ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី និងលីប៊ី ពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងភាពជាដៃគូយុទ្ធសាស្ត្រថ្មី

1 ម៉ោង មុន

រុ​ស្ស៊ី-​លី​ប៊ី ៖ ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​លី​ប៊ី​ និង​រុ​ស្ស៊ី ជា​កម្មវត្ថុ​នៃ​ការ​ពិភាក្សា​គ្នា​នៅ​ក្រុង​មូ​ស្គូ នា​ឱកាស​ទស្សនកិច្ច​របស់​ឧត្ដមសេនីយ​សា​ដាម​ហា​ហ្វ​តា​ អគ្គមេបញ្ជាការ​រង​នៃ​កងទ័ព​ជាតិ​លី​ប៊ី​ ដែល​ត្រួតត្រា​ភាគ​ខាងកើត​ប្រទេស​នេះ​។
ជាមួយ​បណ្ដា​មេដឹកនាំ​រុ​ស្ស៊ី​​​​ អគ្គមេបញ្ជាការ​រង​នៃ​កងទ័ព​ជាតិ​លី​ប៊ី​រូប​នោះ បាន​ពិភាក្សា​គ្នា​ពី​ការ​ជួយ​បណ្ដុះបណ្ដាល​បណ្ដា​មន្ត្រី​យោធា ជួយ​ពង្រឹងសមត្ថភាព​រៀបចំ​ការ​ប្រយុទ្ធ​សម្រាប់​កងទ័ព​លី​ប៊ី​ ។

តាម​កងទ័ព​ជាតិ​លី​ប៊ី​ថា នេះ​ជា​ការ​ពង្រឹង​ទំនាក់​ទំំ​ន​ង​ភាតរភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង​២​ ។ តាម​បណ្ដាញ​សង្គម​FACEBOOK អគ្គមេបញ្ជាការ​រង​រូប​នោះ​លើក​ឡើង​ទៀត​ថា ការ​ពិភាក្សា​គ្នា​នោះ​ បើកផ្លូវ​ទៅ​រក​ភាព​ជា​ដៃគូ​យុ​ទ្ថ​សាស្ត្រ​រវាង​ប្រទេស​ទាំង​២ ដែល​នឹង​បម្រើ​ផលប្រយោជន៍​រួម ហើយ​ជួយ​ទ្រទ្រង់់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​នានា​សំដៅ​ថែរក្សា​សន្តិសុខ​និង
​ស្ថេ​រ​ភាព​តំបន់​។ ការ​ជួប​គ្នា​នោះ​ ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ផ្លែផ្កា និង​អាច​គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​លី​ប៊ី​-
​រុ​ស្ស៊ី​​ក្នុង​វិស័យ​ច្រើន​ទៀត​ ។

ចំណែក​ប្រធានាធិបតី​រុ​ស្ស៊ី​​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន​វិញ បាន​សរសើរ​ដល់​តួនាទី​របស់​កងទ័ព​ជាតិ​លី​ប៊ី ក្នុង​ការ​ថែរក្សា​សន្តិសុខ​និង​ស្ថេ​រ​ភាព​នៅ​លី​ប៊ី​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​កងទ័ព​នោះ​ដើម្បី​អភិវឌ្ឍ​និង​ពង្រឹងសមត្ថភាព​របស់​កងទ័ព​ដែល​ត្រួតត្រា​ភាគ​ខាងកើត​លី​ប៊ី​ ។ ក្រុង​មូ​ស្គូ​អះអាង​ជា​ថ្មី​ម្ដងទៀត ពី​មការ​ជួយ​ទ្រទ្រង់​របស់​ខ្លួន​ដល់​បណ្ដា​ការ​ខិតខំ​ប្រឹងប្រែង ដែល​សំដៅ​បង្រួប​បង្រួម​បណ្ដា​ស្ថាប័ន​លី​ប៊ី ពង្រឹង​ស្ថេ​រ​ភាព​និង​ថែរក្សា​បូរណភាព​ដែនដី​លី​ប៊ី​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​ស៊ី​វិល ចាប់តាំងពី​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី​មក​ ។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុង​មូ​ស្គូ​បាន​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋអំណាច​ភាគ​ខាងកើត​លី​ប៊ី ត្រួតត្រា​ដោយ​សេនាប្រមុខ​ហា​ហ្វ​តា​ដោយ​ជួយ​ទាំង​នយោបាយ​និង​សម្ភារ​ ។ ក្រុង​មូ​ស្គូ​បាន​បង្កើត​មូលដ្ឋាន​យោធា​នៅ​ក្រុង​បេន​ហ្គា​ហ្ស៊ី​ និង​នៅ​ភាគ​ខាងត្បូង​លី​ប៊ី​ ។ វត្តមាន​នោះ​អាច​ឲ្យ​រុ​ស្ស៊ី​​ការពារ​ផលប្រយោជន៍​យុទ្ធសាស្ត្រ​យោធា​និង​សេដ្ឋកិច្ច នៅ​ទ្វីបអាហ្វ្រិក​។
ទស្សនកិច្ច​របស់​ឧត្ដមសេនីយ​សា​ដាម​ហា​ហ្វ​តា​នៅ​រុ​ស្ស៊ី​ ធ្វើ​ឡើង​ក្នុង​ពេល​កំពុង​មាន​បញ្ហា​ក្នុង​ប្រទេស​លី​ប៊ី​។

នា​ខូ​ប​លើក​ទី​១៥​នៃ​ការ ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី​ដែល​របប​នោះ​ធ្លាប់​ធ្វើ​ឲ្យ​លី​ប៊ី​រុងរឿង​ខ្លាំង អាច​ជួយ​ដល់​បណ្ដា​ប្រទេស​​អា​រ៉ាប់​ផ្សេង​ៗ​ពិសេស​ពួក​ប៉ា​ឡេ​ស្ទី​ន អំពើ​ហិង្សា​នានា​នៅ​តែ​កើត​មាន​ជាប់​រដឹក​ទាំង​នៅ​ភាគ​ខាងកើត​ទាំង​នៅ​ភាគ​ខាងលិច​ប្រទេស​នេះ​។ នៅ​ក្រុង​បេន​ហ្គា​ហ្ស៊ី​ឧត្តម​សេនីយ​ម៉ា​ន​ស៊ូ​រី ​ប្រមុខ​ភ្នាក់ងារ​ស៊ើប​ការណ៍​របស់​សេនាប្រមុខ​ខា​លី​ហ្វា​ហ្វា​ហ្វ​តា​ត្រូវ​គេ​ធ្វើឃាត​ ។

នៅ​ភាគ​ខាងលិច​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​ដែល​អន្តរជាតិ​ទទួលស្គាល់ មានការ​វាយប្រហារ​ដោយ​ដ្រូ​ន​សំដៅ​ទីតាំង​ថាមពល​សំខាន់​នៅ​ហ្សា​វី​យ៉ា​ខណៈ​លី​ប៊ី​ត្រូវ​បាន​ពុះ​ចែក​ដែនដី​ត្រូ​ត​ត្រា​ជា​២ ដោយ​ប៉ែក​ខាងកើត​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​មួយ ហើយ​រដ្ឋាភិបាល​មួយទៀត​ដែល​កាន់កាប់​រដ្ឋធានី​ទ្រី​ប៉ូ​លី ជា​អ្នកត្រួតត្រា​ភាគ​ខាងលិច​ប្រទេស​៕