ឃាត់ខ្លួនបុរស០២នាក់ពីបទជួញដូរគ្រឿ.ងញៀ.នដោយខុសច្បាប់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ជនសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដោយខុសច្បាប់ចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ថែមទាំងរឹបអូសបានវត្ថុតាងមួយចំនួនផង កាលពីរសៀលថ្ងៃទី២០ សីហា នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខណៈពេលដែលជនទាំង០២នាក់កំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។

របាយការណ៍អធិការស្រុកសំពៅលូនបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះ ម្នាក់ឈ្មោះ មៀន ធី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិ-ឃុំកើតហេតុ និងម្នាក់ទៀត ឈ្មោះស៊ីម សល់ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅ
លូន ។ ជនសង្ស័យ ត្រូវបានកម្លាំងល្បាតនៃអធិការស្រុកសំពៅលូន ឃាត់ខ្លួនពេលពួកគេកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀននេះជាក់ស្ដែង ។

ជាមួយនឹងការឃាត់ខ្លួន មន្ត្រីជំនាញក៏បានដកហូតវត្ថុតាងថ្នាំញៀនប្រភេទ «ម៉ាទឹកកក» បានចំនួន០១ថង់ និងមានថ្នាំខ្លះច្រកក្នុងទុយោដាច់ដោយឡែកផ្សេងទៀត ម៉ូតូ០១គ្រឿងសម្រាប់ជិះប្រព្រឹត្តបទល្មើស និងសម្ភារសម្រាប់វេចខ្ចប់មួយចំនួនផង ។

លោក ទឹម វិឆ័យ បានសរសេរក្នុងបរាយការណ៍ថា ជនសង្ស័យទាំង០២នាក់នេះ ជាមុខសញ្ញាជូញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋានដែលមន្ត្រីជំនាញតែងតាមដានសកម្មភាពពួកគេជាប្រចាំ ។

លោកថា នៅថ្ងៃកើតហេតុ ដោយកម្លាំងបានចេញល្បាត ដើម្បីតាមដានមុខសញ្ញា ក៏កំណត់បានថា ពួកគេកំពុងប្រព្រឹត្តបទល្មើស ទើបកម្លាំងឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ហើយថែមទាំងហូតបានវត្ថុតាងជាក់ស្ដែងតែម្ដង ។ ពេលនេះលោកស្នងការខេត្តបានបញ្ជាឲ្យមន្ត្រីជំនាញបញ្ជូនពួកគេទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ ៕

ចែករំលែកព័តមាននេះ