ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អា​ពស់វែក​ដើរ​លួច​មាន់ ​និង​កាត់​ខ្សែភ្លើង​ ពេល​ឆែក​ឆេរ​បែរជា​រក​ឃើញ​រក្សា​ទុក​គ្រឿ.ង.ញៀ.ន        

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖​ អា​«​ពស់វែក​» គឺជា​រហស្សនាម​បុរស​ម្នាក់​ដែល​មាន​អាជីព​ «​លួច​និងជួញ​ដូរ​ថ្នាំ​ញៀន​» ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៩ សីហា នៅ​ភូមិ​បឹង​ព្រីង  ឃុំ​បឹង​ព្រីង  ស្រុក​ថ្មគោល  ជាមួយនឹង​វត្ថុ​តាង​ «​សត្វ​មាន់​ជា​ច្រើន​ក្បាល និង​ខ្សែភ្លើង​ជា​ច្រើន​ខ្សែ ថែម​ទាំង​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​» មួយ​ចំនួន​ទៀត ​។

តាម​រយៈ​របាយ​ការ​ណ៍​​អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​ថា  ជនសង្ស័យ​​ឈ្មោះ ថា សុខ​ធា ហៅ​អា​ពស់វែក ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ  រស់នៅ​ភូមិ​អូរ​ញ  ឃុំ​បឹង​ព្រីង  ស្រុក​ថ្មគោល​ ។   ជន​នេះ​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ «​ចោរកម្ម​» យ៉ាង​សកម្ម​​នៅ​ក្នុង​មូលដ្ឋាន  និង​​ថែម​មុខរបរ​បន្ទាប់បន្សំ​មួយទៀត «​ជួ​ញ​ដូរ​គ្រឿងញៀន​»  រហូត​អ្នក​ភូមិ​ផ្ដល់​រហស្ស​នាម​ហៅ​ថា  «​អា​ពស់វែក​» ​។

​លោក សេង លុ​ច បាន​បញ្ជាក់​ថា  ជនសង្ស័យ​ម្នាក់​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​តាម​បណ្ដឹង​ជន​រង​គ្រោះជា​ច្រើន​នាក់ ដែល​បាន​ប្ដឹង​ចោទប្រកាន់​ជន​នេះ​ពី​រឿង ​«​លួច​មាន់ លួច​កាត់​ខ្សែភ្លើង និង​មង សំណាញ់​» ប៉ុន្តែ​ពេល​ត្រួត​ពិនិត្យ និង ឆែក​ឆេរ ក៏​រក​គ្រឿងញៀន​បន្ថែម​ទៀត  ដែល​ជន​នេះ​លាក់​ទុក​ជាប់​ខ្លួន ​។

​លោក​បាន​បញ្ជាក់​ថា  បើ​យោង​តាម​ការ​ឆ្លង​យោបល់​លោក​ព្រះរាជអាជ្ញា «​អា​ពស់វែក​» នេះ​ អាច​ប្រឈម​នឹង​បទ​ចោទ​ចំនួន​០២​ករណី គឺ «​ចោរកម្ម​និង​ជូ​ញ​គ្រឿងញៀន​ដោយ​ខុសច្បាប់​»​ ។

​អា​«​ពស់វែក​» ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ជនសង្ស័យ​រូប​នេះ  ដែល​ទំនង​ផ្ដើម​ចេញពី​សកម្ម​ភាព​ប្រព្រឹត្ត​អំពើ​ «​ទុច្ចរិត​» មិន​ឈប់​ឈរ​នៅ​ក្នុង​មូលដ្ឋាន​ ។  ជា​ពិសេស ​ការ​ប្រព្រឹត្ត​អំពើ​ «​ចោរកម្ម​មិន​រើសមុខ  អម​ជាមួយនឹង​ការ​ជួ​ញ​ដូរ​គ្រឿងញៀន​»​ផង ​។

​ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​៖  ១-​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៤​ថង់  ២-​សម្ភារៈ​ប្រើប្រាស​ថ្នាំ​ញៀន​មួយ​ចំនួន​ ។ ​ក្រៅពី​ថ្នាំ​ញៀន សមត្ថកិច្ច​ដកហូត​បានសត្វ​មាន់​ជា​ច្រើន​ក្បាល ខ្សែភ្លើង​ចំនួន​០២​ដុំ មង​និង​សំណាញ់  រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

​ប៉ុន្តែ​បើ​តាម​លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល​បាន​បញ្ជាក់​ថា  អា​«​ពស់វែក​»  អាច​​នឹង​ប្រឈម​បទចោទប្រកាន់​ចំនួន​០២​ដូច​ខាងលើ​ ។ ​លោក​បន្ថែម​ថា ​ជា​អ​ទិ​ភាព សំណុំរឿង​គ្រឿងញៀន​ត្រូវ​បាន​ចោទ​ក្នុង​បទល្មើស​ដែល​ជន​នេះ​ បាន​ប្រព្រឹត្ត​ជាក់ស្ដែង   ហើយ​បូក​បន្ថែម​សំណុំរឿង​មួយ​ដាច់​ដោយឡែក​ទៀត​គឺ​អំពើ​«​ចោរកម្ម​» ​។   ពេល​នេះ​ឈ្មោះ ថា សុខ​ធា  ហៅ​អា​ពស់វែក ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ ​៕