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។

៣- តំបន់មាត់សមុទ្រ ៖សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។ ដោយឡែកចំពោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ៕

ចែករំលែកព័តមាននេះ