ខេត្តកំពង់ស្ពឺ ៖ កម្លាំងជំនាញនឹងធ្វើការឃាត់ពិនិត្យរាល់យានយន្តដែលកែច្នៃខុសពីឯកសារផ្លូវការដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។
ជាក់ស្តែងបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសនាពេលថ្មីនេះថា ៖ លោកបានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត រឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ។
ដោយអនុវត្ដតាមបទបញ្ជាការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ណែនាំដល់កំលាំងផែនការងារសណ្ដាប់ធ្នាប់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្ដវិធានការច្បាប់ចំពោះមធ្យោបាយយានគ្រប់ប្រភេទ ដែលកែច្នៃលក្ខណៈបច្ចេកទេសខុសពីឯកសារផ្លូវការចេញដោយក្រសួងសាធារណការ បណ្ណសម្គាល់ទោចក្រយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ដ) ករណីឃាត់ពិនិត្យឃើញថា មធ្យោបាយមួយចំនួនខុសពី ឯកសារ ឬកែច្នៃខុសលក្ខណៈបច្ចេកទេសត្រូវឃាត់ទុកដើម្បីធ្វើការត្រួតពិនិត្យនិងអនុវត្ដតាមនីតិវិធី ។
ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានស្នើដល់ម្ចាស់យានគ្រប់ប្រភេទ ត្រូវអនុវត្ដតាមគោលការណ៍ច្បាប់ក្នុងប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទបំរើដល់អាជីវកម្ម និងបទដ្ឋានយាន ដើម្បីបញ្ជៀសនូវការរងទណ្ឌកម្មផាកពិន័យ និងខកខានពេលវេលាក្នុងការរកស៊ីប្រចាំថៃ្ង ៕


ចែករំលែកព័តមាននេះ