ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ព្រ.មា.ន​អង់​គ្លេស និង​បារាំង​ដែល​ចង់​បញ្ជូន​នាវា​ចម្បាំង​ទៅ​ក្បែរ​ច្រក​ហ័រ​ម៉ូស

3 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់៖ ថ្មី​ៗ​នេះ​ប្រទេសអ៊ីរ៉ង់​ចេញ​សេចក្ដី​ព្រមាន​ទៅ​បារាំង និង​អង់គ្លេស​ដែល​ចង់បញ្ជូន​​នាវា​ចម្បាំង​​ទៅ​ក្បែរ​ច្រក​ហ័រ​ម៉ូស​។ ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់​ លោក​កា​សឹម ការីបាបាឌី (Kazem Gharibabadi) ថ្លែង​ថា​ប្រទេសទាំង​នោះ​បើ​ហ៊ាន​ធ្វើ​ដូច្នេះមែន​នឹង​ត្រូវ​ទទួល​​រង​ការ​ឆ្លើយ​តប​ជា​បន្ទាន់ និង​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​។…

ទី​ក្រុង​តេ​អេរ៉ង់៖ ថ្មី​ៗ​នេះ​ប្រទេសអ៊ីរ៉ង់​ចេញ​សេចក្ដី​ព្រមាន​ទៅ​បារាំង និង​អង់គ្លេស​ដែល​ចង់បញ្ជូន​​នាវា​ចម្បាំង​​ទៅ​ក្បែរ​ច្រក​ហ័រ​ម៉ូស​។ ឧប​នាយក​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់​ លោក​កា​សឹម ការីបាបាឌី (Kazem Gharibabadi) ថ្លែង​ថា​ប្រទេសទាំង​នោះ​បើ​ហ៊ាន​ធ្វើ​ដូច្នេះមែន​នឹង​ត្រូវ​ទទួល​​រង​ការ​ឆ្លើយ​តប​ជា​បន្ទាន់ និង​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​។ លោក​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​ច្រក​សមុទ្រ​ហ័រ​ម៉ូស​មិន​មែន​ជា​របស់​ប្រទេស​ដទៃ​ក្រៅ​ពី​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ​។ នេះ​ជា​ច្រក​ផ្លូវ​ទឹក​ដ៏​សំខាន់​ភ្ជាប់​ទៅ​រដ្ឋ​ជា​ច្រើន​នៅ​តាម​ដែន​សមុទ្រ​។ អ៊ីរ៉ង់​មាន​សិទ្ធិ​អធិប​តេយ្យ​លើ​ច្រក​សមុទ្រ​នេះ​ ហើយ​និង​មាន​សិទ្ធិ​ចាត់​ចែង​ច្រក​នេះ​ក្នុង​នាម​ជា​រដ្ឋ​ជាប់​មាត់​សមុទ្រ​។

លោក​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​យើង​សូម​ក្រើន​រំលឹក​ពួក​គេ​មិនថា​នៅ​ក្នុង​ពេល​មាន​សង្គ្រាម ឬ​ពេល​មាន​សន្តិ​ភាព​ទេ​ មាន​តែ​អ៊ីរ៉ង់​មួយ​គត់​ដែល​អាច​បង្កើត​ប្រព័ន្ធ​សន្តិ​សុខ​នៅ​ក្នុង​ច្រក​សមុទ្រ​​នេះ​ ហើយ​អ៊ី​រ៉ង់​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ​ជ្រៀត​ជ្រែក​នៅ​ក្នុង​កិច្ច​ការ​នេះ​ជា​ដាច់​ខាត​។ អ៊ីរ៉ង់​សូម​សង្កត់​ធ្ងន់​ថា​វត្ត​មាន​នៃ​នាវា​ចម្បាំង​របស់​បារាំង​ និង​អង់​គ្លេស​ ឬ​នាវា​របស់​ប្រទេស​ដទៃ​ទៀត​ដែល​ចូល​រួម​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ជា​មួយ​អាមេរិក​នៅ​ច្រក​ហ័រ​ម៉ូស​នឹង​ត្រូវ​ទទួល​រង​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​ពី​សំណាក់​យោធា​អ៊ីរ៉ង់​។​

លោក​ការី​បាបាឌី​ប្រកាស​ថា​ការ​ដាក់​ពង្រាយ​នាវា​ពិឃាត​របស់​ប្រទេស​ដទៃ​ក្រៅ​ពី​តំបន់​មជ្ឈិម​បូព៌ា​នៅ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ក្រោម​លេស​ថា​ដើម្បីការ​ពារ​នាវា​ដឹក​ទំនិញ​នោះ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ចង់​បង្ក​បញ្ហា​, ចង់​ធ្វើ​យុទ្ធោ​ប​នីយ​កម្ម​នៅ​លើ​ច្រក​ផ្លូវ​ទឹក​ដ៏​សំខាន់​មួយ​នេះ និង​ចង់​​ប៉ុន​ប៉ង​បិទ​បាំង​ឫស​គល់​ពិត​ប្រាកដ​នៃ​បញ្ហា​អសន្តិ​សុខ​នៅ​ក្នុង​តំបន់​នោះ​ឡើយ​។ លោក​ថា​បញ្ហា​សន្តិ​សុខ​លំហ​សមុទ្រ​មិន​អាច​ធានា​បាន​តាម​រយៈ​ការ​ដាក់​ពង្រាយ​កម្លាំង​យោធា​នោះ​ទេ​។

ការ​ថ្លែង​ដូច​ខាង​លើ​នេះ​បន្ទាប់​ពីអង់​គ្លេស​ និង​បារាំង​ប្រកាស​អំពី​ផែន​ការ​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ទៅ​ក្បែរ​ច្រក​ហ័រ​ម៉ូស​ដោយ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតិ​ខំ​ប្រឹង​ប្រែង​ជា​ពហុ​ជាតិ​ដើម្បី​អម​ដំណើរ​កប៉ាល់​ដឹក​ទំនិញ​ឆ្លង​កាត់​ច្រក​នេះ​។ ​ប៉ុន្តែ​ច្រក​នេះ​នៅ​តែ​បិទ​ជិត​ឈឹង​ដដែល​។ មាន​​តែ​កប៉ាល់​តិច​តួច​ជា​ទី​បំផុត​ដែល​អាច​បើក​កាត់​ទី​នេះ​ដោយ​សុវត្ថិ​ភាព​។ ឧទាហរណ៍ កប៉ាល់​ដឹក​ហ្គាស​មួយ​គ្រឿង​របស់​ប្រទេស​កាតា​ទើប​តែ​បើក​កាត់​ច្រក​នេះ​​សំដៅ​ទៅ​ប្រទេស​ប៉ាគីស្ថាន​ដោយ​មាន​ការ​យល់​ព្រម​ពី​អ៊ីរ៉ង់​៕ ប្រភព៖ ញូស្វីក (Newsweek) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ