ទីក្រុងតេអេរ៉ង់៖ អាមេរិកចាប់ផ្ដើមវាយប្រហារទៅលើទីតាំងមួយចំនួនរបស់អុីរ៉ង់នៅច្រកសមុទ្រហ័រម៉ូសជាបណ្ដើរៗហើយតាំងពីមុនពេលបោះឆ្នោតសភាទៅទៀត។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអាមេរិកម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះ។ ទូរទស្សន៍របស់រដ្ឋអុីរ៉ង់ផ្សាយថាគេស្ដាប់ឮសំឡេងផ្ទុះនៅលើកោះកេសឹម (Qeshm)។ មន្ត្រីខាងលើនេះថ្លែងបន្តទៀតថាអាមេរិកវាយប្រហារលើកនេះគឺចង់សំដៅលើយោធាអុីរ៉ង់ដែលវាយប្រហារដោយមីស៊ីលទៅលើទ្រព្យសម្បត្តិរបស់អាមេរិកនៅមជ្ឈិមបូព៌ា។ ការវាយប្រហាររបស់អាមេរិកលើកនេះមានកម្រិតតូចល្មមព្រោះមិនចង់វិលទៅរកការប្រឈមមុខគ្នាទ្រង់ទ្រាយធំដូចកាលពីមុនទៀត។ លោកត្រាំទើបតែនិយាយកាលពីមុននេះថាលោកមិនចាត់ការអុីរ៉ង់ទេ ត្រូវរង់ចាំដល់ការបោះឆ្នោតសភារួចរាល់ជាមុនសិន។

បញ្ហាមួយចំនួនអាចជាចំណុចខ្សោយរបស់លោកត្រាំ និងគណបក្សសាធារណរដ្ឋរបស់លោក។ ក្នុង នោះមានដូចជាសង្គ្រាមអុីរ៉ង់ដែលមិនសូវមានប្រជាប្រិយភាព ការឡើងថ្លៃនៃសាំង និងម៉ាស៊ូត និងបញ្ហាសេដ្ឋកិច្ចមួយចំនួនទៀត។ គោលដៅរបស់គណបក្សនេះគឺចង់គ្រប់គ្រងរដ្ឋសភា និងព្រឹទ្ធសភាជាបន្តទៀត។ ប៉ុន្តែមិនទាន់ដឹងថាតើអាចទៅរួចឬអត់។ តំបន់មជ្ឈិមបូព៌ាស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមពេញបន្ទុកសាជាថ្មី។ ការវាយប្រហារលើកចុងក្រោយនេះត្រូវបានចុះផ្សាយមុនគេដោយសារព័ត៌មានវ៉លស្ទ្រីតជើណល (Wall Street Journal) ហើយច្បាស់ណាស់ថានឹងបង្កការព្រួយបារម្ភជាថ្មីម្ដងទៀត។

ទន្ទឹមនឹងនោះ ការចរចាគ្នាពីក្រោយវាំងននក៏ចេះតែបន្ត។ អុីស្រាអែល និងប្រទេសខ្លះនៅមជ្ឈិមបូព៌ាព្យាយាមនិយាយបញ្ចុះបញ្ចូលលោកដូណាល់ត្រាំដើម្បីបិទបញ្ចប់សង្គ្រាមដែលក្រឡុកទីផ្សារពិភពលោក និងធ្វើឱ្យអុីរ៉ង់កាន់តែហិនហោច។ គេដឹងថារដ្ឋាភិបាលរបស់លោកត្រាំវាយប្រហារអុីរ៉ង់លើកក្រោយកាលពីដើមខែកញ្ញា។ គិតទៅឃ្លាតជិត២ខែហើយ។ ប៉ុន្តែទាហានអាមេរិករាប់ពាន់នាក់នៅបន្តរក្សាវត្តមានរបស់ខ្លួនជុំវិញដែនសមុទ្រអុីរ៉ង់ដើម្បីអនុវត្តវិធានការបិទខ្ទប់មិនឱ្យកប៉ាល់បើកចេញចូលកំពង់ផែប្រទេសនេះបាន។

នាវាដឹកយន្តហោះទីបីរបស់អាមេរិក និងទាហានរាប់ពាន់នាក់ទៀតកំពុងធ្វើដំណើរទៅមជ្ឈិមបូព៌ា។ មុនការទទួលស្គាល់ថាពិតជាមានការវាយប្រហារនេះមែន អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន បង្ហាញសុទិដ្ឋិនិយមថាអាចនឹងមានកិច្ចព្រមព្រៀងជាមួយអុីរ៉ង់។ លោកវេនបានផ្ញើលិខិតមួយច្បាប់ជូនប្រធានសន្តិសុខអុីរ៉ង់ លោកម៉ាសេន រ៉េហ្សាអេ (Mohasen Rezei) កាលពីសប្ដាហ៍មុន។ ប៉ុន្តែសេតវិមានមិនបានបរិយាយលម្អិតអំពីបញ្ហានេះទេ។ លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានលិខិតនោះផ្ដោតសំខាន់លើការផ្ដល់ជំនួយសុខាភិបាល និងកិច្ចការដទៃទៀតសម្រាប់អុីរ៉ង់៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ